ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា គ្រោង​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​ប្រទេស Sierra Leone នា​ពេល​អនាគត​ដ៏​ខ្លី​

ភ្នំពេញ​៖ លោក Joseph J. Ndanema រដ្ឋមន្ត្រី​ក្រសួងកសិកម្ម និង​រុក្ខា​ប្រមាញ់​ នៃ​ប្រទេស Sierra Leone បាន​ថ្លែងថា គណៈ​ប្រតិភូ​ប្រទេស Sierra Leone មកកាន់​កម្ពុជា​នៅពេលនេះ​ គឺ​ដើម្បី​ធ្វើការ​សិក្សា​លើ​ការចុះ​កិច្ចព្រមព្រៀង ​នៃ​ការយោគយល់​គ្នា​ក្នុងការ​នាំចេញ​អង្ករ​កម្ពុជា (MOU) ទៅកាន់​ប្រទេស ប្រទេស Sierra Leone នាពេល​អនាគត​។​

លោក Joseph J. Ndanema បាន​ថ្លែង​បែបនេះ​បានធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ច័ន្ទ​៥​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែ​តុលា ឆ្នាំ​២០១៨ ក្នុង​ជំនួប​ជា លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ ដើម្បី​ពិភាក្សា​ការងារ ទី​១-​ស្ដីពី​កិច្ច​សហ​ប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង​ទី​២-ពិនិត្យ​លទ្ធភាព​ក្នុង​ការ​នាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ Sierra Leone នាពេល​អនាគត​ដ៏​ខ្លី​។​

​នាឱកាស​នេះ​ លោក Joseph J. Ndanema បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ការវិវឌ្ឍន៍​រីក​ចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម​ដែល​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​បាន​នា​ពេល​កន្លង​មក ការ​រីកចម្រើន​នេះ​បាន​ចូលរួមចំណែក​លើកកម្ពស់​កម្រិតជីវភាព កាត់បន្ថយ​ភាព​ក្រីក្រ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​បាន​យ៉ាង​ល្អ​ប្រសើរ​។​

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ថា​ វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​ប្រទេស​យើង​ទាំងពីរ​ ក្នុងការ​ចាប់ផ្ដើម​ភ្ជាប់​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​លើ​គ្រប់​វិស័យ​ជា​រួម និង​ដោយឡែក​ គឺ​វិស័យ​កសិកម្ម​ដែល​វិស័យ​នេះ​កម្ពុជា​កំពុង​បោះជំហាន​ទៅមុខ​យ៉ាង​ល្អ​ប្រសើរ និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ដែល​ប្រទេស​របស់​លោក​អាច​រៀន​សូត្រ និង​ដកស្រង់​បទពិសោធន៍​តាម​ពី​អ្វី​ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់ ពុះពារ​គ្រប់​ឧប​សគ្គ​រហូត​សម្រេច​បាន​ជោគជ័យ​ ដែល​ប្រជាពលរដ្ឋ​កម្ពុជា​ទទួលបាន​ដូច​ថ្ងៃនេះ ពិសេស​នោះ​គឺ​ផលិតកម្ម​ស្រូវ​អង្ករ​ដែល​ពិភពលោក​ទទួលស្គាល់​យ៉ាង​ទូលំទូលាយ​ថា​ជា​អង្ករ​មានគុណ​ភាព រស​ជាតិ​ឈ្ងុយឆ្ងាញ់ និង​ក្លិន​ក្រអូប​ប្រហើរ​ទៀត​ផង ហើយ​ត្រូវ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​នៅ​ទូទាំង​ពិភពលោក និង​ពិសេស​ជាង​នេះ ឆ្នាំ​២០១៨ អង្ករ​កម្ពុជា​ត្រូវបាន​ជាប់​លំដាប់ថ្នាក់​លេខ​១​។​

​លោក Joseph J. Ndanema បាន​បញ្ជាក់ថា ​ប្រទេស​របស់​លោក​មាន​ស្ថានភាព និង​ដំណើរការ​ នៃ​ការ​កសាង និង​អភិវឌ្ឍ​ប្រទេស​ប្រហាក់ប្រហែល​នឹង​ប្រទេស​កម្ពុជា គឺ​ងើប​ចេញពី​សង្គ្រាម​រ៉ាំរ៉ៃ ហេដ្ឋា​រចនាសម្ព័ន្ធ​រូបវន្ត​ ត្រូវបាន​បំផ្លាញ​ស្ទើរ​ទាំង​ស្រុក សន្តិសុខ​ស្បៀង ​ត្រូវបាន​ប្រឈម​។​ល​។
បច្ចុប្បន្ន​ប្រទេសមួយ​នេះ​បាននិងកំពុង​កសាង និង​អភិវឌ្ឍ​ជា​បណ្ដើរ តែ​ទោះជា​យ៉ាងណា​ផលិតកម្ម​ស្រូវ​អង្ករ​នៅ​ជួប​បញ្ហា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​ស្បៀង​។

ហេតុផល​នេះ គឺជា​កត្តា​ចម្បង​ដែល​លោក​ និង​ប្រតិភូ​សម្រេចចិត្ត​មក​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​ព្រះ​រាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ ដើម្បី​ធ្វើការ​សិក្សា​លើ​ការ​ចុះ​កិច្ចព្រមព្រៀង ​នៃ​ការយោគយល់​គ្នា​ក្នុង​ការ​នាំចេញ​អង្ករ​កម្ពុជា (MOU) ទៅកាន់​ប្រទេស​របស់​លោក​នា​ពេល​អនាគត​។​

​មានមតិ​ស្វាគមន៍ ​លោក​រដ្ឋមន្ត្រី វេ​ង សាខុន ក្នុងនាម​រាជរដ្ឋាភិបាល និង​ក្នុងនាម​ក្រសួង លោក​រដ្ឋ​មន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ លោក Joseph J. Ndanema និង​ប្រតិភូ ដែល​បាន​ចំណាយ​ពេល​វេលា​ដ៏​មានតម្លៃ​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​នា​ពេល​នេះ ស្រប​ពេលដែល​កម្ពុជា​កំពុងតែ​មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ ពិសេស​វិស័យ​កសិកម្ម ក្នុង​នោះ​អនុ​វិស័យ​នាំមុខគេ​ គឺ​ផលិតកម្ម​ស្រូវ​អង្ករ ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​និង​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ​ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ធ្វើ​ឲ្យ​ប្រទេស​ចេញ​ផុតពី​សង្គ្រាម​រ៉ាំរ៉ៃ ហើយ​បាន​ធ្វើ​ប្រទេស​មាន​អសន្តិសុខ​ស្បៀង មក​ជា​ប្រទេស​មាន​សុខ​សន្តិភាព និង​សល់​ស្បៀង​ចំនួន​៥,៥​លាន​តោន សម្រាប់ធ្វើ​ការនាំចេញ​។ ក្រៅពី​ធ្វើ​ស្រូវ កម្ពុជា​នៅ​មាន​ផលិតផល​កសិកម្ម​ជាច្រើន​ទៀត​ដូចជា ដំឡូង​មី ស្វាយ ស្វាយចន្ទី ដែល​ផលិតកម្ម​ទាំងនោះ​កំពុង​តែ​មាន​សក្ដានុពល​ធ្វើការ​វិនិយោគ កែច្នៃ និង​នាំចេញ​។​

​លោក​រដ្ឋមន្ត្រី វេ​ង សាខុន ក៏បាន​បញ្ជាក់ជូន​ភ្ញៀវ​ផង​ដែរ​ថា បច្ចុប្បន្ន​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ និង​គោលនយោបាយ​អភិវឌ្ឍ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​គាំទ្រ​សំខាន់ៗ​ជាអាទិ៍ ​៖ ផ្លូវ​គមនាគមន៍ កំពង់ផែ​ទឹង​ជ្រៅ ព្រលានយន្តហោះ ការ​ផ្គត់ផ្គង់​អគ្គិសនី​។​ល​។ ដោយឡែក​ក្រសួង​បាននិងកំពុង​ជំរុញ​ការ​អភិវឌ្ឍ​ធនធានមនុស្ស ការ​ធ្វើ​ពិពិធ​កម្ម​កសិកម្ម ពាណិជ្ជូ​បនីយកម្ម ជាមួយ​នឹង​ធ្វើ​ទំនើបកម្ម​កសិកម្ម និង​ជំរុញ​ការកែច្នៃ វេច​ខ្ចប់​ដើម្បី​បង្កើន​ការនាំចេញ​កសិផល​កម្ពុ​ជានា​ពេល​អនាគត​។​

​នាឱកាស​នេះ​ផងដែរ ​ភាគី​ទាំង​ពីរ បាន​ផ្លាស់ប្ដូរ​បទពិសោធន៍ និង​មេរៀន​ល្អ​ទៅវិញទៅមក​ទាក់ទង ​៖ -​ការ​បណ្ដុះបណ្ដាល និង​អភិវឌ្ឍ​ធនធានមនុស្ស -​ការរៀបចំ​ចងក្រង និង​គ្រប់គ្រង​សហគមន៍​កសិករ -​ការងារ​ផ្សព្វផ្សាយ​កសិកម្ម -​ព័ត៌មាន​ទីផ្សារ និង​តម្លៃ​កសិផល ពិសេស​បន្លែ -​គម្រោង​នានា​ដែល​ទទួលបាន​ពី​ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ អន្តរជាតិ និង​វិស័យ​ឯកជន​ទាក់ទង​នឹង​ស្តង់ដារ​អនាម័យ និង​ភូត​ភា​ម​អនាម័យ​សម្រាប់​ទីផ្សារ​ក្នុងស្រុក​និង​ទីផ្សារ​អន្តរជាតិ -​ការ​លើកកម្ពស់​សហគ្រាស​ខ្នាត​តូច​ និង​មធ្យម -​វិស័យ​កែច្នៃ និង​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ជួយ​ទ្រទ្រង់​វិស័យ​នេះ -​ការអនុវត្ត​កសិ​កម្ម​តាម​កិច្ចសន្យា និង​-​ការ​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​លើ​វិស័យ​កសិកម្ម​នា​ពេល​អនាគត​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114