ព័ត៍មានទាន់​ហេតុការណ៏
Search

អនុ​ប្រធាន​សភា​ប្រជាជន​ចិន​តំណាង​ទូទាំង​ប្រទេស វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា

ភ្នំពេញ​ ៖ លោកចាង ឈុន​ហ្ស៊ា​ន អនុ​ប្រធាន​សភា​ប្រជាជន​ចិន​តំណាង​ទូទាំង​ប្រទេស​បាន​វាយ​តម្លៃ​ខ្ពស់ ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​

នៅ​ក្នុង​ជំនួប​សម្ដែង​ការគួរសម និង​ចូល​ជួប​ធ្វើ​សវនាការ​ជាមួយ​សម្ដេច​វិបុល​សេនា ​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា​នេះ នៅ​វិមាន​ព្រឹទ្ធសភា​លោក ចាង ឈុន​ហ្ស៊ា​ន បាន​ជម្រាប​ជូន​សម្ដេច​ប្រធាន​ព្រឹទ្ធសភា អំពី​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​នា​ឱកាស​នេះ គឺ​ដើម្បី​អបអរសាទរ និង​ជូនពរ​ប្រទេស​កម្ពុជា ស្រប​ពេលដែល​ប្រទេស​ទាំងពីរ ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៦០ បង្កើត​ទំនាក់ទំនង​ការទូត​រវាង​ប្រទេស​ទាំងពីរ និង​ខួប​អនុស្សាវរីយ៍​លើក​ទី​៦៥​ឆ្នាំ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រមទាំង​អបអរសាទរ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានរៀបចំ​ការបោះឆ្នោត​ប្រកបដោយ​ជោគជ័យ​។

លោក ចាង ឈុន​ហ្ស៊ា​ន បាន​សម្ដែង​នូវ​សេចក្ដី​សប្បាយរីករាយ​ចំពោះ​សមិទ្ធផល​ជា​ផ្លែផ្កា​របស់​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ម្លប់​របស់​ព្រះករុណា​ព្រះបាទ​សម្ដេច​ព្រះ នរោត្តម សីហមុនី ព្រះ​មហាក្ស​ត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រោម​ការដឹកនាំ​របស់​អង្គការ​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក ចាង បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើ​ឲ្យ​ជីវភាព​របស់​ប្រជាពលរដ្ឋ​កាន់តែ​ល្អ​ប្រសើរ​ឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប្រកបដោយ​សុខ​ដុម​រមនា និង​មាន​ស្ថិរភាព​នយោបាយ​។

លោក​បន្តថា ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ ក្រោម​ក្របខ័ណ្ឌ​ខ្សែ​ក្រវាត់​មួយ ផ្លូវ​មួយ និង​កិច្ច​សហ​ប្រតិបត្តិការ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ ក៏មាន​ការ​រីកចម្រើន​យ៉ាង​ល្អ​។

លោក​បាន​រំលឹកថា កាលពី​ឆ្នាំ​២០១៣ ឯកឧត្ដម ស៊ី ជីន​ពីង ប្រធានាធិបតី​ នៃ​សាធារណរដ្ឋ​ប្រជា​មា​និត​ចិន បាន​ផ្ដួចផ្ដើម​គំនិត​បង្កើត​ឡើង​នូវ​គោលនយោបាយ ខ្សែក្រវាត់​មួយ ផ្លូវ​មួយ ដែល​មាន​បំណង​នាំមក​នូវ​ផលប្រយោជន៍​ជាច្រើន​ជូន​ដល់​ពិភពលោក ហើយ​គំនិត​ផ្ដួចផ្ដើម​នេះ គឺជា​ការ​តភ្ជាប់​គ្នា​ខាង​ហេដ្ឋារចនាសម្ព័ន្ធ ហិរញ្ញវត្ថុ វប្បធម៌​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ថែមទៀត​។
គោលនយោបាយ ខ្សែក្រវ៉ាត់​មួយ ផ្លូវ​មួយ បានរួម​ចំណែក​ជួយ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​លើ​វិស័យ​ជាច្រើន ដូចជា កំពង់ផែ​ខេត្ត​ព្រះសីហនុ វា​រី​អគ្គិសនី​មួយចំនួន សាលារៀន មន្ទីរពេទ្យ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ដែល​ព្រះរាជាណាចក្រ​កម្ពុជា​បាន​យកចិត្តទុកដាក់ គឺ​សុទ្ធតែ​ស្ថិត​ក្រោម​ក្របខ័ណ្ឌ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​។

លោក ចាង ឈុន​ហ្ស៊ា​ន ក៏បាន​សម្ដែង​នូវ​ការ​អបអរសាទរ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួល​បាន​ជ័យជម្នះ​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៦ កាលពីពេល​កន្លង​ទៅនេះ និង​បាន​ជ្រើសតាំង​សម្ដេច​អគ្គ​មហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី​ នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា អាណត្តិ​ទី​៦ និង​បាន​អរគុណ​ចំពោះ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​គាំទ្រ​ដល់​បញ្ហា​ស្នូល​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ ប្រទេស​ចិន សូម​ចាត់ទុក​ប្រទេស​កម្ពុជា​ជា​មិត្ត​ដែកថែប​របស់​ប្រទេស​ចិន​។

លោក​ក៏បាន​វាយតម្លៃ​ខ្ពស់​ផងដែរ​ចំពោះ​ទំនាក់ទំនង និង​កិច្ច​សហ​ប្រតិបត្តិការ​រ​វាង​អង្គការ​នីតិប្បញ្ញត្តិ នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ក្រុម​មិត្តភាព​ប្រទេស​ទាំងពីរ ដែល​មាន​ទំនាក់ទំនង និង​កិច្ចសហ​ប្រតិបត្តិការ​ឲ្យ​កាន់​ជិតស្និទ្ធ​ថែមទៀត តាមរយៈ​ការ​ផ្លាស់ប្ដូរ​ដំណើរ​ទស្សនកិច្ច​គ្នា​ទៅវិញ​ទៅ​មក​លើ​គ្រប់​កម្រិត​។​

សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​សម្ដែង​នូវ​សេចក្ដី​សប្បាយរីករាយ​ដោយ​បាន​ឃើញ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព និង​សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​មានការ​រីកចម្រើន​ឥត​ឈប់ឈរ​រហូត​ឈានដល់​កម្រិត​កំពូល គឺ​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ភាពជា​ដៃគូ​ជា​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​ចំពោះ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​រួម​វិភាគ​ទាន​យ៉ាង​ធំធេង ក្នុង​ការ​កសាង និង​អភិវឌ្ឍ​កម្ពុជា​ឲ្យ​មានការ​រីកចម្រើន​ដូច​បច្ចុប្បន្ន​នេះ​។
ប្រទេស​កម្ពុជា និង​ប្រទេស​ចិន គឺជា​អ្នកជិតខាង​ល្អ ជា​មិត្ត​ល្អ ជា​បងប្អូន​ល្អ និង​ជា​ដៃគូ​ល្អ​។

ជានិច្ចកាល​ ប្រទេស​កម្ពុជា​ប្រកាន់ខ្ជាប់​នូវ​គោលជំហរ​ឥត​ងាករេ​របស់​ខ្លួន “​គឺ​គាំទ្រ​នយោបាយ​ចិន​១”​។ សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ថ្នាក់ដឹកនាំ​កំពូល​របស់​ចិន ដែល​បាន​ទទួល​ស្គាល់​លទ្ធផល នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦ និង​បាន​អបអរសាទរ​ចំពោះ​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន ដែល​ត្រូវ​បាន​ជ្រើសតាំង​ជា​នា​យករដ្ឋមន្ត្រី នៃ​រដ្ឋសភា​នីតិកាល​ទី​៦​បន្ត​ទៀត​។

ជាមួយគ្នានេះ សម្ដេច​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សភា​ប្រឹក្សា​នយោបាយ​ប្រជាជន​ចិន និង​រដ្ឋាភិបាល​ចិន​ដែល​បាន​ផ្តល់ជំនួយ​ដល់​ព្រឹទ្ធសភា​កម្ពុជា​តាំងពី​នីតិកាល​ទី​១ រហូតមកទល់​បច្ចុប្បន្ន​នេះ ជា​ឧបករណ៍ សម្ភារៈ​ការិយាល័យ រថយន្ត អគារ​ធ្វើការ​របស់​ថ្នាក់ដឹកនាំ និង​សមាជិក​ព្រឹទ្ធសភា មន្ត្រី​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា ជួយ​កសាង និង​ជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​បរិវេណ​ព្រឹទ្ធសភា និង​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស ដែល​បានរួម​ចំណែក​យ៉ាង​សំខាន់​ដល់​ការ​ពង្រឹង​ស្ថាប័ន និង​ការ​លើក​កម្ពស់​សមត្ថភាព​មន្ត្រីរាជការ​អគ្គលេខាធិការដ្ឋាន​ព្រឹទ្ធសភា​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​ស្នើ​ដល់​អង្គការ​នីតិប្បញ្ញត្តិ ​នៃ​ប្រទេស​ទាំងពីរ បង្កើន​ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ គណៈកម្មការ​ជំនាញ មន្ត្រី​បច្ចេកទេស ដើម្បី​ផ្លាស់ប្ដូរ​ព័ត៌មាន រៀន​សូត្រ​ដក​បទពិសោធន៍​លើ​ការងារ​នីតិកម្ម និង​ការងារ​ផ្សេងៗ​ទៀត​ ព្រមទាំង​យកចិត្តទុកដាក់​បន្ត​ជួយ​បណ្ដុះបណ្ដាល​ធនធានមនុស្ស​ដល់​យុវជន​កម្ពុជា ដើម្បី​បន្តវេន​ដឹកនាំ ថែរក្សា​មរតក​ នៃ​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព សហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រទេស​ទាំងពីរ​ឲ្យ​ស្ថិត​ថេរ​យូរអង្វែង​។

សម្ដេច​ប្រធាន​ព្រឹទ្ធសភា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​តួនាទី​អន្តរជាតិ​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​នាំមក​នូវ​សន្តិភាព ស្ថិរភាព និង​ការ​អភិវឌ្ឍ​នៅ​ក្នុង​តំបន់ និង​សកលលោក​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114