ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹត្តិការណ៍​«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​»​ប្រចាំឆ្នាំ​២០១៨ នឹង​រៀបចំឡើង​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា

«​ពានរង្វាន់​បាល់ទាត់​កម្ពុជា​ប្រចាំឆ្នាំ (Cambodian Football Award» ដែលជា​កម្មវិធី​ប្រគល់​ពានរង្វាន់​ប្រចាំឆ្នាំ​នៅក្នុង​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា (Metfone Cambodian League 2018) និង​ពានរង្វាន់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល រៀបចំ​ដោយ​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា (CNCC) នឹង​លេច​រូបរាង​ឡើងជា​ថ្មី​នៅ​ពាក់កណ្ដាល​ខែវិច្ឆិកា ឆ្នាំ​២០១៨ ខាងមុខ​។

យោងតាម​ការបញ្ជាក់រ​បស់ CNCC ពានរង្វាន់ Cambodian Football Award ឆ្នាំនេះ​កាន់តែ​ប្រកួតប្រជែង​ខ្លាំង​ទៅទៀត​នោះ គឺ​គណៈ​គ្រប់គ្រង​កម្មវិធី​បាន​បន្ថែម​ពានរង្វាន់​ថ្មីៗ ចំនួន​៦​គ្រឿង​ទៀត​ពីលើ​ពានរង្វាន់ ចំនួន​៤​ដែលមាន​ស្រាប់​បង្កើត​កាលពី​លើក​ទី​១​នៅ​ឆ្នាំ​២០១៧​។​សម្រាប់​ពានរង្វាន់​ដែលមាន​ស្រាប់ មានដូចជា ពានរង្វាន់​គ្រូបង្វឹក​សម្បូរ​ប្រជាប្រិយភាព កីឡាករ​សម្បូរ​ប្រជាប្រិយភាព អ្នកគាំទ្រ​ឆ្នើម និង​អ្នក​ថតរូប​បាល់ទាត់​ឆ្នើម​។

រដូវ​កាល​កន្លងទៅ CNCC បានផ្ដល់​ពានរង្វាន់​ឯកត្តជន​ចំនួន​៤​ប៉ុណ្ណោះ ដែល​កាលនោះ លោក មាស ចាន់ណា ឈ្នះ​ពាន​គ្រូបង្វឹក​ដែលមាន​ប្រជាប្រិយភាព​ជាងគេ ខ្សែការពារ លី វ៉ា​ហេ​ទ ឈ្នះ​ពាន​កីឡាករ​ដែលមាន​ប្រជាប្រិយភាព​ជាងគេ លោក ប៊ី​វ តុលា ឈ្នះ​ពាន​អ្នកគាំទ្រ​លើ​វិស័យ​បាល់ទាត់​ជាងគេ ហើយ​លោក សឿន សា​យ័ន្ត​សន្យា ឈ្នះ​ពាន​អ្នក​ថតរូប​សារព័ត៌មាន​ដែល​ល្អ​ជាងគេ​។

លោក ឆាំង ពិសិដ្ឋ អគ្គលេខាធិការ​របស់ CNCC បាន​ធ្លាប់បាន​បញ្ជាក់ថា «​យោងតាម​ថ្នាក់ដឹកនាំ ការបង្កើត​ពានរង្វាន់​នេះ​ឡើង​ដើម្បី​លើកទឹកចិត្ត​និង​ផ្ដល់​តម្លៃ​ដល់​កីឡាករ ក្លិប​នីមួយៗ គ្រូបង្វឹក មន្ត្រី​រៀបចំ​ការប្រកួត​និង​អ្នកពាក់ព័ន្ធ​ផង​ផ្សេងទៀត ដែល​តែងតែ​ខិតខំ​ប្រឹងប្រែង​កន្លងមក​ដល់​ដើម្បី​បាល់ទាត់​យើង​។ ព្រឹត្តិការណ៍​នេះ​យក​លំ​អាន​តាម​លំ​អាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ទ្វីបអាស៊ី ខណៈ​យើង​រំពឹងថា​នឹង​វិវត្តន៍​ឱ្យ​កាន់តែ​រីកចម្រើន​នៅ​ថ្ងៃ​ខាងមុខ​»​។​

​សូមបញ្ជាក់ថា​ស្ថាប័ន CNCC ត្រូវបាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បង្កើតឡើង​ចាប់ពី​ដើមរដូវ​កាល​ឆ្នាំ​២០១៧ មកម្ល៉េះ​ដោយ​គ្រប់គ្រង​ទៅលើ​ពានរង្វាន់​ចំនួន​២​គឺ​ពានរង្វាន់​ជម្រើស​ជើងឯក​ជាតិ (Metfone Cambodian League) និងពាន​រង្វាន់​សម្ដេចតេជោ​ហ៊ុន សែន (Hun Sen Cup)៕