ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ បើក​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​ លើក​ទី​២

ភ្នំពេញ ​៖ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ បាន​បើក​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​២ ឆ្នាំ​២០១៨ ដែល​នឹង​ចាប់ផ្ដើម​ចាប់ពី​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា​ខាងមុខនេះ​ ដើម្បី​ជំរុញ​លើកទឹក​ចិត្ត​ដល់​យុវជន​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព ​និង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មីៗ ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍ​វិស័យ​ភាព​ជាតិ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​

​ថ្លែង​ក្នុង​សន្និសីទ​ស្ដីពី​ការរៀបចំ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២ កាលពី​ព្រឹក​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ លោក ស៊ិន ចន្ទ​សា​យ៉ា ប្រធាន​អនុ​គណៈកម្មការ​មេ​ប្រយោគ​វគ្គ​ជម្រុះ នៃ​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា​លើក​ទី​២ ឆ្នាំ​២០១៨ បាន​ឲ្យ​ដឹង​ថា ការ​បង្កើត​ឲ្យ​មាន​មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​នៅ​កម្ពុជា​នេះ ក្រោម​ពាក្យស្លោក​«​ភាពយន្ត​ខ្នាត​ខ្លី​ជា​ជំហាន​ឆ្ពោះ​ទៅរក​ភាពយន្ត​ខ្នាត​វែង​» ក្នុង​គោលបំណង​ជំរុញ​លើកទឹកចិត្ត​ដល់​យុវជន​ក្នុងការ​អភិវឌ្ឍ សមត្ថភាព និង​ការ​បង្កើត​គំនិត​ច្នៃប្រឌិត ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​ភាពយន្ត​ជាតិ​។​

លោក​បាន​មានប្រសាសន៍ថា គ្រប់​ស្នាដៃ​ភាពយន្ត​ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង ត្រូវ​បញ្ជ្រាប​នូវ​ខ្លឹមសារ និង​ឆ្លុះបញ្ចាំង​ពី​ការថែរក្សា​វប្បធម៌ និង​ការអភិវឌ្ឍ​សង្គម​ដូចជា ការ​ផ្ដល់​ចំណេះដឹង ឥរិយា​បថ និង​អាកប្បកិរិយា ដែល​ទាក់ទង​ទៅ​នឹង​ជីវិត​រស់នៅ​ប្រចាំ​ បទពិសោធន៍​របស់​យុវជន ជំនឿ​សាសនា សេចក្ដី​គោរព ស្រលាញ់ ភាព​រីករាយ សេចក្ដី​ទុក្ខ​ព្រួយ​ នៃ​ជីវិត​..។​ល​។​

លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ឲ្យ​ដឹង​ថា ការ​បំផុស​យុវជន​ឲ្យ​ចូល​រួម​ផលិតកម្ម​ភាពយន្ត​ខ្នាត​ខ្លី​កាន់តែច្រើន នឹង​អាចធ្វើ​ឲ្យ​វិស័យ​ភាពយន្ត​ខ្នាត​វែង​នៅ​កម្ពុជា​កាន់តែ​មាន​ភាព​រី​ក​ចម្រើន ដោយសារ​ថា វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​យុវជន​កម្ពុជា​ឈាន​ទៅ​ចាប់​ជំនាញ​វិជ្ជាជីវៈ​នេះ​ដ៏​ពិតប្រាកដ​។​

សូម​បញ្ជាក់​ថា មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ដំបូង​នៅ​ក្នុង​ឆ្នាំ​២០១៦ ដោយមាន​ស្នាដៃ​យុវជន​ប្រហែល​២០​រឿង​ប៉ុណ្ណោះ បាន​ចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់​។​

ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ផលិតករ​វ័យ​ក្មេង​របស់​កម្ពុជា​តែងតែ​ទទួលបាន​នូវ​គំនិត​ថ្មីៗ និង​ត្រូវបាន​លើក​​ទឹក​ចិត្ត​ឲ្យ​បង្កើត​គំនិត​ច្នៃប្រឌិត​ថ្មី​ប្រកបដោយ​ទេពកោសល្យ ដើម្បី​ឲ្យ​វិស័យ​ភាពយន្ត​កម្ពុជា​ឈាន​ទៅរក​ការប្រកួតប្រជែង​នៅលើ​ឆាក​អន្តរជាតិ​។

​យោងតាម​របាយការណ៍​របស់​នាយកដ្ឋាន​សិល្ប​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​បង្ហាញ​ថា មហោស្រព​ជាតិ​ភាពយន្ត​ខ្នាត​ខ្លី​កម្ពុជា លើក​ទី​២ ឆ្នាំ​២០១៨​នេះ មាន​ស្នាដៃ​យុវជន​រហូតដល់​៤១​រឿង បាន​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់​។​
​ ​
ចំពោះ​ពានរង្វាន់​ដែល​ត្រូវ​ទទួលបាន ​គឺ​ពានរង្វាន់​លេខ​១​ នឹង​ទទួល​បាន​ពានមាស​មួយ​អម​ដោយ​សាច់ប្រាក់​១២​លាន​រៀល​ ដែល​ឧបត្ថម្ភ​ដោយ​ផលិតកម្ម​រ៉ក់​អ៊ិន​ធើ​ធេ​ន​មេន​។

​ពានរង្វាន់​លេខ​២​ នឹង​ទទួល​បាន​ពានប្រាក់​មួយ​អមដោយ​សាច់ប្រាក់​៨​លាន​រៀល ​ឧបត្ថម្ភ​ដោយ​រោងភាពយន្ត​លេ​ជេន​។​

ចំណាត់​ថ្នាក់​លេខ​៣​ នឹង​ទទួលបាន​ពាន​សំរឹទ្ធ​មួយ​អមដោយ​សាច់ប្រាក់​៤​លាន​រៀល​ ដែល​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​Kampong Dawa Resort​ និង​ពានរង្វាន់​ទស្សនិកជន​ នឹង​ទទួល​បាន​កាមេរ៉ា​ឌីជីថល​មួយ​គ្រឿង​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​NIKON៕​


​ ​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114