ព័ត៍មានទាន់​ហេតុការណ៏
Search

ជម្រុះ​ខ្សែក្រវាត់​Wurkz ជុំ​ទី​៣ ​៖​ រឿង សា​រ័ត្ន ជួប Kev Kongvan ខ​ណៈ​ មាស សុជាតិ ជួប Keng Kat

ការប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​ជើងឯក​Wurkz ទម្ងន់​៦៧​គីឡូក្រាម នៅ​សង្វៀន​ទូរទស្សន៍​SEA TV នា​រសៀល​ថ្ងៃអាទិត្យ​ទី​០៤ ​វិច្ឆិកា​ ២០១៨​នេះ ជា​ការ​ប្រកួត​សប្តាហ៍​ទី​៧ ជុំ​ទី​៣ រវាង​អ្នក​ប្រដាល់​កម្ពុជា រឿង សា​រ័ត្ន ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ និង​អ្នក​ប្រដាល់​ថៃ​Kev Kongvan ហើយ​អ្នក​ប្រដាល់​កម្ពុជា​មាស​សុជាតិ និង​អ្នក​ប្រដាល់​ថៃ Keng Kat។

សម្រាប់​ជំនួប​ក្នុង​ជុំ​ទី​៣​នេះ រវាង រឿង សា​រ័ត្ន និង Kev Kongvan នេះ ពួកគេ​មិន​ធ្លាប់​ជួបគ្នា​ទេ​កន្លងមក ។ ​ពីរ​នាក់​នេះ គេ​មាន​សមត្ថភាព​ប្រហាក់ប្រហែលគ្នា​ទេ ហើយ​មាឌ ក៏​ប្រហែល​គ្នា​ដែរ ប៉ុន្តែ​គេ​ចាញ់​កំនត់ត្រា​ប្រកួត​ថៃ ។​

​Kev Kongvan គេ​មាន​កំនត់ត្រា​ប្រកួត​ចំនួន​៧៩​លើក ឈ្នះ​៦២​លើក ចាញ់​១៦​លើក និង​ស្មើ​០១​លើក ។ ចំណែក រឿង សា​រ័ត្ន គេ​មាន​កំនត់ត្រា​ប្រកួត​៨០​លើក ឈ្នះ​៦០​លើក ចាញ់​១៦ លើក និង​ស្មើ​០៤​លើក ។

ទោះជា​យ៉ាងណាក្តី សម្រាប់​ការជួបគ្នា​នេះ ពុំ​អាចសន្និដ្ឋាន​មុន​ថា អ្នកណា​ឈ្នះ អ្នកណា​ចាញ់​នោះឡើយ ហើយពីរ​នាក់​នេះ ក៏​មិនអាច​អ្នកណា​មើលស្រាល​អ្នកណា​បានដែរ ។​
ប៉ុន្តែ​យ៉ាងណា រឿង សា​រ័ត្ន ជួប Kev Kongvan នៅក្នុង​ព្រឹត្តិការណ៍​ខ្សែក្រវាត់​ជុំ​ទី​៣​នេះ គេ​ពុំ​ដឹងថា​នរណា​ជា​អ្នកមាន​សំណាងល្អ​នោះទេ ព្រោះ​អ្នក​ប្រដាល់​ពីរ​នាក់​នេះ ជា​អ្នក​ប្រដាល់​ជើងចាស់​ដូចគ្នា។​

អ្នក​ប្រដាល់​ថៃ​Kev Kongvan នេះ មាន​របៀប​វាយ​ល្អ គឺ​វាយ​ដោយ​មិន​បង្ខំ គេ​វាយ​ចេញ​មួយៗ​តែ​ច្បាស់​ហើយ​វាយ​ចេញ​ភាគច្រើន​ចំ​គោលដៅ​បានល្អ ។ ដូច្នេះ ចាំមើល ការប្រកួត​ក្នុង​ជុំ​ទី​២​នេះ តើ​រឿង សា​រ័ត្ន អាច​យកឈ្នះ Kev Kongvan បាន​ឬ​អត់​នោះ ? ។​

ចំពោះ មាស សុជាតិ អ្នក​ប្រដាល់​ក្លិប​ឃ្លាំងមឿង​កីឡា ត្រូវគេ​អោយ​ឡើង​ប្រកួត​ជំនួស​ជឹម ចិ​ត្រា អ្នក​ប្រដាល់​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ ដែល​ត្រូវបាន​ដក​ចេញពី​ការប្រកួត​នេះ ដោយសារតែ​ចិ​ត្រា​មិនអាច​ទៅរួច ។ ឆ្លងកាត់​ពីរ​ប្រកួត​កន្លងមក ចិ​ត្រា​ឡើង​វាយ​បាន​ម្តង​ប៉ុណ្ណោះ ដោយ​ចាញ់​អ្នក​ប្រដាល់​ថៃ​Pheach Aruon ក្នុង​ទឹក​ទី​១ ហើយ​លើក​ទី​២ គេបោះបង់​ការប្រកួត ទើប​អ្នក​ផ្គូផ្គង​ដោះដូរ​ចេញ ។ មាស សុជាតិ គេ​ស្ម័គ្រចិត្ត​បន្ត​ការប្រកួត​ជម្រុះ​នេះ ។​

មាស សុជាតិ ត្រូវ​ជួប​ប្រកួត​ជាមួយ​Keng Kat សម្រាប់​ជំនួប​ជុំ​ទី​៣​នេះ ។​ពួកគេ​ទាំងពីរ​នេះ មិនដែល​ប៉ះគ្នា​ទេ​ពីមុនមក ។ យ៉ាងណា មាស សុជាតិ គេ​ត្រូវតែ​ព្យាយាម​យកឈ្នះ​មួយ​ប្រកួត​នេះ​អោយបាន ដើម្បី​ស្តារ​ពិន្ទុ​បន្សល់​ពី​ជឹម ចិ​ត្រា ដែល​ពីរ​ប្រកួត​បានតែ​១​ពិន្ទុ​នោះ ។ ប៉ុន្តែ​យ៉ាងណា ជួប​ជាមួយ​Keng Kat ដែល​ខ្លាំង​នោះ ពុំ​ដឹងថា​មាស សុជាតិ​អាច​យកឈ្នះ​បានសម្រេច​ឬ​អត់​នោះទេ ? ។
Keng Kat ជា​ជើង​ខ្លាំង​ដែរ​នៅក្នុង​ចំណោម​កីឡាករ​ថៃ​៤​រូប ដែល​ចូលរួម​ក្នុងការ​ប្រកួត​ជម្រុះ​ដណ្តើម​ខ្សែក្រវាត់​Wurkz ទម្ងន់​៦៧​គីឡូក្រាម​នេះ ។ Keng Kat​ឆ្លងកាត់​ការ​ជម្រុះ​ពីរលើក​កន្លងមកនេះ គឺ​គេ​ឈ្នះ​ទាំង​២​លើក មាន​៦​ពិន្ទុ ហើយ ។ Keng Kat គេ​ក៏​ត្រូវការ​ឈ្នះ​មាស សុជាតិ​ដែរ ដើម្បី​សន្សំ​ពិន្ទុ​ឲ្យ​បាន​ច្រើន សម្រាប់​បាន​ឡើងទៅ​ផ្តាច់ព្រ័ត្រ ។​

ទោះជា​យ៉ាងណា Keng Kat មិនដឹងថា​អាច​ឈ្នះ​មាស សុជាតិ​បាន​ឬ​អត់​នោះទេ ?​តែបើ​តាម​ក្រុម​វិភាគ​ប្រដាល់​ថា Keng Kat​ប្រហែលជា​មានសង្ឃឹម​ឈ្នះ​ច្រើនជាង​ចាញ់​មាស សុជាតិ ព្រោះថា​បទពិសោធន៍​រប​ស់​គេ​ច្រើនជាង​សុជាតិ ។​

Keng Kat មាន​ប្រវត្តិ​ប្រកួត​ចំនួន​៩៥​លើក ឈ្នះ​៧៤​លើក ចាញ់​១៨​លើក និង​ស្មើ​០៣​លើក ។ ចំណែក​ប្រវត្តិ​ប្រកួត​របស់​មាស សុជាតិ គឺ​ចំនួន​៦៣​លើក ឈ្នះ​៥៣​លើក ចាញ់​១០​លើក មិនដែល​ស្មើ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114