ព័ត៍មានទាន់​ហេតុការណ៏
Search

សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​ទួរគី

ភ្នំពេញ​ ៖ ​កាលពី​រសៀល​ថ្ងៃទី​២០ ​ខែ​តុលា ឆ្នាំ​២០១៨ ​ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​វេទិកា​ធុរកិច្ច​កម្ពុជា​-​ទួរគី ដែល​ធ្វើឡើង​នៅ​ទីស្នាក់ការ​សភាពាណិជ្ជកម្ម​អ៊ី​ស្តា​ន​ប៊ុល ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ឥស្សរជន​ជាន់ខ្ពស់​រដ្ឋាភិបាល ផ្នែក​ឯកជន​ទួរគី ឥស្សរជន និង​ផ្នែក​ធុរកិច្ច ទៅ​ពី​ព្រះរាជាណាចក្រ​កម្ពុជា​ជា​ច្រើន​រូប។

នៅក្នុង​ពិធី​ដ៏​មាន​អត្ថន័យ​នោះដែរ បន្ទាប់ពី​ការ​ស្តាប់​នូវ​បទ​អន្តរាគមន៍​ពី​ថ្នាក់ដឹកនាំ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ផ្នែក​ធុរកិច្ច​ទួរគី​រួចមក សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្លែង​សុន្ទរកថា​គន្លឹះ​ដែលមាន​ខ្លឹមសារ​សំខាន់​ថា សម្តេច​ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​ទីក្រុង​អ៊ី​ស្តា​ន​ប៊ុល ដែលជា​ទីក្រុង​ប្រវត្តិសាស្ត្រ​ស្ថិត​ជាប់​គ្នា​ជាមួយ​សហគមន៍​អឺរ៉ុប និង​អាស៊ី​។​

តាមរយៈ​វេទិកា​ធុរកិច្ច​ទួរគី​-​កម្ពុជា ជាការ​បង្ហាញ​ពី​ការរីកចម្រើន នាពេល​បច្ចុប្បន្ន​ព្រមទាំង​កាលានុវត្តភាព និង​សក្ដានុពល​សម្រាប់​កម្ពុជា​ផងដែរ​។ សម្ដេច​តេ​ជោ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​និង​ស្មោះស្ម័គ្រ​ជូន​ចំពោះ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​ដែល​បានរៀបចំ​វេទិកា​ធុរកិច្ច​ដ៏​មាន​សារៈសំខាន់​នេះ ទន្ទឹមនឹងនេះ​ក៏​សូម​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ជាទីបំផុត​ចំពោះ​វត្តមាន​ឯកឧត្តម លោកជំទាវ លោក​លោកស្រី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ដែលជា​តំណាង​ក្រុមហ៊ុន​ទាំងអស់ ដែល​បាន​ចូលរួម​នាពេលនេះ​។

ទួរគី និង​កម្ពុជា គឺជា​ប្រទេស​ដែលមាន​អរិយធម៌​យូរណាស់​មកហើយ​ដែល​កម្ពុជា​គេ​ស្គាល់​តាមរយៈ​ចក្រ ភព​អង្គរ ហើយ​ទួ​រគី​គេ​ស្គាល់ តាម រយៈ​ប្រភព ប៊ី​ហ្សេ​ន​ថា​ញ់ ប្រទេស​យើង​ទាំងពីរ​ក៏បាន​គាំទ្រ​បេក្ខភាព​គ្នា​ទៅវិញទៅមក​ក្នុង​ក្របខណ្ឌ​ទំនាក់ទំនង​ទ្វេភាគី ។

កិច្ចព្រមព្រៀង​ចំនួន ៨ ត្រូវ​ចុះ​អនុស្សរណៈ​ជាមួយគ្នា ទាក់ទង​នឹង​វិស័យ​អប់រំ ទេសចរណ៍ ធនធានទឹក កសិកម្ម វប្បធម៌ និង​វិនិយោគ នៅ​ថ្ងៃទី​២១ តុលា ២០១៨ នេះ ដែល​នឹងធ្វើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​នៃ​ប្រទេស​យើង​ទាំងពីរ​កាន់តែ​មាន​ភាព​ជិតស្និទ្ធ​ប្រសើរ​ថែមទៀត​។ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា រយៈពេល ៥ ឆ្នាំ បន្ទាប់ពី​ការបើក​ស្ថានទូត​សាធារណរដ្ឋ​ទួរគី​នៅ​កម្ពុជា​កាលពី​ឆ្នាំ ២០១៣ កន្លងទៅ កម្ពុជា​ព្រម​នឹង​បើក​ស្ថានទូត​នៅ​ប្រទេស​ទួរគី​នៅ​ឆ្នាំ ២០១៩ ខាងមុខ​នេះដែរ ហើយ​ទាំងនេះ​ជាការ​រួមចំណែក​ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឲ្យ​ឈានឡើង​បន្ថែមទៀត​។

​ក្នុងនោះ​ដើម្បីអោយ​ទំនាក់ទំនង​កាន់តែ​រឹងមាំ កម្ពុជា​គឺ​មិន​ជួល​ស្ថានទូត​នៅ​ប្រទេស​ទួរគី​ទេ គឺ​ចង់​មាន​ស្ថានទូត​ដោយ​ខ្លួនឯង តាមរយៈ​ការទិញ​ដី និង​ផ្ទះ​តែម្ដង​សម្រាប់​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទួរគី​នេះ​។ តាមរយៈ​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​ប្រទេស​ទាំងពីរ កម្ពុជា​នឹង​ខិតខំ​ធ្វើយ៉ាងណា​ដើម្បី​ឈានទៅ​សម្រេច​អោយបាន​នូវ​កិច្ចព្រមព្រៀង​ដោយ​មិន​យកពន្ធ​ត្រួតគ្នា​ដែល​នេះ​គឺជា​ចំណែក​មួយ​យ៉ាងសំខាន់​សំរាប់​ផលប្រយោជន៍​នៃ​ប្រទេស​ទាំងពីរ​។ តាមរយៈ​កំណើនសេដ្ឋកិច្ច​ក​ធ្វើ​ឲ្យ​កម្ពុជា​សម្រេច​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​នៅ​ឆ្នាំ ២០១៥ និង​ស្ថិតនៅលើ​គន្លង​សម្រេច​យកបាន​នូវ​ការដាក់​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​ក្នុង​ឆ្នាំ ២០៣០​។

បច្ចុប្បន្ន​ចំនួន​ភ្ញៀវទេសចរ​ដែល​បានមក​កាន់​កម្ពុ​ជាមាន​ការកើនឡើង​ជា​លំដាប់​ប្រមាណ ៥​លាន ៦ សែន​នាក់​នៅ​ឆ្នាំ ២០១៧ ហើយ​ក្នុង​រយៈពេល ៨ ខែ​ក្នុង​ឆ្នាំ ២០១៨ កម្ពុជា​ស្វាគមន៍​ភ្ញៀវទេសចរ​មានការ​កើនឡើង​ប្រមាណ ១២​ភាគរយ ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ ២០១៧ ។

សម្តេច​តេ​ជោ​បន្តថា ក្នុង​គោល ដៅ​ទាញយក​ផលប្រយោជន៍​ជា​អតិ បរមា​ពី​ជំនួប​ទ្វេភាគី និង​ឧត្តមភាព​នៃ​ប្រទេស​យើង​ទាំងពីរ សូម​សំណូមពរ​អោយមាន​ការ​ពន្លឿន​នូវ​សកម្មភាព​ក្នុងការ​ជំរុញឱ្យមាន​កា​រ​ហោះហើរ​ត្រង់​ដឹក​អ្នកដំណើរ​ពី​ទួរគី​ទៅ​កម្ពុជា ដើម្បី​ពង្រីក​សកម្មភាព​ទេសចរណ៍​ផងដែរ។

រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៦​ដែល​កើតចេញពី​ការបោះ ឆ្នោត​កាលពី​ថ្ងៃទី ២៩ ខែកក្កដា​ឆ្នាំ ២០១៨ បាន​បន្ដ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី ៤ ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព ក្នុងការ​សម្រេច​អោយ​ជា​ប្រទេស​ដែលមាន​ប្រាក់ចំណូល​មធ្យម​កំរិត​ខ្ពស់​ក្នុង​ឆ្នាំ​២០៣០ ដែល​ផ្តោត​សំខាន់​ទៅលើ ការអភិវឌ្ឍ​ធនធានមនុស្ស​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច ការលើកស្ទួយ​វិស័យ​ឯកជន និង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​។

សម្តេច​តេ​ជោ ហ៊ុន សែន បានបង្ហាញ​ពី​សក្តានុពល​វិនិយោគ និង​ឧត្តមភាព​សំខាន់ៗ​របស់​ប្រទេស កម្ពុជា​ដូចជា​៖
១-​កត្តា​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ក្នុងប្រទេស​បានធ្វើ​ឲ្យ​កម្ពុជា​ស្ថិតនៅលើ​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​និង​សង្គម​ក្នុង​អត្រាកំណើន​សេដ្ឋកិច្ច​ប្រចាំឆ្នាំ​ជា​មធ្យម ៧​ភាគរយ​។
២ -​កម្ពុជា​ស្ថិតនៅលើ​ទី​យុទ្ធសាស្ត្រ​ក្នុង​ប្រវត្តិ​អាស៊ាន​ដែលជា​តំបន់​បាននិងកំពុង​ក្លាយទៅជា​រោងចក្រ​នៃ​អាស៊ាន​ហើយ​ម្យ៉ាងទៀត​កម្ពុជា​ក៏​ស្ថិតនៅក្នុង​ចំណុចកណ្ដាល​នៃ​តំបន់​មេគង្គ​ដែលជា​តំបន់​មាន​កំណើនសេដ្ឋកិច្ច​ត​ភ្ជាប់​ខ្ពស់​ជាងគេ សំរាប់​ការអភិវឌ្ឍ​ឧស្សាហកម្ម ផលិតកម្ម​និង​សេវាកម្ម​ជាមួយនឹង​បណ្ដា​ប្រទេស​ក្នុង​តំបន់​។
៣- កម្លាំង​ពលកម្ម​ដែលមាន​ភាពសម្បូរ​បែប ដែល​ក្នុងនោះ​ដែលមាន​អាយុ​ត្រឹម ៣៥ ឆ្នាំ​ចុះ​មាន​ចំនួន​រហូតដល់ ៧២ ភាគរយ​នៃ​ចំនួន​ពលកម្ម​សរុប គួបផ្សំ​នឹង​ការកើនឡើង​នៃ​ចំនួន​ប្រជាជន​ដែលមាន​ចំណូល​មធ្យម និង​ជាវ​ណ្ណៈ​កណ្តាល​នឹង​បង្កើត​កាលានុវត្តភាព​សម្រាប់​ក​ម្ពុ​ជា​ក្នុង​ការសម្រេច​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​នេះ​។
៤- កម្ពុជា​បាន​បើកចំហ​សេដ្ឋកិច្ច​សម្រាប់​អ្នកវិនិយោគ​ទាំងអស់​ដោយ​គ្មាន​ការរើសអើង​រវាង​អ្នកវិនិយោគ​ក្នុង​ស្រុង និង​អ្នកវិនិយោគ​បរទេស ហើយ​បរទេស​អាច​វិនិយោគ​បាន​១០០ ភាគរយ តែម្តង​។
៥- ទំនិញ​ផលិត​នៅ​កម្ពុជា​មិន​ត្រឹមតែ​ផ្គត់ផ្គង់​លើ​ទីផ្សារ​កម្ពុជា​ប៉ុណ្ណោះ​ទេ គឺមាន​ការនាំចេញ​ទៅកាន់​ទីផ្សារ​អនុតំបន់​មេគង្គ​ដែលមាន​អតិថិជន​ប្រមាណ​ជា ២៥ លាន​នាក់ និង​ទីផ្សារ​អាស៊ាន​ជាច្រើន​ទៀត​។
៦-​កម្ពុជា​បាននិងកំពុង​ធ្វើ​សមា ហរ​ណ កម្ម​នៃ​ការតភ្ជាប់​តាម​ប៉ូល​សេដ្ឋកិច្ច​សំខាន់ៗ​ទៀត​ក្នុង​តំបន់​ដែល​បង្កើតបាន​នូវ​ប្រព័ន្ធ​ឡូ​ជី​ស្ទីក និង​លើកកម្ពស់​ជីវភាព​ប្រជាជន​។

ក្នុងនាម​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ស្វាគមន៍​ចំពោះ​រាល់​ការសម្រេចចិត្ត​ដ៏​ឈ្លាសវៃ​របស់​អ្នកវិនិយោគ​បរទេស​ទាំងអស់ ជាពិសេស​អ្នក​ដែលមាន​បំណង​មក​វិនិយោគ​នៅ​កម្ពុជា សូម​ចាប់ផ្តើម​មក​វិនិយោគ ហើយ​សម្ដេច​ក៏​សូម​ធានា​ជូន​អ្នកវិនិយោគ​ទាំងអស់​នូវ​សន្តិភាព សន្តិសុខ និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ប្រកបដោយ​ក្របខ័ណ្ឌ​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាព​អាច​ប៉ាន់ប្រមាណ​បាន៕


 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114