ព័ត៍មានទាន់​ហេតុការណ៏
Search

​វគ្គ​បណ្ដុះបណ្ដាល ​ស្ដីពី​ការគ្រប់គ្រង និង​ការសង្គ្រោះ​បន្ទាន់​ជំងឺ​ផ្លូវ​ដង្ហើម​របស់​កុមារ​ត្រូវបាន​បញ្ចប់

​កំពង់ឆ្នាំង ៖ លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់ឆ្នាំង នៅ​ល្ងាច​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ បាន​ថ្លែង​ទៅកាន់​សិក្ខាកាម​ជា​គ្រូពេទ្យ​មកពី​មណ្ឌល​សុខភាព និង​មកពី​មន្ទីរពេទ្យ​៣​នៅ​ក្នុង​ខេត្ត​ចំនួន​២៦​នាក់ ក្នុង​ពិធី​បិទ​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​ការគ្រប់គ្រង និង​ការសង្គ្រោះ​បន្ទាន់​ជំងឺ​ផ្លូវ​ដង្ហើម​របស់​កុមារ​ថា ៖ គ្រូពេទ្យ​នៅ​តាម​មណ្ឌល​សុខភាព និង​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​របស់​ខេត្ត មិន​អាច​ខ្វះ​បានទេ​នូវ​ជំនាញ​ជាក់លាក់ និង​ច្បាស់លាស់ ក្នុង​ការ​ជួយសង្គ្រោះ​បន្ទាន់​នូវ​ជំងឺ​ផ្លូវ​ដង្ហើម​របស់​កុមារ​ដែល​ទើប​នឹង​កើត ដែល​យើង​បាន​ខិតខំ​រៀន​សូត្រ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ៗ ពេញ​មួយ​ថ្ងៃនេះ។

លោក ប្រាក់ វ៉ុ​ន បាន​បន្ត​ថា ការរៀនសូត្រ​នៅ​បច្ចេកទេស​ជំនាញ​ខាងលើ​ពេញ​មួយថ្ងៃ​ ដោយ​មាន​ការ​ជួយ​បណ្ដុះបណ្ដាល​ពី​ក្រុម​គ្រូពេទ្យ​ជំនាញ​មកពី​មន្ទីរពេទ្យ Mount Avernia ប្រទេស​សិង្ហបុរី និង​ដោយ​មានការ​ជួយឧបត្ថម្ភ​ពី​អង្គការ​វ៉ា​ផង​នោះ គឺជា​វគ្គ​បណ្ដុះបណ្ដាល​ពាក់កណ្ដាល​បញ្ជាក់​ថា ដោយ​បាន​បង្ហាញ​អំពី​ការប្រើប្រាស់​សម្ភារៈ និង​បច្ចេកទេស ក្នុង​ការ​ជួយសង្គ្រោះ​ជំងឺ​​​របស់​កុមារ​ទើប​តែ​នឹង​កើត​ដោយ​ផ្ទាល់ ​អាច​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​យើង​ជា​អ្នក​សិក្សា​រៀន​សូត្រ​បាន​អនុវត្ត​ដោយ​ផ្ទាល់​ដៃ និង​មានការ​យល់ដឹង​ច្បាស់លាស់ សង្ឃឹម​ថា​នឹង​យក​ទៅ​អនុវត្ត​ជាក់ស្ដែង នៅ​ក្នុង​មណ្ឌល​សុខ​ភាព និង​តាម​មន្ទីរពេទ្យ​របស់​ខ្លួន បាន​ដោយ​ជោគជ័យ​។

លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត ក៏បាន​ផ្ដាំផ្ញើ​ផង​ដែរ​ដល់​គ្រូពេទ្យ​ទាំងអស់ ពេល​ត្រឡប់​ទៅកាន់​មូលដ្ឋាន​វិញ​ សូម​លះបង់​ចោល​នូវ​ទម្លាប់​ចាស់ ដោយ​ត្រូវ​យក​បច្ចេកទេស​ក្នុង​ការ​ជួយសង្គ្រោះ​ជំងឺ​​​របស់​កុមារ​ទើបតែ​នឹង​កើត ដែល​បាន​សិក្សា​រៀន​សូត្រ​នេះ​ទៅ​អនុវត្ត​ដោយ​ជាក់ស្ដែង ទើប​គ្រូពេទ្យ​យើង​ទទួល​បាន​ជោគជ័យ និង​ទើប​កាត់បន្ថយ​បានការ​ស្លាប់​របស់​ម្ដាយ និង​ទារក​ដែល​ធ្លាប់​កើតមាន​កន្លង​មក។

​ចំណែក​លទ្ធផល ​នៃ​វគ្គ​បណ្ដុះបណ្ដាល​នេះ គឺ​គ្រូពេទ្យ​ជា​សិក្ខាកាម​ទាំងអស់​បាន​ប្រឡង​ធ្វើតេស្ត​ជាប់​៧២% ក្នុង​ចំនួន​គ្រូពេទ្យ​មក​រៀន​សូត្រ​២៦​នាក់ ក្នុង​នោះ​បាន​ធ្លាក់​ពិន្ទុ​តែ​៣​នាក់​ប៉ុណ្ណោះ។​

ដោយឡែក លោក សាន់ យូ ប្រធាន​អង្គ​វ៉ា ក៏បាន​ថ្លែងអំណរគុណ​ផង​ដែរ​ចំពោះ​ការ​សហការ​របស់​ក្រុម​គ្រូពេទ្យ​ខេត្ត​កំពង់ឆ្នាំង និង​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ Mount Avernia ប្រទេស​សិង្ហបុរី ដែល​បាន​សហការ​គ្នា​ជួយ​បង្ហាត់បង្រៀន​ជាក់ស្ដែង​ពេញ​មួយថ្ងៃ​នូវ​បច្ចេកទេស ក្នុង​ការ​ជួយសង្គ្រោះ​ជំងឺ​ផ្លូវ​ដង្ហើម​របស់​កុមារ​ដល់​សិក្ខាកាម ដែល​ជា​គ្រូពេទ្យ​បង្គោល ដោយ​ទទួល​បាន​លទ្ធផល​ជោគជ័យ​ក្នុង​ពេលនេះ។

លោក សាន់ យូ ក៏បាន​បញ្ជាក់​ផង​ដែរ​ថា ថា​អង្គការ​វ៉ា​របស់​លោក និង​ត្រៀមខ្លួន​ជួយឧបត្ថម្ភ និង​សហការ​ជា​ជួយ​ជា​បន្តទៀត​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល បច្ចេកទេស​ផ្សេងៗ​របស់​ក្រុម​គ្រូពេទ្យ​ខេត្ត​កំពង់ឆ្នាំង ដើម្បី​ជួយ​លើកស្ទួយ​ឲ្យ​ក្រុមគ្រូពេទ្យ​ទាំងអស់​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង មាន​សមត្ថភាព និង​គុណភាព​ប្រសើរ​ឡើង សម្រាប់​បម្រើ​សេវា​ព្យាបាល​ជូន​ប្រជាពលរដ្ឋ​បាន​ជោគជ័យ។​

នៅ​ក្នុង​វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ លោក អ៊ុក ស៊ូ​ន ប្រធាន​ប្រតិភូ​ក្រុម​គ្រូពេទ្យ​ នៃ​មន្ទីរពេទ្យ Mount Avernia ប្រទេស​សិង្ហបុរី​បាន​ថ្លែង​ថា​ លោក​បាន​ពេញ​យ៉ាង​ខ្លាំង​ចំពោះ​ការអភិវឌ្ឍន៍​ដ៏​រីកចម្រើន​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​នៅ​ក្នុង​កម្ពុជា​ពិតជា​មាន​ធនធានមនុស្ស​ដ៏​ល្អ​ប្រសើរ​។

ក្នុង​វគ្គ​បណ្ដុះបណ្ដាល​ថ្ងៃនេះ​យើង​បាន​យក​មេរៀន​សំខាន់​ចំនួន​៤​ប្រធានបទ មក​ច្របាច់​ចូលគ្នា​រៀន​សូត្រ​តែមួយ​ថ្ងៃ​ដែល​មាន​រយៈពេល​តែ​៨​ម៉ោង គឺ​យើង​បាន​ឃើញ​គ្រូពេទ្យ​ជា​សិក្ខាកាម​យកចិត្តទុក​ដាក់​រៀន​សូត្រ​ល្អ​ណាស់​ និង​ទទួល​បាន​លទ្ធផល​ដ៏​ល្អ។

ក្នុងពេល​ខាងមុខ ក្រុម​គ្រូពេទ្យ ​នៃ​មន្ទីរពេទ្យ Mount Avernia ប្រទេស​សិង្ហបុរី នឹង​បន្ត​កិច្ចសហការ​បង្រៀន​នូវ​បច្ចេកទេស​ព្យាបាល​ជំងឺ​ដល់​គ្រូពេទ្យ​ខេត្ត​កំពង់ឆ្នាំង​ជា​បន្តទៀត​។​

ដោយឡែក​ គ្រូពេទ្យ​ជា​សិក្ខាកាម​២​នាក់ ក្រោយ​បញ្ចប់​វគ្គ​បណ្ដុះបណ្ដាល បាន​ធ្វើការ​ប្ដេជ្ញា​ចិត្ត​ថា​​នៅ​ពេល​ទៅដល់​មណ្ឌល​សុខភាព​ និង​មន្ទីរពេទ្យ​ខ្លួន​វិញ នឹង​យក​ចំណេះដឹង​បច្ចេកទេស​ព្យាបាល​ជំងឺ​ដ៏​សំខាន់​ដែល​ខ្លួន​បាន​រៀន​នេះ យកទៅអនុវត្ត​ជាក់ស្ដែង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ផ្តល់​សេវា​ព្យាបាល​ជំងឺ​ជូន​កុមារ​ឲ្យ​ទទួល​បាន​ជោគជ័យ និង​ជួយ​ចែករំលែក​ចំណេះដឹង​នេះ ដល់​បុគ្គលិក​ពេទ្យ​នៅ​ក្នុង​អង្គភាព​ថែមទៀត ដើម្បី​រួមគ្នា​ផ្ដល់​សេវា​ព្យាបាល​ជំងឺ ប្រកបដោយ​ជំនាញ​ច្បាស់លាស់ និង​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​សង្គ្រោះ​ជីវិត​កុមារ​ដែល​មាន​ជំងឺ​ផ្លូវ​ដង្ហើម​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114