ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Trump គំរាម​បាញ់​ជនអន្តោប្រវេសន៍​ណា​ដែល​គប់​ដុំថ្ម​ដាក់​យោធា​អាមេរិក

ប្រធានាធិបតី​អាមេរិក​លោក Donald Trump កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ព្រមាន​ថា ទាហាន​ដែល​ដាក់ពង្រាយ​នៅតាម​ព្រំដែន​ម៉ិ​ក​ស៊ិ​ក ​អាច​បាញ់​ជនអន្តោប្រវេសន៍​អាមេរិក​កណ្តាល​រូប​ណា​ដែល​គប់​ដុំថ្ម​ដាក់​ពួកគេ ​ខណៈពេល​ប៉ុនប៉ង​ឆ្លងដែន​ដោយ​ខុសច្បាប់​។​

លោក Trump បាន​ប្រាប់​អ្នកកាសែត​នៅ​សេត​វិមាន​ថា ក្រុម​ជនអន្តោប្រវេសន៍​រាប់ពាន់នាក់​ដែល​ដើរ​ឆ្លងកាត់​ព្រំដែន​ម៉ិ​ក​ស៊ិ​ក​ឆ្ពោះទៅកាន់​ព្រំដែន​អាមេរិក​បាន​គប់​ដុំថ្ម “​យ៉ាង​សាហាវ​និង​ហិង្សា​” ដាក់​ប៉ូលិស​ម៉ិ​ក​ស៊ិ​ក​។​

លោក​បាន​និយាយថា “​យើង​នឹងមិន​នៅ​ស្ងៀម​ចំពោះ​បញ្ហា​នេះ​ទេ​។ ពួកគេ​ចង់​គប់​ដុំថ្ម​ដាក់​យោធា​របស់​យើង​, យោធា​របស់​យើង​នឹង​វាយបក​ទៅវិញ​”​។​

លោក Trump បាន​ថ្លែង​បែបនេះ​អំឡុង​បទ​បង្ហាញ​អំពី​គោលនយោបាយ​ដ៏​ចម្រូងចម្រាស​របស់គាត់​ស្តីអំពី​ការបង្ក្រាប​ប្រឆាំងនឹង​អ្វីដែល​គាត់​និយាយថា​ជាការ​ធ្វើ​អន្តោប្រវេសន៍​ខុសច្បាប់​ដែល​មិនអាច​គ្រប់គ្រង​បាន​។​

នៅពេល​ទាក់ទង​សុំ​មតិយោបល់ អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ​លោក Jamie Davis បាន​និយាយថា យោធា​នឹងមិន​ពិភាក្សា​អំពី​ស្ថានភាព​ជាក់ស្តែង​លើ​ការប្រើប្រាស់​កម្លាំង​ទេ​ប៉ុន្តែ​កងកម្លាំង​របស់​យើង​ត្រូវ​បានទទួល​ការបណ្ដុះបណ្ដាល​ពី​អ្នកជំនាញ​ដែល​តែងតែមាន​សិទ្ធិ​ស្វ័យការពារ​។​

លោក Trump បាន​បង្កើន​វោហា​សាស្ត្រ​ប្រចាំ​ថ្ងៃមុន​ការបោះឆ្នោត​សភា​ពាក់កណ្តាល​អាណត្តិ​នៅ​ថ្ងៃ​អង្គារ​ក្រោយ​ដោយ​ចោទប្រកាន់​គណបក្ស​ប្រជាធិបតេយ្យ​ថា​បាន​បើកចំហ​ព្រំដែន​ចំពោះ​ហ្វូងមនុស្ស​រឹងរូស អ្នក​ចាប់រំលោភ​និង​អ្នក​ដែលមាន​ការគំរាមកំហែង​ផ្សេងទៀត​។​

លោក Trump បាន​និយាយថា ចាប់ពីពេលនេះ​តទៅ សហរដ្ឋអាមេរិក​នឹង​បញ្ឈប់​គោលនយោបាយ​របស់ខ្លួន​ដែល​អនុញ្ញាត​ឲ្យ​ប្រជាជន​ទាមទារ​សិទ្ធិ​ជ្រកកោន​នយោបាយ​នៅតាម​ព្រំដែន​លុះត្រាតែ​ពួកគេ​បាន​ឆ្លងកាត់​ប៉ុស្តិ៍​ព្រំដែន​ជា​ផ្លូវការ​ជាមុនសិន​។​

លោក​បាន​បញ្ជាក់ថា អ្នក​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​នឹង​ត្រូវគេ​ឃុំឃាំង​នៅក្នុង​ជំរំ​តង់​ឬ​កន្លែង​ផ្សេងទៀត​រហូតដល់​ពួកគេ​អាច​ត្រូវបាន​និរទេស​ឬ​សំណើ​របស់​ពួកគេ​ត្រូវបាន​យល់ព្រម​។​
​ថ្វីបើ​មានការ​ព្រមាន​កាន់តែខ្លាំង​ឡើង​ពី​លោក Trump អំពី​ភាពច្របូកច្របល់​នៃ​ជនអន្តោប្រវេសន៍​ក៏ដោយ រដ្ឋាភិបាល​បាន​បញ្ចេញ​តួលេខ​កាលពី​ថ្ងៃ​ពុធ​ថា មាន​មនុស្ស​ប្រហែល​តែ​៤០០,០០០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​ចាប់ខ្លួន​នៅ​ព្រំដែន​ក្នុង​ឆ្នាំ​២០១៨​នេះ​ពោលគឺ​ធ្លាក់ចុះ​ពី​ប្រហែល​១.៦​លាន​នាក់​ក្នុង​ឆ្នាំ​២០០០៕ AFP