ព័ត៍មានទាន់​ហេតុការណ៏
Search

បញ្ជូន​អ្នក​ក្លែង​ឯកសារ​ចុះបញ្ជី​ដីធ្លី​ ឡើង​តុលាការ

​ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​បាន​យកឈ្មោះ​លោកជំទាវ យ៉ែម សុខន ទៅ​សំឡុត​គំរាមកំហែង​មេឃុំ បិត​ត្រាង និង​ចៅហ្វាយស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ អោយ​ចុះហត្ថលេខា​លើ​លិខិត​ចុះបញ្ជី​ដីធ្លី​ដោយ​ពុំ​មាន​ស្នាម​មេដៃ​អ្នក​ស្នើសុំ​ត្រូវ​បាន​បញ្ជូន​មកកាន់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​កាលពី​ព្រឹក​ថ្ងៃទី ២០​តុលា ឆ្នាំ​២០១៨​នេះ។

លោក​វង្ស ប៊ុន​វិសុទ្ធ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​កំពុងធ្វើការ​សាកសួរ​ជនសង្ស័យ​នៅឡើយ។

ជនសង្ស័យ​ឈ្មោះ មឿង លីដា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ រស់​ក្រុម​១១ ភូមិ​បន្ទាយ​ប្រិ​យ៍ ឃុំ​អណ្ដូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ជន​នេះ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៨​តុលា ឆ្នាំ​២០១៨ នៅ​ភោជនីយដ្ឋាន​តាឱ ក្នុង​សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ តាម​ដីកា​បញ្ជា​ឲ្យ​ចូល​ខ្លួន​លេខ ២៧២ អ យ ឋ ចុះ​ថ្ងៃទី ១៧​តុលា ឆ្នាំ​២០១៨ របស់លោក​សៀង សុខ ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ។

សមត្ថកិច្ច​បានបង្ហាញ​ថា មុន​មានការ​ចាប់ខ្លួន​ជន​ឈ្មោះ មឿង លីដា ពី​បទ​គំរាមកំហែង និង​បទ​ក្លែង​ឯកសារ​សាធារណៈ​នេះ គឺមាន​ដើមបណ្ដឹង​ចំនួន​៤​នាក់​បាន​ប្ដឹង​ឈ្មោះ​មឿ​ង លីដា។ ដើមបណ្ដឹង​ទី​១​ឈ្មោះ ច័ន្ទ កល្យាណ ភេទ​ស្រី អាយុ​៣៦​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ ៥៧ និង​៥៩ ផ្លូវ​៣៨៦ សង្កាត់​បឹង​កេងកង​៣ ខណ្ឌចំការមន។ ទី​២​ឈ្មោះ សេង ស​ត្ថា ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ។ ​ទី​៣​ឈ្មោះ ជា វណ្ណា ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ រស់នៅ​សង្កាត់​ទួល​ទំពូង ខណ្ឌចំការមន។ ​ទី​៤​ឈ្មោះ អ៊ុំ ឡា ភេទស្រី ​អាយុ​៦៤​ឆ្នាំ រស់នៅ​បុរី​ពិភពថ្មី​ត្រពាំង​ថ្លឹង ខណ្ឌ​ពោ​ធិ៍​សែន​ជ័យ។

អង្គ​ហេតុ​ដែល​បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​ខាងលើ​ប្ដឹង​ឈ្មោះ មឿង លីដា ដោយសារតែ​ជននេះ​បានរៀបចំ​ក្លែង​ឯកសារ​បន្លំ​យក​ដី​របស់​ពួក​គ​ទំហំ​ជាង​២៧​ហិច​តា​នៅ​ភូមិ​គគី ឃុំ​បិត​ត្រាង ស្រុក​ព្រៃនប់ ក្រុងព្រះសីហនុ ដោយ​យកឈ្មោះ​លោកជំទាវ យ៉ែម សុខន ដាក់​ជា​ម្ចាស់ ប៉ុន្តែ​លោកជំទាវ​យ៉ែម សុខន មិន​ព្រម​ផ្ដិតមេដៃ ក៏​ស្រាប់តែ​ឈ្មោះ​មឿង លីដា បាន​យក​ឯកសារ​សុំ​ចុះបញ្ជី​ដីធ្លី​គ្មាន​ស្នាម​មេដៃ​នោះ​ទៅ​បង្ខំ​អោយ​មេឃុំ​បិត​ត្រាង​ចុះហត្ថលេខា​បោះត្រា ហើយ​បង្ខំ​ឲ្យ​ចៅហ្វាយស្រុក​ព្រៃនប់​ឈ្មោះ សរ កក្កដា ចុះហត្ថលេខា​ទទួលស្គាល់ តែ​ចៅហ្វាយស្រុក​បាន​បដិសេធ​មិន​ចុះហត្ថលេខា ហើយ​ផ្ដល់​ព័​ត៌​មាន​មក​ឲ្យ​ម្ចាស់​ដី​ចំនួន​៤​នាក់ ឲ្យ​ដឹង​ពី​រឿង​មាន​គេ​លួច​ចុះបញ្ជី​ដីធ្លី​លើដី​កម្មសិទ្ធិ មាន​ហត្ថលេខា​មេឃុំ​បិត​ត្រាង​ឈ្មោះ មា​ច ចាន់ តែ​ពុំ​មាន​ស្នាម​មេដៃ​អ្នកស្នើសុំ​ទេ។

ដោយសារ​ភាព​មិន​ប្រក្រតី​នេះ​ហើយ​ទើប​ម្ចាស់​ដី​បាន​ប្ដឹង​អោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​បញ្ជូនទៅ​តុលាការ​តែម្ដង៕