ព័ត៍មានទាន់​ហេតុការណ៏
Search

សុខ ធី និង​តា​ញ់ មករា ជួប​កីឡាករ​ថៃ​ដណ្តើម​៣​ពិន្ទុ​បន្ថែម​ក្នុង​ជុំ​ទី​២

ភ្នំពេញ ៖ កីឡាករ​ជើង​ខ្លាំង​ស្រករ​ក្រោយ​២​នាក់​គឺ​សុខ ធី អ្នក​ប្រដាល់​មកពី​ក្លិប​សៅ​យ៉ាន់​នាគា​ខេត្តបន្ទាយមានជ័យ កៀក​ស្មារ​និង​កីឡាករ​តា​ញ់ មករា អ្នក​ប្រដាល់​របស់​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ជួប​ជាមួយ​កីឡាករ​ថៃ​ធ្នូ​សឹក​ឡេ​ក អ​.​ហ្វា​ន់​មឿង និង​កីឡាករ​ថៃ​សុ​ផាប​ណ​យ ស​.​ចពៀក​អ៊ុ​ថៃ ដើម្បី​ដណ្តើម​រក​៣​ពិន្ទុ​បន្ថែម​ក្នុង​ជុំ​ទី​២ វគ្គ​ជម្រុះ​ដណ្តើម​ពាន លើស​ង្វៀន​ស៊ី​អិន​ស៊ី នា​ថ្ងៃអាទិត្យ​ទី​២៨ ខែតុលា ឆ្នាំ​២០១៨​នេះ។

កីឡាករ​មកពី​ជាយដែន សុខ ធី (​ហៅ​កា​កា​)​គេ​និង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ធ្នូ​សឹក​ឡេ​ក អ​.​ហ្វា​ន់​មឿង ដែល​បាន​យកឈ្នះ​លើ​កីឡាករ​តា​ញ់ មករា​កាលពី​ជុំ​ទី​១ ស្នៀត​ខ្លាំង​របស់គេ​ជើង​ទាត់​កាត់ និង​ជង្គង់​។ រីឯ​សុខ ធី បច្ចុប្បន្ន​គេ​ជា​ជើង​ខ្លាំង​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម​នេះ ដោយ​ធ្លាប់បាន​យកឈ្នះ​លើ​កីឡាករ​កម្ពុជា និង​កីឡាករ​ថៃ​ច្រើន​នាក់​កន្លងមក ដែល​ធ្វើ​ឲ្យ​គេ​មានឈ្មោះ​បោះ​សម្លេង​ហើយ​កំពុង​ត្រូវបាន​អ្នកទស្សនា​ច្រើន​ចាប់អារម្មណ៍​ចំពោះ​ស្នៀតគុន នៅពេល​គេ​ឡើង​ប្រកួត​ម្តងៗ​នោះ ហើយ​បានធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​ជាខ្លាំង​នោះ​។

ជាមួយនឹង​ស្នៀត​ខ្លាំង​ទាំង​ដៃ​ទាំង​ជើង​និង​កែង ហើយ​កម្លាំង​ស៊ុ​ហ្វ​ដ៏​ខ្លាំង​របស់​គេ​នោះបាន​ធ្វើ​ឲ្យ​កីឡាករ​សុខ ធី ផ្តួល​ដៃគូ​ជា​បន្តបន្ទាប់​ទាំង​កីឡាករ​ជើងចាស់ កីឡាករ​ជើង​ថ្មី និង​គូប្រកួត​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ផងដែរ​។ ចំណែក​កីឡាករ​ថៃ​ធ្នូ​សឹក​ឡេ​ក អ​.​ហ្វា​ន់​មឿង គេ​ពូកែ​តែ​ស្នៀត​ជើង​ទាត់ ជង្គង់ និង​ស្នៀត​កាច់​ផ្តួល​តែប៉ុណ្ណោះ ហើយ​ស្នៀត​ទាំងនេះ​ក៍​ត្រូវបាន​កីឡាករ​កម្ពុជា​សុខ ធី ធ្លាប់​ជួប​និង​បាន​យកឈ្នះ​ជា​បន្តបន្ទាប់​មកហើយ​ដែរ​។ ចាំមើល​រវាង​កីឡាករ​សុខ ធី និង​កីឡាករ​ថៃ​ធ្នូ​សឹក​ឡេ​ក អ​.​ហ្វា​ន់​មឿង នេះ​នរណា​ជា​អ្នកឈ្នះ​បាន​៣​ពិន្ទុ​បន្ថែម​?​។

ដោយឡែក​កីឡាករ​ស្រករ​ក្រោយ​តា​ញ់ មករា គេ​នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​សុ​ផាប​ណ​យ ស​.​ចពៀក​អ៊ុ​ថៃ ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម អ្នក​ទាំង​២​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក​នៅ​សង្វៀន​នេះ ហើយ​កីឡាករ​ទាំងពីរ​នាក់​នេះ​គឺជា​អ្នកចាញ់​ដូចគ្នា​ក្នុង​ជុំ​ទី​១​កន្លងមក​។ តា​ញ់ មករា គេ​ក៏​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប ក្នុងចំណោម​អ្នក​ប្រដាល់​ស្រករ​ក្រោយ​ដូចគ្នា ដែល​អ្នកតាមដាន​កីឡាប្រដាល់​កម្ពុជា​កំពុងតែ​ចាប់អារម្មណ៍​ចំពោះ​ស្នៀតគុន​របស់​កីឡាករ​រូបនេះ ដែល​ឡើង​ប្រកួត​ម្តងៗ​ធ្វើ​ឲ្យ​អ្នកទស្សនា​ជក់ចិត្ត​ជាខ្លាំង​នោះ​។

តា​ញ់ មករា ជា​អ្នក​ប្រដាល់​ដែលមាន​កណ្ដាប់ដៃ និង​កម្លាំង​ជើង​ទាត់​ខ្លាំង តែ​មិនសូវ​សំបូរ​ច្ចេកទេស​និង​ល្បិចកល​ប្រកួត​ប៉ុន្មាន​ឡើយ ក៏​ប៉ុន្តែ​គេ​មាន​កម្លាំង​ស៊ុ​ហ្វ​ខ្លាំង​។ ពីមុន​មករា​គេ​វ៉ៃ​អាង​តែ​លើ​កម្លាំងបាយ​តែប៉ុណ្ណោះ តែមួយ​រយះ​មក​គេ​វាយ​ចេញ​ដោយ​កណ្តាប់ដៃ​ដាល់​ត្រូវចំ​គោលដៅ​បាន​ច្រើន មួយៗ​តែ​ធ្ងន់​ចំណែក ឯ​ការពារ​របស់គេ ក៏បាន​ល្អ​និង​រឹងមាំ​ផងដែរ តែ​យ៉ាងណា​គេ​ភ្លាត់​ចាញ់​កីឡាករ​ថៃ​ក្នុង​ជុំ​ទី​១​បានតែ​១​ពិន្ទុ​ប៉ុណ្ណោះ​។ ចាំ​មើល​ធន់ មករា ជា​អ្នកឈ្នះ​ ឬ ​កីឡាករ​ថៃ​សុ​ផាប​ណ​យ ស​.​ចពៀក​អ៊ុ​ថៃ នរណា​ជា​អ្នកឈ្នះ​ទទួលបាន​៣​ពិន្ទុ​នោះ​?៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114