Connect with us

ព័ត៌មានជាតិ

កម្ពុជា ជួបព្យុះ៣ក្នុងពេលតែមួយ ចាប់ពីថ្ងៃទី១៩នេះ ដល់ថ្ងៃទី២៨ កញ្ញា

បានផុស

នៅ

យោងតាមការអង្កេត ពិនិត្យ និងវិភាគលើស្ថានភាពធាតុអាកាស និងអាកាសធាតុក្នុងតំបន់ និងព្រះរាជាណាចក្រកម្ពុជា របស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពុជា​នឹងជួបព្យុះចំនួន៣ក្នុងពេលតែមួយចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ដែលនឹងធ្វើឲ្យមានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់។

តាមការប្រកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃទី១៩កញ្ញានេះ ព្យុះទាំង៣ដែលនឹងជះឥទ្ធិពលលើកម្ពុជានេះ គឺជាព្យុះទី១៧ ឈ្មោះ មីតាក (T2517) ព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា (T2518) និងព្យុះទី១៩ ឈ្មោះ នេហ្គោវី (T2519) ។ ព្យុះទាំង៣នេះ គឺកើតឡើងដោយសារការវិវដ្ដពីសម្ពាធទាបដែលកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន ឈូងសមុទ្រថៃ អាងទន្លេមេគង្គ សមុទ្រចិនខាងត្បូង និងលើព្រះរាជាណាចក្រកម្ពុជា។ តែទោះយ៉ាងណា គន្លងផ្លូវដើររបស់ព្យុះទាំង៣នេះ ពុំមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជានោះទេ។

តាមការប្រកាសដដែល ស្ថានភាពបែបនេះ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ នឹងធ្វើឱ្យធាតុអាកាស នៅតំបន់វាលទំនាប មាន ខេត្តបន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងរាជធានីភ្នំពេញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់ បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៦០%។

តំបន់ខ្ពង់រាប មាន ខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និង តំបន់ជួរភ្នំក្រវាញ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និង ខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។

តំបន់មាត់សមុទ្រ មាន ខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ មានបរិមាណទឹកភ្លៀងកើនឡើងយ៉ាងខ្លាំង និងមានខ្យល់បោកបក់ខ្លាំងជាមួយបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៧០%។ រលកសមុទ្រខ្លាំងៗ មានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ២,៥០ម៉ែត្រ។

យោងលើការព្យាករ ក្រសួងធនធានទឹកប្រកាសឲ្យសាធារណជនមានការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសអ្នកដែលធ្វើដំណើរតាមផ្លូវគោគ និងផ្លូវទឹក៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម