ព័ត៍មានទាន់​ហេតុការណ៏
Search

រដ្ឋមន្ត្រីក្រសួង​អប់រំ​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ខិតខំ​សិក្សា​ជំនាញ​ថ្មីៗ​ដើម្បី​ឆ្លើយតប​ទៅ​តម្រូវការ​នា​សទវត្ស​ទី​២១

ភ្នំពេញ ​៖ ​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ជំរុញ​ឲ្យ​យុវជន​កម្ពុជា​ត្រូវខិតខំ​សិក្សា​ជំនាញ​ថ្មីៗ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​នា​សទវត្ស​ទី​២១​នេះ ​ដែល​នឹងចូលរួម​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​

ថ្លែង​នៅក្នុង​ពិធី​បើក​ការបោះ​ជំរំ​យុវជន​ជា​សាកល​លើក​ទី​៥​ក្រោម​ប្រធានបទ​«​សុបិន​ខ្ញុំ​»​កាលពី​ព្រឹក​ថ្ងៃទី​២៤​ខែតុលា​ឆ្នាំ​២០១៨​នេះ​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា លោក​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​ណែនាំ​ដល់​យុវជន​សិក្សា​ទៅលើ​បំណិន​សិក្សា​ដែល​ជំនាញ​ត្រិះរិះ​ពិចារណា ច្នៃប្រឌិត សហប្រតិបត្តិការ​និង​ទំនាក់ទំនង បំ​ណិ​ន​អក្ខរកម្ម​ដែលមាន​ជំនាញ​ស្វែងរក​និង​វិភាគ​ព័ត៌មាន ប្រព័ន្ធ​ព័ត៌មាន​និង​ការប្រើប្រាស់​បច្ចេកវិទ្យា​និង​បំ​ណិ​ន​ជីវិត​ដែលមាន​ភាព​បែបបទ​ទន់​ភ្លន់​នៃ​ផ្នត់គំនិត ភាពជា​អ្នកដឹកនាំ គំនិត​ផ្តួចផ្តើម ផលិតភាព​និង​ភាព​ទំនាក់ទំនង​សង្គម​ល្អ​។​

លោក បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន​បាន​មានប្រសាសន៍ថា​ យុវជន​ត្រូវ​កំណត់​គោលបំណង ទិសដៅ មធ្យោបាយ​និង​វិធីសាស្ត្រ​ឲ្យ​បាន​ជឿជាក់​សមស្រប​និង​មាន​ភាព​ពិតប្រាកដ​ដើម្បី​ឲ្យ​ស្របទៅតាម​បរិបទ​តំបន់​និង​សាកលលោក​ដែល​កំពុង​វិវត្តន៍​ឈាន​ដល់​បដិវត្ត​ឧស្សាហកម្ម​ដំណាក់កាល​ទី​៤​និង​យុគសម័យ​ព័ត៌មាន​ដោយ​ពេញ​និយម​ផ្តោត​ទៅ​លើ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឌីជីថល​។​

លោក បណ្ឌិតសភា​ចា​រ្យ​បាន​បន្តថា ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការវិវត្ត​នេះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​បង្កើត​កម្មវិធី​មួយចំនួន​ដូចជា​ការអប់រំ​សហគ្រិនភាព ភាពជា​អ្នកដឹកនាំ កូន​ល្អ សិស្ស​ល្អ និង​មិត្ត​ល្អ ផ្សព្វផ្សាយ​សកម្មភាព​ការ ងារ​អភិវឌ្ឍន៍​យុវជន វេទិកា​សិក្សា​និង​ការងារ ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ​ដល់​យុវជន​និង ការអប់រំ​អាកប្បកិរិយា​។​

ទន្ទឹមនឹងនេះ​ក្រសួង​ក៏មាន​បង្កើត​កម្មវិធី​ការចូលរួម​សកម្មភាព​សង្គម ការអភិវឌ្ឍន៍​សមាគម​​​និស្សិត ការផ្លាស់ប្តូរ​ទំនាក់ទំនង​យុវជន​ជាតិ​និង​អន្តរជាតិ ការបណ្តុះបណ្តាល​ជំនាញ​ខ្លីៗ ការផ្តល់​ព័ត៌មាន​ទីផ្សា​រ​ការងារ​និង​ហាត់​ការ​នៅតាម​ស្ថាប័នរដ្ឋ​និង​ឯកជន ទស្សនកិច្ច​សិក្សា​និង​ការបោះ​ជំរំ​ជាដើម​។​

ពាក់ព័ន្ធ​នឹង​ការបោះ​ជំរំ​នេះដែរ លោក រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ការ​បោះ​ជំរំ​យុវជន​ជា​សាកល​នេះ​នឹង​ជួយ​ឲ្យ​យុវជន​ចេះ​រស់នៅ​ដោយ​ខ្លួនឯង​និង​ជាមួយ​អ្នក​ដ៏​ទៃ​បាន ទទួល​បាន​នូវ​ចំណេះដឹង​អំពី​បច្ចុប្បន្នភាព​នៃ​ការ​វិវត្ត​បច្ចេកវិទ្យា សេដ្ឋកិច្ច ទីផ្សារ​និង​វិស័យ​ឧស្សាហកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក្នុង​តំបន់​និង​សាកលលោក​ដើម្បី​ឲ្យ​យុវជន​ត្រៀមខ្លួន​ចាប់​យក​ឱកាស​ការងារ ​និង​មុខរបរ​នា​ពេល​អនាគត ​បណ្ដុះ​ស្មារតី​ស្នេហា​ជាតិ​និង​ចូលរួម​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​វប្បធម៌​សង្គម​និង​សហគមន៍​ផងដែរ។

លោកស្រី ស្រូ​យ សុជាតិ អគ្គនាយករង​នៃ​អគ្គនាយដ្ឋាន​យុវជន​នៃ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​បាន​មាន​ប្រសាសន៍​ថា ​កម្មវិធី​បោះជំរំ​យុវជន​ជា​សាកល​លើក​ទី​៥​នេះ​បាន​ប្រព្រឹត្តិ​ទៅ​ចាប់ពី​ថ្ងៃទី​២៣​រហូតដល់​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៨​នៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ធំ និង​ខេត្តសៀមរាប​ដោយមាន​យុវជន​ចូលរួម​ប្រមាណ​៣០០​នាក់​មកពី​៣៦​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​សាធារណៈ​និង​ឯកជន សមាគម​នានា​ក្នុង​គោលបំណង​កៀរគរ​យុវជន​មកពី​ដើម​កំណើ​ត​ខ្មែរ​ដែល​រស់នៅ​បរទេស​បាន​មើលឃើញ​ពី​ការរីកចំរើន​របស់​ប្រទេសជាតិ​និង​ចូលរួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​កសាង​និង​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114