ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៦ ដែល​មាន​ទឹកប្រាក់​វិនិយោគ​ប្រមាណ​១៧២,៩៨​លាន​ដុល្លារ​

​ភ្នំពេញ ​៖ តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​វិនិយោគ គណៈកម្មាធិការ​វិនិយោគ ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៦ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​១៧២,៩៨​លាន​ដុល្លារ​អាមេរិក នៅ​ប្រទេស​កម្ពុជា ហើយ​នឹង​អាច​ផ្ដល់​ការងារ​ប្រមាណ​២០៩១​កន្លែង នេះ​បើតាម​ការ​បញ្ជាក់​ពី CDC។

តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចំនួន​៤៦​នោះ​រួមមាន ទី​១-“NORO MALL CO.,LTD.” គម្រោង​វិនិយោគ​បង្កើត​ផ្សារ​ទំនើប ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៨ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​ចំការមន រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ចំនួន ៩,២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៤៩៤​កន្លែង​។​

ទី​២-“SCHNEITEC RENEWABLE CO.,LTD.” គម្រោង​សាងសង់​ស្ថានីយ​ផលិត​ថាមពល​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ កម្លាំង​៦០​មេហ្គាវ៉ាត់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ទំនប់​បាក់ ឃុំ​ដំណាក់​រាំង ស្រុក​ឧដុង្គ ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​៥៨,២៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៣៥​កន្លែង​។​

ទី​៣-“LING XIU INT’L CO.,LTD” គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​៤១០​បន្ទប់ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​៦ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ​៦៨,៩៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១៣៣​កន្លែង​។​

ទី​៤-“CATH PHARMA CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ថ្នាំពេទ្យ ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ដី​ឡូត៍​លេខ​៩៦ ភូមិ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ចំនួន ៦,៣​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១៣​កន្លែង​។​

ទី​៥-“SAIER (CAMBODIA) GARMENT CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ព្រៃ​សណ្ដែក សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​៤,០៦​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន ១.០២៥​កន្លែង​។​

ទី​៦-“HERSHEY PLASTIC INDUSTRIAL (CAMBODIA) CO.,LTD.” គម្រោង​បង្កើត​រោងចក្រ​ផលិត​ទុយយោ និង​ផលិតផល​ប្លាស្ទិក​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កែវ​ឧ​ត្ត​ម ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ មាន​ទុនវិនិយោគ​ប្រមាណ ២៦,២១​លាន​ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​៣៩១​កន្លែង​។​

សូម​បញ្ជាក់​ថា កាលពី​ថ្ងៃទី​២២ ខែ​តុលា ឆ្នាំ​២០១៨ គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក៏បាន​សម្រេច​ចេញ “​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ​” ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៤​ផងដែរ ដែល​មាន​ទឹកប្រាក់​វិនិយោគ​សរុប​ប្រមាណ​២៨,៥៩​លាន​ដុល្លារ​អាមេរិក នៅ​ខេត្ត​ព្រះសីហនុ ហើយ​នឹង​អាច​ផ្ដល់​ការងារ​ប្រមាណ​១២១៧​កន្លែង​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114