ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា កោះហៅ​កីឡាករ​៤៤៨​នាក់​ធ្វើតេស្ត​សមត្ថភាព​ចូល​ក្រុមយុវជន​ថ្នាល​របស់ខ្លួន

អំឡុង​ពេល​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន កំពុងតែ​សម្រាក​ក្រោយ​ចប់​រដូវ​កាល​ឆ្នាំ​២០១៨ ក្រុម​អគ្គីសនី​កម្ពុជា បាន​បង្ហាញ​ពី​បញ្ជី​ឈ្មោះ​កីឡាករ​យុវជន​ចំនួន​៤៤៨​នាក់ ដើម្បី​ចូលរួម​ហ្វឹកហាត់​ធ្វើតេស្ត​សមត្ថភាព មុន​ជ្រើស​រើសយក​អ្នកខ្លាំង​ចូលរួម​ក្នុង​ក្រុមយុវជន​ថ្នាល​របស់​ក្លិប​នៅក្នុងពេល​ឆាប់ៗ​។

​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ទាំងអស់នេះ​ នឹង​ធ្វើ​ការ​កោះហៅ​ជា​បន្ត​បន្ទាប់ពី​ថ្ងៃអាទិត្យ ទី​២១ ខែតុលា ឆ្នាំ​២០១៩ នេះ​តទៅ នៅ​ទីលាន​កីឡដ្ឋាន​បាល់ទាត់​អគ្គីសនី​កម្ពុជា ក្នុង​រាជធានី​ភ្នំពេញ ម្តុំ​ទួល​សង្កែ​។ ការជ្រើសរើស​កីឡាករ​នេះ​គឺ​ស្រប​នឹង​ផែន​ការដែល​ក្លិប​បានដាក់​គម្រោង​បង្កើន​ការអភិវឌ្ឍន៍​ផ្នែក​យុវជន​ឲ្យ​កាន់តែខ្លាំង​ក្នុង​យុទ្ធសាស្ដ្រ​រយៈពេល​៥​ឆ្នាំ ដើម្បី​ស៊ី​ហ្គេម នា​ឆ្នាំ​២០២៣ ទៀតផង​។

លោក ប្រាក់ វុទ្ធី គ្រូបង្វឹក​របស់​ក្រុម​អគ្គីសនី​កម្ពុជា ធ្លាប់បាន​លើកឡើង​ថា «​ឥលូវ​នេះ​យើង​ងាក​មក​ចាប់អារម្មណ៍​យុទ្ធសាស្ដ្រ ៥​ឆ្នាំ​ទៅមុខ​របស់​យើង ដោយ​ផ្ដោត​លើ​ការអភិវឌ្ឍន៍​យុវជន បានន័យថា យើង​អភិវឌ្ឍន៍​ពី U17 ទៅ ដែលជា​ការអភិវឌ្ឍន៍​មួយ ឆ្ពោះទៅ​សម្រេច​គោលដៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម លើក​ទី​៣២​។ យ៉ាងហោចណាស់​មើល​សិន​ក្រុម​យើង​បានតែ​ម្នាក់ សម្រាប់​ក្រុម​ជម្រើសជាតិ នា​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២៣ វា​គឺជា​ជោគជ័យ​របស់​យើង​ដែរ​»​។

ក្រុមបាល់ទាត់​អគ្គីសនី​កម្ពុជា ជា​ក្លិប​តែ​១​គត់​ក្នុង​លី​គ​កំពូល​កម្ពុជា ដែល​ប្រកាស​មិន​ប្រើប្រាស់​កីឡាករ​បរទេស​ដើម្បី​ជួយ​ក្រុម ពោល​គឺ​ក្លិប​នេះ​ប្រើប្រាស់​តែ​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធតែ​ប៉ុណ្ណោះ​។ បើ​មើល​លទ្ធផល​ប្រកួត​កន្លងមក​ក្នុង​ពានរង្វាន់​លី​គ​កំពូល​កម្ពុជា ក្រុម​អគ្គីសនី​កម្ពុជា បាន​ប្រកួត​ឈ្នះ​តែ​២​លើក​ហើយ​ស្មើគ្នា​៣​លើក​និង​ចាញ់​១៧​លើក​មាន​៩​ពិន្ទុ​ប៉ុណ្ណោះ​ដោយ​ឈរ​លេខ​រៀង​ទី​១១ ពោលគឺ​នៅ​ពីលើ​ក្រុម​បាត​តារាង​វេ​ស្ទើ​ន​ភ្នំពេញ​។ ចំណែក​ក្នុង​ពានរង្វាន់​សម្តេច​តេ​ជោ វិញ​ក្រុម​នេះ​បាន​ធ្លាក់​ចេញ​តាំងពី​វគ្គ​ជម្រុះ​បឋម​ថ្នាក់ជាតិ​ម្ល៉េះ ក្រោយ​ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ទាំង​២​ជើង​៦​ទល់​១​។ កន្លងមក​ក្លិប​មួយ​នេះ​ធ្លាប់​បានដាក់​គោលដៅ​នឹង​ប្រជែង​យកពាន នៅ​ឆ្នាំ​២០២០ ខាងមុខ​៕