ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមហ៊ុន UnionPay បាន​ក្លាយ​ជា​ម៉ាក​សញ្ញា​ផ្លូវការ សម្រាប់​ការ​ទូទាត់​ប្រាក់ ក្នុង​កម្មវិធី​ប្រកួត​បាល់​ទាត់ AFF SUZUKI CUP 2018

ភ្នំពេញ ​៖ កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 បានសម្រេច​ជ្រើស​រើសយក ក្រុមហ៊ុន​ប្រព័ន្ធ​ទូទាត់​ប្រាក់​ជាស​កល​ដ៏​ធំ​មួយ ដែលមាន​ឈ្មោះថា “UnionPay” ធ្វើជា​ដៃគូ​ម៉ាក​សញ្ញា ក្នុងការ​ទូទាត់​ប្រាក់ ជា​លើកដំបូង​របស់ខ្លួន នៅក្នុង​កម្មវិធី នៃ​ការប្រកួត​កីឡាបាល់ទាត់ ដែលមាន​អ្នកទស្សនា​ច្រើនជាងគេ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​នេះ​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន របស់​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែល​បានចេញ​ផ្សាយ កាលពី​ថ្ងៃទី០​២ ខែ វិច្ឆិកា ឆ្នាំ​២០១៨​កន្លងទៅនេះ​។​

​ការចូលរួម​ជា​ដៃគូ​របស់ ក្រុមហ៊ុន UnionPay អន្តរជាតិ គឺមាន​បំណង​ប្រើប្រាស់ កម្មវិធី​ប្រកួត​កីឡា​ដ៏​មាន​ប្រជាប្រិយភាព នៅក្នុង​តំបន់​មួយ​នេះ ដើម្បី​ធ្វើ​មូលដ្ឋានីយកម្ម​ម៉ាក​យីហោ និង​អាជីវកម្ម​របស់​ខ្លួន ក៏ដូចជា​ចូលរួម​គាំទ្រ នៅក្នុង​វិស័យ​កីឡា​នៅក្នុង​ស្រុក និង​ក្នុង​សហគមន៍ នៅក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ផងដែរ​។​

​បើតាម​តួលេខ​ដែល​ទទួលបាន​, ក្រុមហ៊ុន UnionPay មាន​កាត UnionPay សរុប​ប្រមាណ​ជា​៧​ពាន់​លាន​កាត ដែល​បាន​ផ្ដល់​ជូន​ដល់​អ្នកប្រើប្រាស់​នៅក្នុង​៤៩​ប្រទេស និង​តំបន់ ហើយ​មាន​ជាង​៥១ លាន​អាជីវកម្ម និង ២.៦ លាន ម៉ាស៊ីន​ដក​ប្រាក់ ATM ដែល​ទទួល​ធ្វើការ​ទូទាត់​ប្រាក់​ជាមួយ​កាត់ UnionPay នៅក្នុង​ពិភពលោក ដែល​នាំ​ឲ្យ ក្រុមហ៊ុន UnionPay គឺជា​បណ្ដាញ​ទូទាត់​ប្រាក់ រីក​លូត​លាស់​លឿន​ជាងគេ​បំផុត​មួយ​នៅលើ​ពិភពលោក​។​

​ជាមួយគ្នានេះដែរ ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងទៅ​ថ្មីៗ​នេះ ក្រុមហ៊ុន UnionPay ក៏​ជា​អ្នក​នាំមុខគេ ក្នុងការ​ជំរុញ​ឲ្យ​មានការ​ប្រើប្រាស់ ប្រព័ន្ធ​ទូទាត់​ប្រាក់ តាមរយៈ QR កូដ នៅក្នុង​ប្រទេស​កម្ពុជា​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ថៃ និង​ប្រទេស​វៀតណាម​ផងដែរ ខណៈពេលដែល​បានដាក់​ឲ្យ​ដំណើរការ នូវ​ការ​ទទួល​ការទូត​ទាត់​កាត UnionPay តាមរយៈ​ម៉ាស៊ីន​ដក​ប្រាក់ ATM និង​ម៉ាស៊ីន​ឆូត​កាត និង​ចេញ​កាត​របស់ខ្លួន នៅ​ទូទាំងប្រទេស​ទាំង​១០ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​

​លោក Vincent Ling អគ្គនាយករង ​នៃ​ក្រុមហ៊ុន UnionPay International ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​បាន​ឲ្យ​ដឹងថា​ ៖ “​ក្រុមហ៊ុន UnionPay មាន​មោទនភាព ក្នុងការ​ក្លាយជា​ម៉ាក​យីហោ ទូទាត់​ប្រាក់​ជា​ផ្លូវការ សម្រាប់​កម្មវិធី​នៃ​ការប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 ដែលជា​កម្មវិធី​ប្រកួត​បាល់ទាត់​លេខ​មួយ ប្រចាំ​តំបន់​អាស៊ី ដែលមាន​អ្នកគាំទ្រ​ជាង​១០០​លាន​នាក់​នៅក្នុង​តំបន់​។ ជា​រៀងរាល់​២​ឆ្នាំ​ម្ដង យើង​តែងតែបាន​មើល ការប្រកួត​កីឡា​ដ៏​ល្អ​មួយ​នេះ ជាមួយនឹង​ការពេញចិត្ត ពី​អ្នកគាំទ្រ​កីឡា​បាល់ទាត់ សម្រាប់​កម្មវិធី​នៃ​ការប្រកួត​មួយ​នេះ​។ តាមរយៈ​ភាពជា​ដៃគូ​សម្ពោធ ក្រុមហ៊ុន UnionPay នឹង​ខិតខំ​ប្រឹងប្រែង​គាំទ្រ​ឲ្យ​អស់ពី​ចិត្ត ដល់​កីឡាបាល់ទាត់​ក្នុងស្រុក​, កីឡាបាល់ទាត់​ក្នុង​តំបន់ អាស៊ាន​, សហគមន៍​ក្នុង​តំបន់ និង​ការ​ភ្ជាប់​ជាមួយ​អ្នកគាំទ្រ នៅ​ក្នុង​វិស័យ​កីឡាបាល់ទាត់​ទាំងអស់ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។​”

​លោក​ឧត្ដមសេនីយ៍ ដែល​បាន​ចូលនិវត្តន៍ Dato’ Sri Azzuddin Ahmad ដែលជា អគ្គលេខាធិការ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន បាន​មានប្រសាសន៍ថា ​៖ “​យើង​មានការ​រំភើប​យ៉ាងខ្លាំង​ដែល AFF Suzuki Cup 2018 អាច​ស្វាគមន៍​ចំពោះ​ការចូលរួម ពី​ម៉ាក​យីហោ​ដ៏​រឹងមាំ​នៃ​ក្រុមហ៊ុន UnionPay។

ការប្រកួត នឹងត្រូវ​ចាប់ផ្ដើម​ក្នុង​រយៈពេល​ត្រឹមតែ១​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​។ ជាមួយ​ការគាំទ្រ​របស់​ក្រុមហ៊ុន UnionPay រួម​នឹង​សេវាកម្ម​របស់ UnionPay យើង​នឹង​ប្រាកដ​បាន​ថា នឹង​ធ្វើ​ឲ្យ​មានការ​ប្រកួត​មួយ​ដ៏​គួរឲ្យ​កត់សម្គាល់​មួយទៀត នៃ​ការប្រកួត​នៅក្នុង​ឆ្នាំនេះ​។​”

​ការប្រកួត​ពានរង្វាន់ AFF Suzuki Cup គឺជា​ការប្រកួត​កីឡាបាល់ទាត់​មួយ ដែល​រៀបចំឡើង​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ាន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) និង​មានការ​ចូលរួម​ប្រកួតប្រជែង ដោយ​ក្រុម​ជម្រើស​ជាតិ នៃ​ប្រទេស​និ​មួយៗ នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។

ការប្រកួត​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ស្វាគមន៍​ចំពោះ​ទម្រង់​លេង​ថ្មី ដែល​មាន​ការចូលរួម​ពី​ក្រុម ដែល​មាន​លក្ខណៈសម្បត្តិ​ពេញលេញ ចំនួន​១០​ក្រុម ដោយ​បែង​ចែក​ជា​២​ពូ​ល ក្នុង​នោះ​៥​ក្រុម​ក្នុង​មួយ​ពូ​ល ដែល​នឹងចូលរួម​ប្រកួត​លក្ខណៈ​វិលជុំ ដោយ​ក្រុម​នីមួយៗ ត្រូវ​លេង​ក្នុង​ទឹកដី​របស់​ខ្លួន​ ​ចំនួន​២​ប្រកួត និង​ក្រៅ​ទឹកដី​របស់ខ្លួន ចំនួន​២​ប្រកួត​។​

​ដើម្បី​ឲ្យ​កាន់តែ​ទាក់ទាញ ជាងនេះទៅទៀត​នោះ កិច្ចសហការ​ក្រោម​ការឧបត្ថម្ភ របស់​ក្រុមហ៊ុន UnionPay នៃ​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup 2018 អ្នកគាំទ្រ​កីឡាបាល់ទាត់ នៅក្នុង​ប្រទេស​កម្ពុជា អាច​ចូលរួម រីករាយ​លេង​កម្សាន្ត ជាមួយ​ហ្គេម ដើម្បី​ឈ្នះ​រង្វាន់ ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ក្នុង​យុទ្ធនាការ “ShineYourWay” របស់​ក្រុមហ៊ុន UnionPay ដែល​អាចមាន​ឱកាស​ឈ្នះ​សំបុត្រ ចូល​ទស្សនា​ការប្រកួត​នៅក្នុង​ស្រុក របស់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា និង​ស្លាក​សញ្ញា ដែល​មាន​ចុះ​ហត្ថលេខា ដោយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ចំនួន​២​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហ​ទំព័រ https://unionpaysuzukicup.com/

​អំពី​កម្មវិធី​ប្រកួត​កីឡាបាល់ទាត់ AFF Suzuki Cup

ពានរង្វាន់ AFF Suzuki Cup គឺជា​កម្មវិធី​ប្រកួត​បាល់ទាត់​មួយ ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡា​បាល់ទាត់​អាស៊ាន ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ សហព័ន្ធ​កីឡាបាល់ទាត់​អន្តរជាតិ (FIFA) ហើយ​ត្រូវបាន​ចូលរួម​ប្រកួតប្រជែង ដោយ​ក្រុម​ជម្រើស​ជាតិ​លំដាប់ A នៃ​ប្រទេស​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​

នៅ​ឆ្នាំ ២០១៨ នេះ គឺ​ការប្រកួត​លើក​ទី​១២ របស់ AFF Suzuki Cup ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី ៨ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ជាមួយ​ទម្រង់​ថ្មី​មួយ​។ ក្រុម​ដែលមាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​ចំនួន ១០​ក្រុម នឹង​ត្រូវ​បែងចែក​ជា​២​ពូ​ល ដែល​ក្រុម​ចំនួន​៥ ក្នុង​ពូ​ល​និ​មួយៗ ដោយ​ត្រូវ​លេង​ជា​ប្រព័ន្ធ​ប្រកួត​វិលជុំ​មួយ​ ជាមួយនឹង​ក្រុម​នីមួយៗ ក្នុងនោះ​មាន​ពីរ​ប្រកួត​នៅក្នុង​ទឹកដី​របស់ខ្លួន និង​ពីរ​ប្រកួត​ទៀត​នៅ ក្រៅ​ទឹកដី​របស់ខ្លួន​។

ទម្រង់​នៃ​ការប្រកួត​ជម្រុះ​តាម​ពូ​ល មិនមាន​ការ​ផ្លាស់ប្ដូរ​ឡើយ ដោយមាន​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ និង​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​លើ​ទឹកដី​កំណើត និង​ក្រៅ​ទឹកដី​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ​កាន់​គេហទំព័រ http://affsuzukicup.com/2018/៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114