ព័ត៍មានទាន់​ហេតុការណ៏
Search

សាលាបឋមសិក្សា​ឃ្មួញ ទទួល​បាន​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត និង​សម្ភារៈ​សិក្សា សម្រាប់​សិស្សា​នុ​សិស្ស ពី​ក្រុមហ៊ុន​សាម​សុង​

​ភ្នំពេញ ​៖ អស់​រយៈពេល​៣​ឆ្នាំ​ជាប់ៗ​គ្នា​ហើយ ដែល​កម្មវិធី “Samsung Love & Care” បាន​បង្កើត​ឡើង ហើយ​វា​ក៏​ជា​ឆ្នាំ​ទី​៣ ដែល​ក្រុមហ៊ុន​សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា បាន​ផ្ដួចផ្ដើម​គំនិត និង​បង្កើត​កម្មវិធី​នេះ​ម្ដង​ទៀត ដោយមាន​ការចូលរួម​ពី អ្នកស្ម័គ្រចិត្ត​ជាច្រើន​នាក់ ក្នុង​គោលបំណង ដើម្បី​ផ្តល់​ជូន​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹកស្អាត សម្ភារៈ​សិក្សា និង​ដប​ទឹក​សម្រាប់​សិស្សានុសិស្ស​ជាង​៤០០​នាក់ នៅ​សាលាបឋមសិក្សា​ឃ្មួញ កាលពី​ព្រឹក​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លងទៅនេះ​។



កម្មវិធី “Love and Care” គឺជា​គំនិត​ផ្ដួចផ្ដើម​សកម្មភាព​ស្ម័គ្រចិត្ត ជា​សកល​ប្រចាំ​ឆ្នាំ​របស់​ក្រុមហ៊ុន​សាម​សុង ហើយ​ឆ្នាំនេះ​ផងដែរ ក្រុមហ៊ុន​សាម​សុង បានជ្រើសរើស​យក​សាលា​បឋមសិក្សា ឃ្មួញ ក្នុង​ការ​ផ្ដល់​ជូន​នូវ​ប្រព័ន្ធ​ចម្រោះ​ទឹក​ស្អាត ដល់​សិស្សានុសិស្ស លោកគ្រូ​ អ្នកគ្រូ​ ដើម្បី​សម្រួល​ដល់​ការ​ទទួលទាន​ប្រចាំថ្ងៃ​។

លោក Seungho Choi អគ្គនាយក​គ្រប់គ្រង នៃ​ក្រុមហ៊ុន​ថៃ​សាម​សុង អេឡិចត្រូនិក​ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា “​យើង​តែងតែ​ប្ដេជ្ញា​ចិត្ត​ថា យើង​នឹង​ខិតខំ​ប្រឹងប្រែង ឲ្យ​អស់ពី​សមត្ថភាព ក្នុងការ​បង្កើត​សមិទ្ធផល​អាជីវកម្ម ក្នុងការ​ចូលរួមចំណែក ជាមួយនឹង​សហគមន៍​។

ក្រៅពី​កិច្ចការ​អាជីវកម្ម ដែល​នាំមក​នូវ​ជីវិត​ងាយស្រួល និង​ផាសុកភាព ដល់​អតិថិជន​របស់​យើង យើង​តែងតែ​បោះជំហាន​ឈានទៅ​មុខ និង​ផ្ដល់​អត្ថប្រយោជន៍​ដ៏​សំខាន់ ដើម្បី​ធ្វើ​ឲ្យ​សហគមន៍ និង​សង្គមជាតិ ដែល​យើង​រស់នៅ​កាន់តែ​ប្រសើរ​។​”

លោក​បាន​បន្ថែមទៀតថា “​ផលិតផល​សាម​សុង បាន​ផ្សារភ្ជាប់​ទំនាក់ទំនង ទៅនឹង​ជីវិត​រស់នៅ​របស់​ប្រជាជន ហើយ​បុគ្គលិក​យើង ក៏បាន​ផ្សារភ្ជាប់​ទំនាក់ទំនង ជាមួយ​សកម្មភាព​មនុស្ស​ធម៌ សប្បុរសធម៌ និង​មេត្តាធម៌ មិន​ថា​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​បែប​ណា​ក៏ដោយ​។

ម្យ៉ាងវិញទៀត យើង​តែងតែ​ចាត់ទុក​កុមារ និង​ក្មេងៗ​ជំនាន់​ក្រោយ ជា​ទំពាំង​ស្នង​ឫស្សី និង​ជា​អនាគត​របស់​ប្រទេស​កម្ពុជា​។ នៅ​ថ្ងៃ​ណាមួយ កុមារៗ​នៅ​សាលារៀន​របស់​យើង ក្នុងថ្ងៃនេះ​នឹង​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​វិញ​។​”



លោក សេង តូ ដែលជា​នាយក​សាលា បឋមសិក្សា​ឃ្មួញ បាន​មានប្រសាសន៍ថា “​ខ្ញុំ​ពិតជា​មាន​សេចក្ដី​រីករាយ​យ៉ាង​ក្រៃលែង ចំពោះ​សកម្មភាព​សប្បុរសធម៌ របស់​ក្រុមហ៊ុន​សាម​សុង ក្នុងថ្ងៃនេះ​តាមរយៈ​កម្មវិធី ”Samsung Love and Care’’ ។ ក្រុមហ៊ុន​សាម​សុង មិន​ត្រឹមតែ​ផ្ដល់​ភាព​ងាយស្រួល និង​ផាសុកភាព​ដល់​ជីវភាព​រស់នៅ ប្រចាំថ្ងៃ​តាមរយៈ​ផលិតផល​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ជា​ប្រភព ​នៃ​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង រវាង​បុគ្គលិក​របស់​សាម​សុង និង​សិស្សានុសិស្ស​របស់​យើង​ផងដែរ​។​”



លោក​ក៏បាន​បន្ថែមទៀតថា បុគ្គលិក​របស់​ក្រុមហ៊ុន​សាម​សុង ត្រូវ​បានទទួល​រាក់ទាក់​ដោយ​សេចក្ដី​គោរព​ស្រឡាញ់ ពី​សិស្សានុសិស្ស នៃ​សាលាបឋមសិក្សា​ឃ្មួញ​។

ក្នុង​ព្រឹត្តិការណ៍​នេះ ក៏មាន​ការចូលរួម​ពី កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា មាន សូ​នី​តា ដែល​តំណាង​ឲ្យ​ផលិតផល​សាម​សុង បាន​ស្ម័គ្រ​ចិត្ត និង​ចំណាយ​ពេលវេលា ដ៏​មានតម្លៃ​ផ្ទាល់ខ្លួន ដើម្បី​ផ្ដល់​ជា​កម្លាំងចិត្ត និង​គំនិត​វិជ្ជមាន​ដល់​សិស្សានុសិស្ស​ផងដែរ​។

កញ្ញា ឱក សុគន្ធ​កញ្ញា បាន​បញ្ជាក់ថា “​នាង​ខ្ញុំ​ពិត​ជាមាន​សេចក្ដីរំភើប ដែល​បាន​មកដល់​ទីនេះ និង​បាន​ចូលរួម​ក្នុង​កម្មវិធី​ដ៏​មាន​អត្ថន័យ​នេះ​។ សាម​សុង​នាំមក​នូវ​ការផ្លាស់ប្ដូរ ជា​វិជ្ជមាន ដើម្បី​លើក​កម្ពស់​ការរស់នៅ របស់​សិស្សានុសិស្ស ហើយ​សម្រាប់​សកម្មភាព​នេះ នាង​ខ្ញុំ​មាន​មោទនភាព ក្នុង​ការ​ធ្វើជា​តារា​តំណាង​ឲ្យ​សាម​សុង​។​”

បន្ថែម​ពីនេះ កញ្ញា​ មាន សូ​នី​តា បាន​បញ្ជាក់ថា “​នាង​ខ្ញុំ​មាន​សេចក្ដី​រីករាយ ដែល​បាន​ក្លាយជា​សមាជិក​មួយ របស់​គ្រួសារ​សាម​សុង​។ ហើយ​ថ្ងៃនេះ ​គឺ​ពិតជា​ផ្តល់នូវ​ភាព​រំភើប​រីករាយ ដល់​នាង​ខ្ញុំ​ដែល​បានមក​ចូលរួម និង​ចែក​សម្ភារៈ​សិក្សា​ជូន​ដល់​ប្អូនៗ​កុមារ​ទាំងអស់​នា​ព្រឹក​នេះ​។​

​ថ្ងៃ​ដែល​ពោរពេញ​ទៅដោយ ការប្រាស្រ័យ​ទាក់ទង​គ្នា​យ៉ាង​ជិតស្និទ្ធ ត្រូវ​បាន​បញ្ចប់ ហើយ​កុមារ និង​បុគ្គលិក​ស្ម័គ្រចិត្ត របស់​សាម​សុង​បាន​លា​គ្នា ជាមួយ​ស្នាមញញឹម ដ៏​រីករាយ​ដោយ​បាន​ពោល​ពាក្យ​ថា «​ជួបគ្នា​ម្តងទៀត​!»៕