ព័ត៍មានទាន់​ហេតុការណ៏
Search

គង់ ចាន់​រដ្ឋា បង្ហើប​ពី​ការ​ចំណាយ​លុយ​សង់ផ្ទះ​វិឡារ​ថ្មី​

ភ្នំពេញ​ ៖ ​ស្រប​ពេលដែល​អាជីព​សិល្បៈ​កំពុងតែ​ទទួលបាន​ភាពជោគជ័យ​និង ការគាំទ្រ​ពី​សំណាក់​ទស្សនិកជន​ តារា​ចម្រៀង​មាន​ដើមកំណើត​មកពី​ទឹកដី​ប្រវត្តិសាស្ត្រ​ខេត្តសៀមរាប​អង្គរ​កញ្ញា គង់ ចាន់​រដ្ឋា ថ្មីៗ​នេះ ​បានធ្វើ​ឲ្យ​មហាជន​ជាច្រើន​មានការ​ភ្ញាក់ផ្អើល ​និង​ចាប់អារម្មណ៍​ខ្លាំង​ ក្រោយ​ពេល​ដែល​ម្ចាស់ខ្លួន​ទម្លាយ​ពី​ការ​សាងសង​វិឡារ​ស្កឹមស្កៃ​មានតម្លៃ​ខ្ទង់​រាប់ម៉ឺន​ដុល្លារ​។

ជាមួយ​គ្នា​នៃ​ការទម្លាយ​រូបភាព​បង្ហាញ​ឲ្យ​ឃើញ​ពី​ផ្ទះ​វិឡារ​ថ្មី​មានតម្លៃ​រាប់ម៉ឺន​ដុល្លារ​នេះដែរ​តារាចម្រៀង​ម្ចាស់​បទ កុំ​ហៅ​ខ្ញុំ​ថា​ស្រី​ចាស់ កញ្ញា គង់ ចាន់​រដ្ឋា ក៏បាន​ប្រកាសប្រាប់​មហា​ជន​ឲ្យ​ដឹង​ជា​សាធារណៈ​ថា ​វិឡារ​កូនកាត់​របស់​នាង​ដែល​ចំណាយពេល​សាងសង់​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ ​បច្ចុប្បន្ន​គឺ​សាងសង​ជិត​រួចរាល់​បាន​១០០​ភាគរយ​ហើយ​។​



ចាប់អារម្មណ៍​នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​តារា​ស្រី​ស្រស់​កញ្ញា គង់ ចាន់​រដ្ឋា កាលពី​ថ្មីៗ​មុននេះ​នាង ​ទើប​បង្ហោះ​សារ​ភ្ជាប់​ជាមួយ​រូបភាព​នៃ​ផ្ទះ​វិឡារ​កូនកាត់​នោះ​ថា ​ផ្ទះ​វិឡារ​កូនកាត់​របស់ខ្ញុំ​ជិត​រួច​១០០​ភាគរយ​ហើយ​ វា​មិន​ធំ​ទេ តែ​ចង់​ប្រាប់ថា រដ្ឋា មាន​សេចក្ដីសុខ​ណាស់ ជួបគ្នា​ឆាប់ៗ​នេះ​ណា​កូន​សំណប់ ហើយ​ចាំ​ទុក​មនុស្ស​មួយចំនួន​….​។​

លើសពីនេះទៅទៀត​តារាចម្រៀង​កញ្ញា គង់ ចាន់​រដ្ឋា បាន​បង្ហើប​ប្រាប់​កម្ពុ​ជាថ្មី​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៨​ថា ​រូបភាព​ដែល​ខ្ញុំ​បាន​បង្ហោះ​នៅលើ​បណ្តាញ​សង្គម​នោះ​ពិតជា​វិឡារ​ផ្ទាល់ខ្លួន​ដែល​ខ្ញុំ​បាន​ចំណាយពេល​សាងសង់​អស់​ជាច្រើន​ខែ​មកហើយ​។​ វិឡារ​នេះ​គឺជា​ប្រភេទ​កូនកាត់​ដែល​ខ្ញុំ​ត្រូវ​ចំណាយលុយ​លើ​ការសាងសង់​អស់​ចំនួន​ជាង​១០​ម៉ឺន​ដុល្លារ​ឯណោះ​។​



ចំពោះ​ផ្ទះ​វិឡារ​ថ្មី​សាងសង់​យ៉ាង​ស្កឹមស្កៃ​របស់​តារាចម្រៀង​កញ្ញា គង់ ចាន់​រដ្ឋា ខាងលើនេះ​គឺមាន​ទីតាំង​ស្ថិតនៅ​ម្តុំ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង​។ ​ចំណែកឯ​ទឹក​លុយ​ដែល​បាន​ចំណាយ​នោះ​គឺជា​លុយ​បានមកពី​កម្លាំង​ញើស​ឈាម​នៃ​ការងារ​សិល្បៈ​និង​អាជីព​ផ្ទាល់ខ្លួន​ទាំងអស់​ពោលគឺ​ពុំមាន​ការជួយ​ទំនុក​ប​ម្រុងពី​ភាគី​ណាមួយ​នោះទេ ​ដូច្នេះ​សូម​ទស្សនិកជន​កុំ​មានការ​សង្ស័យ​លើ​រឿងរ៉ាវ​នេះ​។​

សូមបញ្ជាក់ថា​តារាចម្រៀង​ស្រអែម​ស្រស់​កញ្ញា គង់ ចាន់​រដ្ឋា បច្ចុប្បន្ន​ក្រៅពី​ជោគជ័យ​លើ​អាជីព​សិល្បៈ​នាង​ក៏​ទទួលបាន​ការគាំទ្រ​កាន់តែខ្លាំង​ពី​សំណាក់​មហាជន​ផងដែរ​តាមរយៈ​បទ​ចម្រៀង កុំ​ហៅ​ខ្ញុំ​ថា​ស្រី​ចាស់​។​មិនតែប៉ុណ្ណោះ​ចំពោះ​ជីវិត​គូ​ស្នេហា​របស់​នាង​ជាមួយ​តារាចម្រៀង​និង​មន្ត្រី​នគរបាល​លោក ស៊ិន សុភា ហាក់​កាន់​តែមាន​ភាព​ផ្អែមល្ហែម​និង​ស្និទ្ធស្នាល​ប្រៀបដូចជា​រលក​ញី​ឈ្មោះ​ផងដែរ​៕