ព័ត៍មានទាន់​ហេតុការណ៏
Search

លោក សុខ សម្បត្តិ ចូលរួម​បើក​បវេសនកាល​នៅ​វិទ្យាល័យ​បឹង​ប្រី​យ៍​ ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩

ភ្នំពេញ ៖ សម្រាប់​ឆ្នាំ​សិក្សា​ថ្មី ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨-២០១៩ នេះ​ លោក​ សុខ សម្បត្តិ ​អភិបាល ​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ និង​ថ្នាក់ដឹកនាំ​សាលា​ខណ្ឌ​ ព្រមទាំង​លោកនាយក​ លោកគ្រូ អ្នកគ្រូ និង​សិស្សានុសិស្ស បាន​អញ្ជើញ ជា​អធិបតី និង​ចូលរួម​បើក​បវេសនកាល​ថ្មី នៅ​សាលាបឋមសិក្សា និង​វិទ្យាល័យ​បឹង​ប្រី​យ៍ ស្ថិត​ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

ជា​មួយ​នឹង​ការ​បើក​បវេសនកាល ឆ្នាំ​សិក្សា​ថ្មី​២០១៨-២០១៩​នេះ លោក ​សុខ សម្បត្តិ បាន​អាន​នូវ​សារ​លិខិត​របស់​សម្ដេច​អគ្គ​មហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ថ្ងៃ​បវេសនកាល​ថ្មី​នេះ​ថា ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ជា​ថ្ងៃ​ដែល​មាន​អត្ថន័យ​ជ្រាលជ្រៅ​មួយ សម្រាប់​វិស័យ​អប់រំ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​, ជា​ថ្ងៃ​បើក​បវេសនកាល​ឆ្នាំ សិក្សា​ថ្មី ២០១៨-២០១៩ ដែលជា​ការ​បើក​ទំព័រ​ឆ្នាំ​សិក្សា​ថ្មី សម្រាប់​សិស្ស និស្សិត​ក្នុង វ័យ​សិក្សា កុលបុត្រ​កុលធីតា ជាទី​ស្រឡាញ់ របស់​យើង​គ្រប់​គ្នា​បន្ត​ការសិក្សា​ទៅ​ថ្នាក់​ខ្ពស់​ទៀត និង​ជា​ថ្ងៃ​ចាប់ផ្ដើម ជីវិត​សិក្សា ដំបូង​សម្រាប់​កុមារ​ដែល​ទើប​ដល់​អាយុ ត្រូវ​ចូល​សាលារៀន​។​

​បន្ទាប់ពី​បាន​អាន​សារលិខិត​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ចប់​រួចមក ​លោក ​សុខ សម្បត្តិ បាន​ផ្ដាំផ្ញើ និង​ជំរុញ​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវខិតខំ​រៀនសូត្រ ចាប់ពី​ថ្នាក់​ដំបូង​រហូតដល់ វិទ្យា​ល័យ និង​បន្ត​ទៅ​សាកលវិទ្យាល័យ​ទៀត​ឲ្យ​បាន​គ្រប់គ្នា ដោយ​មិនត្រូវ​គេច​សាលា និង​ប្រព្រឹត្ត​អំពើ​អបាយមុខ​ផ្សេងៗ ដូចជា ការ​សេព​គ្រឿងញៀន បង​តូច​បងធំ ល្បែងស៊ីសង និង​ចូល​ក្លឹប​រាំលេង​កម្សាន្ត ភ្លេច​ការរៀនសូត្រ​នោះទេ​។​

ក្នុង​នោះ​ផង​ដែរ អភិបាលខណ្ឌ​ព្រែក​ព្នៅ ក៏បាន​ជំរុញ​ឲ្យ​គណៈ​គ្រប់គ្រង​សាលា និង​លោកគ្រូ អ្នកគ្រូ​ទាំងអស់ ត្រូវ​ចូលរួម​ទាំងអស់​គ្នា រឹត​បន្តឹង​ទាំង​ការ​បង្រៀន និង​វិន័យ ធ្វើ​យ៉ាង​ណា​ឲ្យ​សិស្សានុសិស្ស​ទាំងអស់ ត្រូវតែ​ខំប្រឹង​រៀន មានចំណេះដឹង ក្នុង​ខ្លួន​ពិតប្រាកដ ហើយ​បើ​យើង​ស្រឡាញ់​ខ្លួន​, ស្រឡាញ់​ឪពុកម្ដាយ និង​ស្រឡាញ់​អនាគត​ដ៏​រុងរឿង គឺ​នៅ​ឲ្យ​ឆ្ងាយ​គ្រឿងញៀន និង​ត្រូវ​ចេះ​ណែនាំ​ចំពោះ មិត្តភ័ក្ដិ អំពី​គ្រោះថ្នាក់ នៃ​ការ​ប្រើប្រាស់​គ្រឿងញៀន និង​ត្រូវ​និយាយថា​ទេ ចំពោះ​គ្រឿង​ញៀន​គ្រប់​ប្រភេទ​, ត្រូវ​ប្រតិបត្តិ​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន​ ដោយ​ត្រូវ​យោគយល់ និង​មាន​អធ្យាស្រ័យ​គ្នា ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​ផ្ទាល់​ខ្លួនឯង និង អ្នកដទៃ ក៏ដូចជា​រក្សាបាន​នូវ​សេចក្ដី​ថ្លៃ​ថ្នូរ​ដល់​សង្គមជាតិ​ទាំងមូល​។​

គួរ​បញ្ជាក់​ថា បើ​យោងតាម​របាយការណ៍ វិទ្យាល័យ​បឹង​ប្រី​យ៍ មាន​លោកគ្រូ អ្នកគ្រូ​សរុប​ចំនួន​៥៥​នាក់ ស្រី​១៤​នាក់ ចំណែក​សិស្សានុសិស្ស​ចាប់ពី​ថ្នាក់​ទី​៧​ ដល់​ថ្នាក់​ទី​១២ ​មាន​ចំនួន​សរុប​៨១៥​នាក់ សិស្ស​ស្រី​មាន​ចំនួន​៤៥៩​នាក់​។

ជាមួយគ្នានេះ លោក​ សុខ សម្បតិ​ ក៏បាន​ឧបត្ថម្ភ​ថវិកា​ចំនួន​៨០​ម៉ឺន​រៀល ដល់​គណៈ​គ្រប់គ្រង​សាលា​វិទ្យាល័យ និង​សាលាបឋមសិក្សា​ឧបត្ថម្ភ​ថវិកា​ចំនួន​៣០​ម៉ឺន​រៀល​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114