ព័ត៍មានទាន់​ហេតុការណ៏
Search

អ្នក​វិនិយោគ​បរទេស ​បើក​ជំនួប​ពាណិជ្ជកម្ម​នៅ​កម្ពុជា​ ដើម្បី​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​រូបិយប័ណ្ណ​ឌី​ជី​ថល​

ភ្នំពេញ ​៖ ​ក្រុមហ៊ុន អភិវឌ្ឍន៍​បច្ចេកវិទ្យា​កសិកម្ម​អូស្ត្រាលី បេឡា​អភិវឌ្ឍន៍​កសិកម្ម​ស្វី​ស និង បេឡា​ពាណិជ្ជកម្ម​អាស៊ី ​កាលពី​រសៀល​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០១៨នេះ បាន​បើក​ជំនួប​ពាណិជ្ជកម្ម​មួយ​នៅ​សណ្ឋាគារ​ណាហ្គា​វើ​លដ៍​រាជធានី​ភ្នំពេញ ​ដើម្បី​ពិភាក្សា​គ្នា​ ស្តីពី​ការ​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​សម្រាប់​យកទៅ​ប្រើ​ប្រាស់​នៅ​វិស័យ​នានា​។​

ការបង្កើត​រូបិយប័ណ្ណ​ឌីជីថល​នេះ​ក៏មាន​ក្រុមហ៊ុន​ឧបត្ថម្ភ​ផ្នែក​ទីផ្សារ​មួយចំនួន​ផងដែរ​ក្នុងនោះ​រួមមាន​ក្រុមហ៊ុន​អុ​ប​ប៉ូ ក្រុមហ៊ុន​អាកាសចរណ៍ Shenzhen និង​ក្រុមហ៊ុន Expedia។​

លោក Edward Miller ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ក្រុមហ៊ុន One Financial Corporation បានឲ្យ​ដឹងថា​ជំនួប​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នេះ ជា​ជំហាន​ឆ្ពោះទៅរក​រូបិយប័ណ្ណ​ឌីជីថល One Agriculture Coin ដែល​ផ្តល់ជូន​នូវ​មុខងារ​ជាច្រើន​ដើម្បី​បង្កើន​តម្លៃ​របស់ខ្លួន​នៅក្នុង​ទីផ្សារ​។​

លោក​បាន​បន្តថា One Agriculture Coin នឹង​ក្លាយ​ជា​រូបិយប័ណ្ណ​ រួមមួយ​និង​ជា​ទ្រព្យ​សកម្ម​មួយ នៃ វិស័យ​ហិរញ្ញវត្ថុ​ទៅ​ពេលអនាគត​។​

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា One Financial Corporation បាន​បង្កើត​តម្លៃ​សាជីវកម្ម​របស់ខ្លួន​តាមរយៈ​ការ​ផ្តល់​មូលនិធិ​នានា ពី​វិនិយោគិន​ជាច្រើន និង វិនិយោគ​ឡើងវិញ​ទៅលើ​ការអភិវឌ្ឍន៍​កសិកម្ម ដែលមាន​ការទិញ​ដីធ្លី ការបង្កើន​ម៉ាក​ផលិតផល បច្ចេកវិជ្ជា​កសិកម្ម​ថ្មីៗ និង​ផ្នែក​ផ្សេងៗ​ទៀត​ជា​ច្រើន​។

នៅ​ឆ្នាំ​២០១៦ វិនិយោគិន​ដែលជា​ដៃគូ បាន​នាំយក​ម្រេច​កំពត​នៃ​ប្រទេស​កម្ពុជា​ទៅលើ​ទីផ្សារ ហើយ​ក៏​បាន​ចាប់​ឱកាស​ដ៏​ពិសេស​នេះ ដើម្បី​ក្លាយជា​តួអង្គ​ដ៏​ធំ​បំផុត និង មាន​សក្ដានុពល​ខ្ពស់​។

បន្ទាប់មក ពួកគាត់​បាន​ណែនាំ​បច្ចេកវិទ្យា​កសិកម្ម​របស់​ខ្លួន ទៅក្នុង​កសិដ្ឋាន ដាំ​ម្រេច​ជាច្រើន និង​បន្ត​ដំណើរ​ទៅមុខទៀត ដើម្បី​រួមបញ្ចូល​ដំណើរការ​នៃ​ការដាំដុះ ការកែច្នៃ ការ​វេច​ខ្ចប់ ការចែក​ចាយ​និង​ការនាំចេញ​ជាដើម​។​

គួរ​បញ្ជាក់​ថា ​រូបិយប័ណ្ណ One Agriculture Coin​នេះ នឹង​អាច​ប្រើប្រាស់​នៅ​ក្នុង​វិស័យ​កាស៊ីណូ​ដែល​បង្កើត​ភាពជា​ដៃគូ​ជាមួយ​កាស៊ីណូ​ជាច្រើន​នៅ​អាស៊ី និង បង្កើត​ការ​ផ្លាស់ប្ដូរ​សាច់ប្រាក់​។​

ចំណែក​វិស័យ​ទេសចរណ៍ អាច​ប្រើប្រាស់​វា​ជា​ថ្នូរ​នឹង​សំបុត្រ​យន្តហោះ ថ្លៃ​សណ្ឋាគារ និង ដៃគូ​បដិសណ្ឋាកិច្ច​ផ្សេងទៀត​ជាច្រើន​ និង​ប្រើប្រាស់​ក្នុង​វិស័យ​IPO-ICO Exchange៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114