ព័ត៍មានទាន់​ហេតុការណ៏
Search

លោក​ឧកញ៉ា ហ៊ួ​ត ជា ដឹកនាំ​សិល្បករ​ល្បីៗ​យក​អំណោយ​ចែក​ជូន​អង្គការ Afesip កម្ពុជា​

ភ្នំពេញ​ ៖​ នា​ព្រឹក​ថ្ងៃ​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ​ លោក​ឧកញ៉ា ហ៊ួ​ត ជា រួមជាមួយ​ក្រុម​ការងារ​ និង​សិល្បករ​បាន​នាំ​យក​ថវិកា ​ក៏ដូចជា​គ្រឿង​ឧបភោគ​បរិភោគ​ទៅ​ចែក​នៅ​អង្គការ Afesip កម្ពុជា ដែល​ផ្ដោត​លើ​ការថែទាំ និង​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារី​ដែល​ជា​ជនរងគ្រោះ ព្រមទាំង​ប្រឈម​នឹង​ការ​ជួញ​ដូរ និង​រំលោភបំពាន​ផ្លូវ​ភេទ​ដែល​ស្ថិត​នៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។​

នា​ឱកាស​នោះ​ដែរ​ លោក​ឧកញ៉ា ហ៊ួ​ត ជា អគ្គនាយក​ក្រុម​ក្រុមហ៊ុន ហ៊ួ​ត ជា ផ្គត់ផ្គង់​គ្រឿង​សំណង់​បាន​មានប្រសាសន៍ថា ​គោលដៅ​ដែល​លោក​ឧកញ៉ា​មក​ចូលរួម​ក្នុង​កម្មវិធី​នេះ ​៖ ១-ជួយ​ដល់​សង្គម ក៏​ដូចជា​អង្គការ ,២- រួមគ្នា​ធ្វើបុណ្យ ,៣- រួមគ្នា​ធ្វើ​អំពើ​ល្អ​ទាំងអស់​គ្នា ,៤-បំពេញ​គោលបំណង​របស់​ក្រុមហ៊ុន​ ក៏​ដូចជា​ លោក ហ៊ួ​ត ជា ,៥-​ផ្ដល់​ក្តី​សង្ឃឹម ​និង​ចែករំលែក​ក្ដី​ស្រលាញ់​ដល់​ប្អូន​ក្មួយ​រងគ្រោះ​ឲ្យ​មាន​ទឹក​តស៊ូ​ក្នុង​ឆាក​ជីវិត។ លោ​ក​ឧកញ៉ា​បន្ត​ទៀត​ថា ​លោក​ឧកញ៉ា ​នឹង​មក​ចូលរួម​ជួយ​ដល់​ប្អូនៗ​បន្ត​ទៀត​។​

ជាមួយគ្នានេះ ​លោកស្រី ម៉ម សុ​ម៉ាលី​ ប្រធាន​អង្គការ​អាហ្វេស៊ីប​បាន​មានប្រសាសន៍ថា លោកស្រី​ពិតជា​មាន​ក្ដី​រំភើប​រីករាយ​ស្វាគមន៍​ខ្លាំង​ណាស់​ដែល​បានឃើញ​វត្តមាន​សប្បុរសជន​មក​ជួយ​ដល់​អង្គការ​លោកស្រី អង្គការ​លោកស្រី​មាន​កុមារ​រងគ្រោះ​ទាំងអស់​មាន​ចំនួន​៦៥​នាក់ ​ដែល​ជា​ជនរង​គ្រោះ​មកពី​បណ្ដា​ខេត្ត​នានា​ក្នុង​ប្រទេស​កម្ពុជា។

ក្រៅពី​វត្តមាន ​លោក​ឧកញ៉ា ហ៊ួ​ត ជា និង​បងប្អូន​មិត្តភ័ក្ដិ​បុគ្គលិក​ក្រុមហ៊ុន​ក៏​ឃើញ​មាន​វត្តមាន​សិល្បករ​មាន​ដូចជា​ លោក អ៊ឹម ជីវ៉ា , លោក មករា រ័ត្ន , កញ្ញា ជេ​នី រ័ត្ន​, កញ្ញា អ៊ឹ លី​លី នី​តា​។​

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ​អំណោយ​ដែល​ផ្ដល់​ជូន​ប្អូនៗ​ក្នុង​អង្គការ អាហ្វេស៊ីប​មាន​ដូចជា ​អង្ករ​ចំនួន​៤​ប៉ាវ​ស្មើ​២០០​គីឡូក្រាម​,​ទឹកបរិសុទ្ធ​៥០​កេះ​,​ត្រីងៀត​១០​គីឡូ​,​ទឹក​ត្រី​១០​យួរ​,​ទឹក​ស៊ីអ៊ីវ​១០​យួរ ,​សាប៊ូ ១០​កញ្ចប់ , សាប៊ូ​លាងចាន​ពី​កាដុង , សៀវភៅ​២០០​ក្បាល ,​ប៉ិច​២០០​ដើម​, ខ្មៅ​ដៃ​២០០​ដើម​៕