ព័ត៍មានទាន់​ហេតុការណ៏
Search

​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​បង្ក​ការ​ព្រួយបារម្ភ​​ជាខ្លាំង​ ស្រប​ពេល​ដែល​បញ្ហា​សន្តិសុខ សុវត្ថិភាព​មាន​ភាព​ល្អប្រសើរ​

ព្រះសីហនុ​ ៖​ បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរណ៍ កំពុង​បង្ក​ការ​ព្រួយបារម្ភ​ជា​ខ្លាំង នៅ​ក្នុង​ស្រុក​ព្រៃនប់ បន្ទាប់ពី​មាន​គ្រោះថ្នាក់​បានកើត​ឡើង​ស្ទើរ​ជា​រៀងរាល់ថ្ងៃ​ ស្រប​ពេលដែល​បញ្ហា​សន្តិសុខ សុវត្ថិភាព​មាន​ភាពល្អប្រសើរ នៅ​គ្រប់​ភូមិ ឃុំ នេះ​បើ​យោងតាម​ការ​បញ្ជាក់​ពី​លោក​វរសេនីយ៍ឯក សួន គឹមសំ អធិការ​ស្ដីទី​នគរបាល​ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ថ្លែង​បញ្ជាក់​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ​បណ្ដាញ​សារព័ត៌មាន​នា​រសៀល​ថ្ងៃ​ទៅ​០១ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​។
​ ​
ថ្លែង​ក្នុង​ឱកាស​នោះដែរ លោក​វរសេនីយ៍ឯក សួន គឹម សំ ក៏បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ចំពោះ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នាពេល​បច្ចុប្បន្ន​នេះ សម្រាប់​ស្រុក​ព្រៃនប់​ទាំងមូល គឺ​មានតែ​បញ្ហា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​តែ​ម្យ៉ាង​គត់ ព្រោះ​នៅ​ស្ទើរ​ជា​រៀងរាល់​ថ្ងៃ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​០៤ ក្នុង​ភូមិ​សាស្ត្រ​ទឹកដី​ស្រុក​ព្រៃនប់​ តែងតែ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ជា​ញឹកញាប់ ដែល​កត្តា​ទាំង​នេះ​បណ្ដាល​មកពី​​ផ្នែក​កត្តា​ផ្លូវថ្នល់ និង មួយផ្នែកធំ​ទៀត​មកពី​កត្តា​មនុស្ស បើកបរ​ខ្វះ​ការប្រុង​ប្រយ័ត្ន បើកបរ​ហួស​ល្បឿន​កំណត់ ពុំ​គោរព​សិទ្ធ​អាទិភាព ជាដើម​។​ល​។​

ដោយឡែក​ បញ្ហា​សន្តិសុខ​វិញ ក្រោម​ការណែនាំ​ពី​ឯកឧត្ដម ឧត្ដមសេនីយ៍​ទោ​ ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត និង​មាន​កិច្ចសហការ​បាន​យ៉ាង​ល្អ អធិការ អធិការរង កងកម្លាំង​ជំនាញ​ នៃ​ផ្នែក​និ​មួយៗ ជាពិសេស ពី​កម្លាំង​ជំនាញ​ព្រហ្មទណ្ឌ និង កម្លាំង​អន្តរាគមន៍ ដែល​ដឹកនាំ​ដោយ លោក​វរសេនីយ៍​ទោ ហ៊ួ យ៉ៃ អធិការរង​ទទួល​ផែន​ជំនាញ​ព្រហ្មទណ្ឌ ​និង​អន្តរាគមន៍ នៃ​អធិការរង​ស្រុក​ព្រៃនប់ ធ្វើ​ឲ្យ​បទល្មើស​មួយចំនួនធំ ត្រូវបាន​កាត់បន្ថយ​គួរ​ជាទី​មោទនៈ​។

​​​ចំពោះ​សកម្មភាព នា នា នៅក្នុង​អង្គភាព​នគរបាល​ស្រុក​ព្រៃនប់ ដោយមាន​ការយកចិត្ត​ទុក​ដាក់ និង​មាន​គាំទ្រ​យ៉ាង​ពេញទំហឹង​អំពី​សំណាក់​លោក ជួន ណា​រិ​ន្ឋ ស្នងការ​នគរបាល​ខេត្ត ទាំង​ផ្នែក​សម្ភារៈ និង​ថវិកា​នោះ ​ទើប​ធ្វើ​ឲ្យ​អង្គភាព​មានការ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស ដោយ​កាលពីមុន​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃនប់​មានតែ​អគារ​រដ្ឋបាល​ចាស់​ទ្រុឌទ្រោម តែ​០៣​ខ្នង​ប៉ុណ្ណោះ ប៉ុន្តែ​រហូត​ដល់​បច្ចុប្បន្ន​នេះ​ អាគារ​ទាំងនេះ​ត្រូវបាន​សាងសង់​ និង​ជួសជុល​​ ចាក់ដី​បន្ថែម​ លាប​ថ្នាំ​ឡើងវិញ ក្រោម​កិច្ចសហការ​យ៉ាង​ល្អ​ពី​មន្ត្រី​ចំណុះ​អធិការដ្ឋាន​នគរបាល​ស្រុក ជាពិសេស​ពី​លោក ហ៊ួ យ៉ៃ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ ក៏មាន​បន្ទប់​ស្នាក់នៅ ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង របស់​កម្លាំង​ប្រចាំ​ការ គ្រប់​ជំនាញ​ កម្លាំង​អន្តរាគមន៍​ពិសេស សាលប្រជុំ រោង​បាយ បន្ទប់​ឃុំខ្លួន​ជនល្មើស និង បន្ទប់ទឹក ហើយ​នៅ​ថ្ងៃ​ខាងមុខនេះ អធិការដ្ឋាន​នឹង​មាន​គម្រោង​ចាក់​ដី​បន្ថែម រៀបចំ​សួនច្បារ តារាង​បាល់ទះ និង ទីលាន​សម្រាប់​រក្សាទុក​វត្ថុតាង​អំពី​គ្រោះថ្នាក់​ចរាចរណ៍​ផងដែរ​ផងដែរ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114