ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រធាន​គណបក្ស​មួយ​ ស្នើ​ជួប​ឯកអគ្គរដ្ឋទូត​អឺរ៉ុប ដើម្បី​សិក្សា​ពី​មូលហេតុ ដែល​ចង់​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា​

​ភ្នំពេញ ​៖ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​សរសេរ​លិខិត​មួយច្បាប់ ស្នើសុំ​ជួប​លោក George Edgar ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​សិក្សា​ថា តើ​គម្រោង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) ចេញពី​កម្ពុជា ផ្អែកលើ​មូលហេតុ​អី​ខ្លះ ហើយ​សកម្មភាព​នេះ​មិន​ទាក់ទង​រឿង​នយោបាយ​ទេ តែ​ទាក់ទង​អាយុជីវិត​របស់​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ​។​

តាម​លិខិត​របស់ លោក ពេជ្រ ស្រស់ ដែល​បាន​ដាក់ចូល​ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​០២ ខែវិច្ឆិកា ឆ្នាំ​២០១៨ បាន​បញ្ជាក់ថា “​ស្នើសុំ​អនុញ្ញាត​ចូលជួប​ឯកឧត្ដម​ក្នុង​គោលបំណង ដើម្បី​ស្វែងយល់ និង​សិក្សា​បន្ថែម​លើ​ដំណើរការ​វិវត្តន៍ ​នៃ​គម្រោង​ដក​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ Everything But Arms (EBA) ចេញពី​ប្រទេស​កម្ពុជា ដែល​លោកស្រី Cecilia Malmstrom តំណាង​ជាន់ខ្ពស់​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម ​នៃ​សហភាព​អឺរ៉ុប បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​០៥ ខែ​តុលា ឆ្នាំ​២០១៨ គឺ​សហភាព​អឺរ៉ុប បាន​ជូនដំណឹង​ដល់​ភាគី​ប្រទេស​កម្ពុជា ថា​ខ្លួន​កំពុង​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​ប្រទេស​កម្ពុជា​ទៅលើ​ទំនិញ​គ្រប់មុខ ដែល​នាំចូល​ពី​ប្រទេស​អឺរ៉ុប​។​

ទាក់ទង​បញ្ហា​នេះ លោក ពេជ្រ ស្រស់ បាន​បញ្ជាក់​ថា សកម្មភាព​ដែល​លោក​បានដាក់​លិខិត​ទៅ​សហភាព​អឺរ៉ុប​នេះ មិន​ពាក់ព័ន្ធ​ជាមួយ​រឿង​នយោបាយ​ទេ គឺពាក់ព័ន្ធ​ជាមួយ​អាយុជីវិត​របស់​ពលរដ្ឋ​គ្រប់​និន្នាការ​នយោបាយ ជាពិសេស​បងប្អូន​កម្មករ កម្មការិនី ហើយ​លោក​ចង់ទៅ​ជួប​នេះ គឺ​ដើម្បី​សិក្សា ចង់ដឹងថា មូលហេតុ​អី​បាន​សហភាព​អឺរ៉ុប ចង់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​កម្ពុជា ហើយ​ចង់ដឹងថា ការចង់​ដក​នេះ ផ្អែកលើ​គោលការណ៍​អ្វី​?។​

សូមបញ្ជាក់ថា គណៈកម្មការ​អឺរ៉ុប កាលពី​ថ្មីៗ​នេះ បានប្រកាស​អំពី​ដំណើរការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ចេញពី​ប្រទេស​កម្ពុជា និង​ប្រទេស​មី​យ៉ាន់​ម៉ា ក្នុងករណី​ដែល​មិនមាន​ការកែសម្រួល​អ្វីមួយ​តាម​ការចង់បាន​របស់​ខ្លួន ប៉ុន្តែ​គម្រោង​នេះ ត្រូវបាន​សភា​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់ៗ​៥​ស្ថាប័ន​របស់​អឺរ៉ុប ដែលជា​តំណាង​ឲ្យ​ប្រទេស​ធំៗ​ចំនួន​៩​ប្រទេស​នៅ​អឺរ៉ុប បាន​សរសេរ​លិខិត​ពិសេស​មួយ​ច្បាប់​ផ្ញើ​ជូន លោកស្រី Cecilia Malmstrom ស្នងការ​ទទួលបន្ទុក​ពាណិជ្ជកម្ម គណៈកម្មការ​អឺរ៉ុប ដោយ​ប្រឆាំង​ចំពោះ​ការកំណត់​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBAs) ចេញពី​ប្រទេស​កម្ពុជា​នេះ​។​

ដោយឡែក តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន សហភាព​អឺរ៉ុប ប្រចាំ​អាស៊ីអាគ្នេយ៍ បាន​ថ្លែងថា ប្រសិនបើ​មានការ​ដក​ពន្ធ​អនុគ្រោះ EBA ពី​កម្ពុជា​មែន​នោះ ក្រុមហ៊ុន​អឺរ៉ុប​ប្រមាណ​៤០០​ក្រុមហ៊ុន​ចាត់ទុកថា គណៈកម្មការ​អឺរ៉ុប អនុវត្ត EBA នេះ​ជា​ឧបករណ៍​នយោបាយ​បរទេស របស់​ខ្លួន​សម្រាប់​កម្ពុ​ជា​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114