ព័ត៍មានទាន់​ហេតុការណ៏
Search

អាជ្ញាធរ​ខណ្ឌដូនពេញ​បន្ត​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​អនាម័យ​ឲ្យ​បានល្អ

ភ្នំពេញ ​៖ ​ដើម្បី​រក្សា​ឲ្យ​បាន​នូវ​របៀបរៀបរយ​សាធារណៈ​នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​លោក សុខ ពេញ​វុ​ធ អភិបាល នៃ​គណៈ​អភិបាលខណ្ឌ​ដូនពេញ បាន​បញ្ជា​ឲ្យ​លោក យស យុ​ទ្ធី អភិបាលរង ធ្វើយ៉ាងណា​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ បន្ត​ចុះ​រៀបចំ​សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ និង​អនាម័យ នៅតាម​បណ្តោយ​ផ្លូវ​នានា​ដែល​បងប្អូន​ប្រជាពលរដ្ឋ​តែងតែ​យក​ចិញ្ចើម​ផ្លូវ​ដើម្បី​ធ្វើ​អាជីវកម្ម​ដែល​មិន​ស្តាប់​ពី​ការណែនាំ​របស់​អាជ្ញាធរ​នោះ​។

ប្រតិបត្តិ​ការដែល​អាជ្ញាធរ​ចុះ​ធ្វើជា​ប្រចាំ​នោះ​គឺ​នៅ​មហាវិថី​ព្រះមុនីវង្ស មហាវិថី​សហព័ន្ធរុស្ស៊ី មហាវិថី​ព្រះ​នរោត្តម តីរៈវិថី​ព្រះស៊ីសុវត្ថិ ផ្លូវ​លេខ​៤៧ ផ្លូវ និង ផ្លូវ​លេខ​១០៦-១០៨-១៣០​រួមទាំង​ផ្លូវ​នានា​ទៀត​នៅក្នុង​មូលដ្ឋាន​ខណ្ឌដូនពេញ​តែម្តង​។

​ជាមួយគ្នា​នោះ​ដែរ​រដ្ឋបាល​ខណ្ឌ​តែងតែបាន​ធ្វើការ​ប្រកាស​ផ្សព្វផ្សាយ​សេចក្តីជូនដំណឹង​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​យល់ដឹង​ពី​ការ​ឈប់​ចត​យានយន្ត​គ្រប់​ប្រភេទ នៅ​លើ​ទ្រូងផ្លូវ ត្រូវ​ចត​ឲ្យ​ផុត​ពី​ចិញ្ចើម​ផ្លូវ ដើម្បី​ទុក​ផ្លូវ​សម្រាប់​ថ្មើរជើង ចំពោះ​បងប្អូន​ដែល​ប្រកប​អាជីវកម្ម​ផ្សេងៗ ត្រូវ​លក់ដូរ​ទៅតាម​គំនូស​ដែល​រដ្ឋបាល​ខណ្ឌ​បានកំណត់​ជូន​និង​រក្សា​អនាម័យ​បរិស្ថាន​ឲ្យ​បាន​ស្អាត មាន​សោភ័ណភាព​នៅក្នុង​មូលដ្ឋាន​។

ជា​លទ្ធផល​នៃ​ការចុះ​រៀបចំ​សណ្តាប់ធ្នាប់​នា​ថ្ងៃទី​១៩​នេះ​រដ្ឋបាល​ខណ្ឌ​បានធ្វើ​ការ​ដកហូត​រទេះ​ដែល​ម្ចាស់​បាន​ចាក់សោ​ទុកចោល​នៅលើ​ទ្រូងផ្លូវ​ធ្វើអោយ​បាត់បង់​សណ្ដាប់ធ្នាប់​សាធារណៈ​និង​រទេះ​លក់​នំ​ចំនួន​០១​ទៀត​រួមទាំង​ម៉ូតូ​កង់​បី​ចំនួន​០១​គ្រឿង និង រថយន្ត​តាក់ស៊ី​ចត​នៅមុខ​ស្ថានីយ​រថភ្លើង​ចំនួន​០១​គ្រឿង យក​មក​រក្សាទុក​នៅ​សាលាខណ្ឌ ដើម្បី​ឲ្យ​ម្ចាស់​មក​ទទួល​នឹងធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ផងដែរ​៕