ព័ត៍មានទាន់​ហេតុការណ៏
Search

អភិបាល​រាជធានី​ភ្នំពេញ​ណែនាំ​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យឡើងវិញ​នៅ​ចំណុច​ដែល​ទឹក​លិច​ក្នុងភូមិ​សាស្ត្រ​មុខ​ព្រលានយន្តហោះ​ភ្នំពេញ

ភ្នំពេញ ​៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​លោក​ឃួ​ង ស្រេង រួម​នឹង​មន្ត្រី​ជំនាញ​ពាក់​ព័ន្ធ​អាជ្ញាធរ​ដែនដី​បាន​យក​ពេលវេលា​ចុង​ស​ប្តា​ហ៍​ចុះ​ទៅ​ពិនិត្យ​មើល​ទីតាំង​ភូមិសាស្ត្រ​មួយចំនួន​នៅ​ចំណុច​ដង​នង្គ័ល​ជាប់​របង​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ក្នុង​សង្កាត់​ចោមចៅ​ទី​៣​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដែល​តែង​លិចលង់​ខ្លាំងជាងគេ​ដោយសារ​ជំនន់​ទឹកភ្លៀង​។

លំនៅឋាន​របស់​ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ចំណុច​ខាងលើនេះ​ក៏​ទទួលរង​ផលប៉ះពាល់​ដែរ​ពី​ជំនន់​ទឹកភ្លៀង​នេះ​។ ​អាជ្ញាធរ​ខណ្ឌ​ពោធិ​សែន​ជ័យ ក៏​ដូច​រដ្ឋបាល​រាជធានី​ភ្នំពេញ​មានការ​ខ្វល់ខ្វាយ​និង​គិតគូរ​ពី​បញ្ហា​នេះ​ដើម្បី​រក​វិធានការ​រំដោះ ទឹក​ចេញ​ក្រៅ​ភូមិសាស្ត្រ​ឲ្យ​មាន​ប្រសិទ្ធភាព​។

លោក​ឃួ​ង ស្រេង ក៏បាន​ណែនាំ​ឲ្យ ក្រុមហ៊ុន​ដូនពេញ ដែល​ទទួល​ម៉ៅការ​ដាក់​ប្រព័ន្ធ​លូ​នៅ​ចំណុច​ដង​នង្គ័ល​លើ​កំណាត់​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ឲ្យ​កែលំអ​លក្ខ​ណៈ​បច្ចេកទេស​នៃ​ការ​រៀប​អណ្តូង​លូ​ដើម្បី​ធានា​ឲ្យ​ទឹក​ហូរ​បាន​និង​ទាន់ពេលវេលា។

មន្ត្រី​ផ្នែក​លូ​ទឹក​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា នៅ​តំបន់​នេះ ប្រព័ន្ធ​លូ​បាន​ភ្ជាប់​គ្នា​អស់ហើយ​។ តែ​ចំណុច​ត្រូវ​ដោះស្រាយ​បន្ត​គឺ ការ​ស្តារ​ប្រឡាយ​ចំការឪឡឹក​និង​ប្រឡាយ​ទួល​សំពៅ​ឲ្យ​បាន​ជាប់​គ្នា​ដើម្បី​នាំ​ទឹក​ទៅកាន់​ស្ថានីយ​បូមទឹក ទួល​សំពៅ​ឲ្យ​បាន​ទាន់ពេលវេលា​។ បច្ចុប្បន្ន ប្រឡាយ​ទួល​សំពៅ​,​ប្រឡាយ​តាំង ក្រសាំង​បាន​ទទួល​រង​ការ​រំលោភបំពាន​,​ការចាក់ដី​លប់ ការបោះ​សំរាម​ចូល​ប្រឡាយ​និង​មាន​ស្មៅ និង​រុក្ខជាតិ​ផ្សេងៗ​ដុះ​យ៉ាងច្រើន​លើ​ពោះ​ប្រឡាយ ដែល ជា​មូលហេតុ​ចំបង​មួយ​ធ្វើ​ឲ្យ​ប្រឡាយ​គោក​រាក់ ទឹក​ហូរ​មិនទាន់​ដែល​ទាមទារ​ឲ្យ​មានការ​ស្តារ​និង​កែលំអរ​ឡើងវិញ​។

លោក​អភិបាល​ក្នុង​ឱកាស​នោះបាន​ណែនាំ​ឲ្យ​មានការ​ឆែក​មើល​ឡើងវិញ​ទាំងអស់​ប្រព័ន្ធ​លូ​នៅ​ចំណុច​ដែល​មាន​ការ​ស្ទះ​ទឹក និង​ស្តារ​ប្រព័ន្ធ​លូ ចាស់​,​ដាក់​ប្រព័​ន្ធ​លូ​ថ្មី​។ លោក​អភិបាល​ក៏បាន​ណែនាំ​ផងដែរ ឲ្យ​បើក​កិច្ចប្រជុំ​នៅ​ស​ប្តា​ហ៍​ក្រោយ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ និង​អាជ្ញាធរ​ដែនដី​ដើម្បី​រិះរក​វិធានការ​ឲ្យ​មាន​ប្រសិទ្ធភាព​ក្នុងការ​រំដោះ​ជំនន់​ទឹកភ្លៀង​នៅ​ចំណុច​ខាងលើ​នេះ​។ ក្នុង​ការ​រៀបចំ​ដាក់​ប្រព័ន្ធ​លូ​នេះ អាជ្ញាធរ​ត្រូវតែ​ម៉ត់ចត់​ដោះស្រាយ​ផល​ប៉ះពាល់​ជាមួយ​ប្រជាពលរដ្ឋ​តាម​ការងារ​ជាក់ស្តែង និង​ត្រូវ​វះកាត់​ខ្លះ​ទើប​ការងារ​រំដោះ​ទឹក​នេះ​សំ រេច​បាន​ជោគជ័យ​។

គួរ​បញ្ជាក់​ថា កាលពី​ចុង​ស​ប្តា​ហ៍​កន្លងទៅ អាជ្ញាធរ​ខណ្ឌ​ពោ សែន​ជ័យ និង​ខណ្ឌ​សែន​សុខ​រួម​ជា​មួយ​មន្ទីរ​សាធារណការ បាន​ដំណើរ​ការស្តារ​ប្រឡាយ​ទួល​សំពៅ​ដែល​ជាប់​ភូមិសាស្ត្រ​ខណ្ឌ​ទាំង​២​។ ​

ប្រឡាយ​ទួល​សំពៅ​នេះ មាន​តួនាទី​សំខាន់​ក្នុង​ការ​រំដោះ​ជំនន់​ទឹកភ្លៀង​ចេញពី​តំបន់​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ និង​តំបន់​ជុំវិញ​។ ជា​មួយ​គ្នា​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​គំរោង​សាងសង់​ស្ពាន​កាត់​ទទឹង​ប្រឡាយ​ទួល​សំពៅ​ចំនួន​៥​កន្លែង ​ដែល​ជា​ការ​ជួយ​សម្រួល​ចរន្តទឹក​ឲ្យ​ហូរ​បាន​លឿន​។

ស្រប​ពេល​នេះ​ដែរ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន បាន​លើក​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ដំណើរការ ស្តារ​ប្រឡាយ​ស្តឹង​មានជ័យ និង​ប្រឡាយ​បឹងទំពន់​ដែល​ស្ថិត​ក្នុង​ការថែទាំ​ជាប្រចាំ​ប្រឡាយ​ដែល​មាន​សារសំខាន់​ក្នុង​ការ​រំដោះ​ទឹក​នៅ​ប៉ែក​ខាងត្បូង និង​ខាងលិច​រាជធានី​ភ្នំពេញ​ផងដែរ​៕