ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ទីរ​ជំនាញ​ អំពាវនាវ​ឲ្យ​ម្ចាស់​យក​រថយន្ត​មក​ឆៀក​ឲ្យ​បាន​គ្រប់ៗ​គ្នា​

ព្រះវិហារ​ ៖ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ព្រះវិហារ លោក សំ លាង​ទ្រី នៅ​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​រថយន្ត​ណា​ដែល​ផុតកំណត់​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) ត្រូវយក​មក​ឆៀក​ឲ្យ​បាន​គ្រប់គ្នា ព្រោះថា ការ​ឆៀករថយន្ដ​ប្រៀបបាន​ដូច​មនុស្ស​ទៅពិនិត្យ​សុខភាព​ដូច្នេះ​ដែរ​។​

លោក​ប្រធាន​មន្ទីរ​សាធារណការ​បាន​ឲ្យ​ដឹងថា យានយន្ត​ជាច្រើន​គ្រឿង​ដែល​ធ្វើ​ចរាចរណ៍​នៅតាម​ដងផ្លូវ ត្រូវបាន​មន្ត្រី រួមជាមួយ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ ឬ​ផាកពិន័យ ដោយសារ​ការ​ផុត កំណត់​ការត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ដែលជា​ហេតុ​ធ្វើ​ឲ្យ​ខាតបង់​នូវ​ពេលវេលា ប្រាក់​កាស​ផ្សេងៗ លើសពីនេះ គឺ​បណ្ដាល​ឲ្យ​កើតមាន​នូវ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជាយថាហេតុ​។​

ដូច្នេះ​ទេ ​លើ​ករណីនេះ ​លោក សំ លាង​ទ្រី សូម​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះវិហារ មេត្តា​យក​រថយន្ត​របស់ខ្លួន មក​ធ្វើការ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស (​ឆៀក​) នៅ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះវិហារ រៀងរាល់​ម៉ោង​ធ្វើការ ដោយមាន​ក្រុមការងារ​ឆៀក នៃ​មន្ទីរ​សាធារណការ​ខេត្ត​ព្រះវិហារ នៅ​រង់ចាំ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​ជាប្រចាំ ជាមួយនឹង​ការ​ផ្ដល់​សេវា បាន​យ៉ាង​ឆាប់​រហ័ស ទៅតាម​តម្លៃ​ដែល​បានកំណត់​ត្រឹមត្រូវ​នៅលើ​តារាង​ដែល​បាន​បិទ​ភ្ជាប់​ជាមួយ​។​

លោក​ប្រធាន​មន្ទីរ​បន្ថែមទៀតថា ការយក​រថយន្ត​មក​ត្រួត​ពិនិត្យមើល​លក្ខណៈ​បច្ចេកទេស ប្រៀបបាន​នឹង​មនុស្ស​យើង​ទៅ​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​សុខភាព​ដែរ ព្រោះ​យើង​ម្នាក់ៗ មិនដឹង​ខ្លួន​មុន​ថា យើង​ឈឺ​ជំងឺ​អី​នោះទេ ប៉ុន្តែ​ពេលដែល​យើង​ទៅពិនិត្យ​សុខភាព គ្រូពេទ្យ និង​ចេញ​លទ្ធផល​ពី​អាការរោគ របស់​យើង​ពិតប្រាកដ ពេលនោះ​ដែល​ត្រូវ​លេបថ្នាំ​ឲ្យ​បាន​ទៀងទាត់ តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ នោះ​ពិតជា​អាច​ការពារ​បាន​ពី​ជំងឺ​បាន​។​

ចំណែក​រថយន្ត​ក៏​ដូច្នេះ​ដែរ យើង​មិនដឹងថា ​រថយន្ត​របស់​យើង​ខូច​អី​ឲ្យ​ពិតប្រាកដ​នោះទេ ប៉ុន្តែ​ពេល​ដែល​យក​រថយន្ត​ទៅ​ត្រួត​មើល​លក្ខណៈ​បច្ចេកទេស ពេលនោះ​ទើប​យើង​ប្រាកដថា រថយន្ត​របស់​យើង​ខូច​អី​មិន​ខាន ហើយ​នៅពេល​យើង​ធ្វើការ​តាម​ការណែនាំ​របស់​មន្ត្រី​បច្ចេកទេស នោះ​យើង​នឹង​អាច​រួច​ផុតពី​គ្រោះ​ចង្រៃ​ដូចជា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ជាដើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114