ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា ​បញ្ជូន​កងទ័ព​មួក​ខៀវ​ទៅ​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ​សរុប​ចំនួន​៥៥៧៩​នាក់ កងកម្លាំង​ជានា​រី​ចំនួន​២៦៧​នាក់

ភ្នំពេញ ​៖ លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​ការងារ​បញ្ជូន​កម្លាំង​កម្ពុជា​ចូលរួម​បេសកកម្ម​រក្សា​សន្តិភាព​អង្គការសហប្រជាជាតិ បាន​លើកឡើងថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​សរុប​បាន​ចំនួន​៥៥៧៩​នាក់ ក្នុង​នោះ​មាន​កម្លាំង​នារី​ចំនួន​២៦៧​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ចំនួន​៨ មាន​ជាអាទិ៍ ​៖ សាធារណរដ្ឋ​ស៊ូដង់ ស៊ូដង់​ខាងត្បូង ឆាត ស៊ី​រី សាយ​ប្រឺស អាហ្វ្រិក​កណ្ដាល លី​បង់ និង​ម៉ាលី ហើយ​បច្ចុប្បន្ន​នេះ​ កងកម្លាំង​កម្ពុជា​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ចំនួន​៥​រួមមាន សាធារណរដ្ឋ​ស៊ូដង់​ខាងត្បូង ស៊ូដង់ លី​បង់ អាហ្វ្រិក​កណ្ដាល និង​ម៉ាលី​។​

នៅក្នុង​ពិធី​ជូន​ដំណើរ​កងកម្លាំង​វិស្វកម្ម​សំណង់​លេខ​៥៩៤ ចំនួន​២០៤​នាក់ ទៅកាន់​ប្រទេស​អាហ្វ្រិក​កណ្ដាល នា​ព្រឹក​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា​នេះ នៅ​ព្រលានយន្តហោះ​យោធា​ពោធិចិនតុង លោក​នាយ​ឧត្ដម​សេនីយ៍ ប៉ុល សារឿន បាន​បញ្ជាក់​ថា ការ​បញ្ជូន​កម្លាំង​វិស្វកម្ម​នេះ គឺជា​ការ​ស្នើ​ឡើង​របស់​ការិ​យា​ល័យ​អង្គការសហប្រជាជាតិ​មក​កម្ពុជា ដើម្បី​បញ្ជូន​ទៅកាន់​អាហ្វ្រិក​កណ្ដាល ដើម្បី​ធ្វើការ​ប្ដូរ​វេន​កម្លាំង​ចាស់ ដែល​នឹង​ត្រូវ​ត្រឡប់មកវិញ​។​

លោកស្រី ប៉ូ​លីន តា​មេ​ស៊ី​ស តំណាង​អ្នក​សម្របសម្រួល​អង្គការ​សហប្រជាជាតិ​កម្ពុជា បាន​លើក​ឡើង​ថា កម្ពុជា​បាន​បញ្ជូន​កម្លាំង​ទាំង​២០៤​នាក់​ទៅកាន់​សាធារណរដ្ឋ​អាហ្វ្រិក​កណ្ដាល​លើក​នេះ បាន​បង្ហាញ​អំពី​ការ​ប្ដេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​របស់​ខ្លួន ក្នុង​ការ​គាំទ្រ​ដល់​ប្រតិបត្តិការ​សន្តិភាព​របស់​អង្គការ​សហ​ប្រជាជាតិ ដើម្បី​ដោះស្រាយ​ជម្លោះ ដ៏​ស្មុគស្មាញ និង​ការពារ​ជន​ស៊ីវិល ដែល​ជា​ភារកិច្ច ដ៏​សំខាន់​បំផុត និង​ជា​សក្ខីភាព​ជាក់ស្ដែង​ផង​ដែរ​។​

តាម​របាយការណ៍​រប​ស់​ លោក សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព​បោសសំអាត​មីន និង​កាកសំណល់​សង្គ្រាម​បាន​ឲ្យ​ដឹង​ថា កងកម្លាំង​ដែល​ត្រូវ​ចេញទៅ​បំពេញ​ការងារ​របស់​អង្គការ​ហ​ប្រជាជាតិ​នាពេលនេះ ជា​កងកម្លាំង​វិស្វកម្ម​សំណង់​លេខ​៥៩៤ មាន​ចំនួន​២០៤​នាក់ មាន​កម្លាំង​នារី​១០​នាក់ គឺជា​កម្លាំង​ដែល​ត្រូវ​ប្ដូរ​វេន​កងកម្លាំង​វិស្វកម្ម​សំណង់​លេខ​៩៥៤ ដែល​នឹង​ត្រូវ​បញ្ចប់​បេសកកម្ម​ធ្វើ​មាតុភូមិនិវត្តន៍​មក​កម្ពុជា​វិញ​។ ជា​កងកម្លាំង​ដែល​ត្រូវ​បាន​ទទួល​បំពាក់បំប៉ន​វគ្គ​ហ្វឹកហ្វឺន ជំនាញ​វិជ្ជាជីវៈ​ប្រកបដោយ​គុណភាព មាន​សមត្ថភាព ក្នុងការ​ចូលរួម​ដូច​បណ្ដា​កង​មុនៗ​ផងដែរ​។
លោក​បាន​បញ្ជាក់ថា កងកម្លាំង​ទាំងនោះ មាន​មកពី​ស្ថាប័ន ដូចជា ក្រសួងការពារជាតិ កងពលធំ​អន្តរាគមន៍​លេខ​២ យោធភូមិភាគ​ទី​៤ សាកលវិទ្យាល័យ​ការពារ​ជាតិ បញ្ជា​ការដ្ឋាន​ទ័ព​ជើងគោក អគ្គ​បញ្ជាការដ្ឋាន​រដ្ឋ​ក្រោះ កងពលតូច​អន្តរាគមន៍​លេខ​១១ បញ្ជា​ការដ្ឋាន​កោះ​ឆ្នេរ កងពលធំ​អន្តរាគមន៍​លេខ​២ យោធភូមិភាគ​ទី​៥ បញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បញ្ជា​ការដ្ឋាន​កងទ័ព​អាកាស បញ្ជា​ការដ្ឋាន​កងទ័ព​ជើង​ទឹក វិទ្យាស្ថាន​សុខាភិបាល​ខេមរភូមិន្ទ យោធភូមិភាគ​ពិសេស យោធភូមិភាគ​ទី​១ កងពលតូច​អន្តរាគមន៍​លេខ​១៤ កងពលតូច​អន្តរាគមន៍​លេខ​១ និង​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114