ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​កូនចៅ​និយាយ​មិន​ស្តាប់ ​ទាញ​កាំបិត​បុ័ងតោ​គប់​បណ្តាល​ឲ្យ​បែកក្បាល

សៀមរាប​ ៖​ សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា លោក​សារិទ្ធ បញ្ញា អធិការរង​នគរបាល​ក្រុង​សៀមរាប​ទទួលបន្ទុក​កិច្ចការ​ប៉ុស្តិ៍ បាន​ទាញ​កាំបិត​បុ័ងតោ​គប់​ទៅលើ​កូនចៅ​របស់​ខ្លួន​បណ្តាល​ឲ្យ​បែកក្បាល​នោះ​គឺ​មកពី​និយាយ​ណែនាំ​កូនចៅ​មិន​ស្តាប់​។ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​២០​និង​៤៥​នាទី ថ្ងៃទី​១៩ ខែតុលា ឆ្នាំ​២០១៨ ក្នុង​អធិការ​នគរបាល​ក្រុង​សៀមរាប​។

សេចក្តី​រាយការណ៍​មួយ​បាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​លោក​អធិការរង​នគរបាល​ក្រុង​សៀមរាប ឈ្មោះ លោក​សារិទ្ធ បញ្ញា ទទួលបន្ទុក​កិច្ចការ​ប៉ុស្តិ៍ បាន​ស្រវឹង​ជោគជាំ ប្រើ​អំពើ​ហិង្សា​លើ​កូនចៅ បណ្តាល​ឲ្យ​បែកក្បាល​ដេរ​៣ ថ្នេរ​មែន​។ ​ប្រភព​បន្ត​ថា ជនរងគ្រោះ​មានឈ្មោះ លីវ សុឈុន​លេង ភេទ​ប្រុស អាយុ២៨ឆ្នាំ មុខងារ​ជា​នាយរង​ផ្នែក នៃ​អធិការ​ក្រុង​។

នៅពេល​កើតហេតុ​គឺជា​វេន​របស់​ជនរងគ្រោះ​យាម​ប្រចាំការ កំពុង​អង្គុយ​ផឹកស៊ី​ប្រចាំការ​នៅ​អធិការ​ក្រុង​សៀមរាប តាម​វេន​របស់​ខ្លួន ស្រាប់តែ​លោក​អធិការរង​ខាងលើ បាន​ស្រវឹង​ជោកជាំ​មិនដឹង​មកពីណា​ទេ បាន​ប្រើ​ពាក្យ​សម្តី​មិន​សមរម្យ​មក​លើ​ជនរងគ្រោះ​។

ពេលនោះ​ក៏បាន​ប្រកែក​គ្នា​បន្តិចបន្តួច​លោក​អធិការរង​ខឹង​ក៏​ទាញ​កាំបិត​ដែល​នៅ​ជិត​ខ្លួន​គប់​មក​លើ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែកក្បាល​រយះ​ហូរ​ចេញឈាម​ភ្លាមៗ​ពេលនោះ​ជនរងគ្រោះ​មិនបាន​តបត​វិញ​ទេ​ហើយ​ដើរចេញ​ទៅ​រក​ពេទ្យ​ដើម្បី​ព្យាបាល​របួស​តែម្តង​។ ចំណែក​ប្រភព​មួយទៀត​បាន​ឲ្យ​ដឹងថា រឿងរ៉ាវ​នេះ​វា​ជា​កំហុស​របស់​លោក​អធិការរង​នោះ​មែន​។ ប៉ុន្តែ​តាម​ដឹង​កូនចៅ​រូប​នេះ​មាន​តួនាទី​ជា​កូនចៅ​របស់​លោក​អធិការរង ហើយ​មិនសូវ​បាន​បំពេញការងារ​ក្នុង​ផ្នែក របស់​ខ្លួន​ទើប លោក​អធិការរង ខាងលើ​បាន​ទាមទារ​របាយការណ៍​តែ​កូនចៅ​គ្មាន​ហើយ​បាន​តមាត់ ទើប​បណ្តាល​ឲ្យ​ខឹង​មួយ​ឆាវ​បែបនេះ​។

ជុំវិញ​ករណីនេះ លោក​វរសេនីយ៍ឯក អៀង មករា នាយការិយាល័យ​បុគ្គលិក នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​២០​ខែតុលា​នេះ​ថា រឿង​នេះ​ខាង​លោក​បាន​ហៅ​ខាង​ភាគី​បង្ក​មក​ហើយ ដោយ​ជន​បង្ក​បាន​ទទួល​ស្គាល់​កំហុស និង​សន្យា​ឈប់​ធ្វើ​បែប​ហ្នឹង​ទៀតហើយ​។

ចំណែក​ជនរងគ្រោះ​ថ្ងៃស្អែក​និង​ត្រូវ​ហៅ​មក​និយាយ​គ្នា​ដែរ​។​ លោក​បន្ត​ថា តាមពិត​ទៅ​នេះ​ជា​រឿង​ផ្ទៃក្នុង​ដែល​លោក​អធិការរង​ខាងលើ​ជា​មេកោយ​មានចិត្ត​ឆេវឆាវ​ពេក​។​ ចំណែក​កូនចៅ​ក៏​មិនសូវ​ស្តាប់​មេកោយ​។​ ចឹ​ង​ទេ ក្នុងនាម​លោក​ជា​នគរបាល​ជំនាញ បាន​ព្យាយាម​សម្របសម្រួល​ដើម្បី​ឲ្យ​អ្នក​ទាំង​២​ចេះ​ស្រឡាញ់​គ្នា​និង​សហការ​ធ្វើ​ការងារ​ជូន​សង្គមជាតិ​ឡើងវិញ​៕