ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមU14ភ្នំពេញក្រោន ចាញ់​ក្រុម Muangthong United ក្នុង​វគ្គ​ចំណាត់​ថ្នាក់​លេខ៩​​ ក្នុង​ពានរង្វាន់​យុវជន​អន្តរជាតិ​នៅ​ប្រទេស​ថៃ

ក្រុមបាល់ទាត់ភ្នំពេញក្រោន​ ម្ចាស់ជើងឯក៦សម័យកាលប្រចាំ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា ​(Metfone​ CambodianLeague) ​បាន​បញ្ជូន​ក្រុម​កីឡាករ​យុវជន​ថ្នាល​របស់​ខ្លួន​អាយុក្រោម​១៤​ឆ្នាំ​ (U14) ទៅប្រកួតក្នុងពានរង្វាន់​អន្តរជាតិ​មួយនៅ​ប្រទេស​ថៃ​​ ខណៈ​ក្រុម​នេះ​ស្ថិត​នៅ​បាត​តារាង​ក្នុង​វគ្គ​ចែក​ពូល​ ក្រោយ​​បរាជ័យ​គ្រប់ការ​ប្រកួត​។

ពានរង្វាន់ដែលក្រុមកីឡាករអាយុក្រោម១៤ឆ្នាំរបស់ភ្នំពេញ ចូលរួមប្រកួតនេះមានឈ្មោះថា CP-Meiji Cup U-14 International Champions 2018​ ដែល​ជា​ការ​ផ្ដួចផ្ដើម​គំនិត​ឡើង​ពី​ក្លិប​យក្ស Buriram United របស់​ប្រទេស​ថៃ។ ការប្រកួតនឹងចាប់ផ្តើមជាផ្លូវការនាថ្ងៃទី​៣០ ខែតុលា​ ដល់​ថ្ងៃ​ទី​៣ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅកីឡដ្ឋាន Chang Arena។

ក្រុមទាំងអស់បានបែងចែកជា៤ពូល ដោយពូល A ក្រុម Chonburi FC របស់ថៃ ក្រុម Fagiano Okayama របស់ជប៉ុននិងក្រុម Suphanburi FCរបស់ថៃ ហើយពូល B មានក្រុម Jubilo Iwata​  របស់​ជប៉ុន​ ក្រុម Kitchee SC របស់ហុងកុង និងក្រុម Bangkok Utd របស់ថៃពូល C មាន Buriram United របស់ថៃ ភ្នំពេញក្រោន របស់កម្ពុជា និង Nongbua Pitchaya FCរបស់ថៃ និងពូល NFDP Malaysia របស់ម៉ាឡេស៊ី ASPIRE Academyរបស់កាតា Muangthong United របស់ថៃ។

ក្នុង​ប្រកូក​វគ្គ​ជម្រុះ​តាម​ពូល​ក្រុមភ្នំពេញក្រោន បាន​ចាញ់​ក្រុមU14 Burriram United ៤ទល់០ នៅ​យប់​ថ្ងៃ​អង្គារ ទី៣០ ខែតុលា ឆ្នាំ២០១៨ ខណៈនៅរសៀលថ្ងៃពុធ ទី៣១ ខែតុលា ឆ្នាំ២០១៨​ បាន​បន្ត​ប្រកួត​ចាញ់​ក្រុមNongbua Pitchaya FC ដោយលទ្ធផល៧ទល់០ ក្នុង​វគ្គ​ជម្រុះ​តាមពូលដូចគ្នា។

ក្នុង​នាម​ជា​ក្រុម​បាត​តារាង​ប្រចាំ​ពូល​ក្រុម​យុវជន​របស់​ភ្នំពេញក្រោន ត្រូវ​ប្រកួត​ជាមួយ​ក្រុម​មក​ពី​៣ពូល​ផ្សេង​ទៀត​ដើម្បី​ស្វែងរក​កៅអី​ចំណាត់​ថ្នាក់លេខ៩​ប្រចាំ​ឆ្នាំ។ នៅ​វគ្គ​នេះ​ក្រុម​ភ្នំពេញ​ក្រោន បាន​ប្រកួត​ចាញ់​ក្រុម​ Muangthong United របស់​ថៃ ដោយ​លទ្ធផល​៤ទល់១ នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។
ក្នុង​នាម​ជា​អ្នក​ចាញ់​​នៅ​វគ្គ​នេះ​ក្រុម​ភ្នំពេញក្រោន នៅ​សល់​ឱកាស​ប្រកួត​១លើក​ទៀត​ ដើម្បី​ដណ្ដើម​ចំណាត់​ថ្នាក់​លេខ១១ ដោយ​អាច​ត្រូវ​ប៉ះ​ក្រុម Kitchee SC របស់ហុងកុង ឬ​ក្រុមChonburi FC របស់​ថៃ​នៅ​ថ្ងៃ​សៅរ៍ នេះ។

នេះជាលើកទី៣ហើយដែលក្លិបភ្នំពេញក្រោន បញ្ជូនកីឡាករទៅចូលរួមប្រកួតក្នុងពានរង្វាន់នេះ ខណៈកាលពីឆ្នាំដំបូង២០១៦ គឺប្រកួតមិនបានចប់ចុងចប់ដើមនោះទេ ដោយការ​ប្រកួត​ត្រូវ​រំសាយ​បន្ទាប់​ព្រះបាទBhumibol Adulyadej ព្រះមហាក្សត្រនៃព្រះរាជណាចក្រថៃ បាន​សោយទិវង្គត​នៅ​ពេល​នោះ។ ចូលឆ្នាំទី២ គឺនៅឆ្នាំ ២០១៧ ក្រុមរបស់ភ្នំពេញក្រោន បានប្រកួតចាញ់​គ្រប់ការ​ប្រកួត​ដោយ​ឈរ​នៅបាតតារាងប្រចាំក្រុមទាំង៨ដែលចូលរួម ប៉ុន្តែក្រុមនេះទទួលបានពានរង្វាន់ Fiar Play ប្រចាំព្រឹត្តិការណ៍ទៀតផង។

គណៈកម្មការបានកំណត់ថាក្រុមទាំងអស់ត្រូវដាក់កីឡាករឲ្យ​លេងម្ខាង១១នាក់ហើយធ្វើឡើង​ចំនួន​ពីរ​តង់ដោយ​មួយតង់មានរយៈពេល៣០នាទី​។ គោលបំណង​របស់អ្នករៀបចំ​កម្មវិធីនេះគឺ​ដើម្បី​អភិវឌ្ឍន៍​បាល់ទាត់​យុវជន និងការប្រកួតបាល់ទាត់អន្តរជាតិជាមួយនឹងក្រុមខ្លាំងក្នុងតំបន់។ ពួកគេគ្រោងនឹងពង្រីកការប្រកួតនៅថ្ងៃអនាគត៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114