ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រះរាជអាជ្ញា​អារ៉ាប៊ីសាអ៊ូឌីត​ទៅដល់​ទី​ក្រុង​អ៊ី​ស្តង់​ប៊ុល​សម្រាប់​ការស៊ើបអង្កេត​ករណី​លោក Kashoggi

ទីភ្នាក់ងារ​ព័ត៌មាន Anadolu របស់​រដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រមុខ​រាជអាជ្ញា​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ទៅដល់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​ហើយ ​ដែលជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ទៅលើ​ករណី​ឃាតកម្ម​អ្នកកាសែត Jamal Khashoggi។​

Anadolu បាន​បន្ថែមថា ព្រះរាជអាជ្ញា Sheikh Saud al-Mojeb បាន​ទៅដល់​អាកាសយានដ្ឋាន Ataturk របស់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​តាម​យន្តហោះ​ឯកជន​នៅពេល​យប់​។​

គាត់​ត្រូវបាន​គេ​រំពឹងថា​នឹង​ជួប​ជាមួយ​អគ្គ​រដ្ឋអាជ្ញា​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​លោក Irfan Fidan ហើយ​ធ្វើដំណើរ​ទៅ​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​ដែលជា​កន្លែង​លោក Khashoggi ត្រូវបាន​សម្លាប់​។​
​អ្នកសារព័ត៌មាន​អាយុ​៥៩​ឆ្នាំ​របស់​កាសែត Washington Post រូបនេះ​ដែល​បាន​រិះគន់​ព្រះមហាក្សត្រ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត Mohammad bin Salman គឺ​បាន​បាត់​ខ្លួន​ក្រោយពី​ចូលទៅក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត​នៅ​ថ្ងៃទី​២​ខែតុលា​ដើម្បី​ទទួលយក​ឯកសារ​សម្រាប់​អាពាហ៍ពិពាហ៍​របស់គាត់​ជា​មួយគូ​ដណ្ដឹង​ដែលមាន​សញ្ជាតិ​ទួរគី​។​

របាយការណ៍​នៅក្នុង​បណ្តាញសារព័ត៌មាន​ទួរគី​បាន​ចោទប្រកាន់ថា​គាត់​ត្រូវបាន​សម្លាប់​និង​កាត់​សាកសព​ជា​បំណែក​ដោយ​ក្រុម​មួយ​ដែល​បញ្ជូន​ពី​អារ៉ាប៊ីសាអ៊ូឌីត​ដើម្បី​ទៅ​បំបិទមាត់​គាត់​។​
​ព្រះរាជអាជ្ញា​អារ៉ាប៊ីសាអ៊ូឌីត​បានធ្វើ​ដំណើ​រ​ទៅកាន់​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​បន្ទាប់ពី​ទទួលស្គាល់​កាលពី​សប្ដាហ៍​មុន​ថា ការសម្លាប់​នេះ​ត្រូវបាន​គិតទុក​ជាមុន​ដោយ​ផ្អែកលើ​ភស្តុតាង​នៃ​ការស៊ើបអង្កេត​របស់​ទួរគី​។​

អាជ្ញាធរ​អារ៉ាប៊ីសាអ៊ូឌីត​បាន​ចាប់ខ្លួន​បុរស​ចំនួន​១៨​នាក់​នៅក្នុង​ករណី​ឃាតកម្ម​នេះហើយ​ប្រធានាធិបតី​ទួរគី​លោក Recep Tayyip Erdogan បានស្នើ​សុំ​ឲ្យ​ពួកគេ​ត្រូវធ្វើ​បត្យាប័ន​សម្រាប់​ការកាត់ទោស​នៅ​ប្រទេស​ទួរគី​។​

ទោះបីជា​យ៉ាងណាក៏ដោយ ទីក្រុង​រី​យ៉ា​ដ​បាន​ច្រានចោល​សំណើ​នេះ​ដោយ​និយាយថា ពួកគេ​នឹង​ត្រូវបាន​កាត់ទោស​នៅក្នុង​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។​

គួរ​បញ្ជាក់ថា សាកសព​របស់លោក Khashoggi ដែល​ធ្លាប់ជា​បុគ្គល​ស្ថិតនៅក្នុង​រង្វង់​រាជវង្ស​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​គឺ​នៅតែ​មិនទាន់​ត្រូវបាន​គេ​រកឃើញ​នៅឡើយ​៕ AFP



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114