ព័ត៍មានទាន់​ហេតុការណ៏
Search

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​១​ម្នាក់​ ខ្យល់គរ​ដួល​ធ្លាក់​ពីលើ​ម៉ូតូ​ពេល​ចេញ​ល្បាត​នា​រំលង​អធ្រាត្រ​

​ភ្នំពេញ ​៖ ​ដោយសារតែ​ជាប់​ភារកិច្ច​យាមល្បាត​នៅ​ក្នុង​មូលដ្ឋាន​ទាំងយប់​ទាំង​ថ្ងៃ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ បានធ្វើ​ឲ្យ​មន្ត្រី​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ថ្មី​ទី​១​ម្នាក់​ កើត​ជំងឺ​ខ្យល់គ​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​បាត់បង់​ស្មារតី កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៨ ត្រង់​ចំណុច​ម្ដុំ​ផ្សារ​រាត្រី ផ្លូវ​ព្រះស៊ីសុវត្ថិ កែង​ផ្លូវ​១០៨ ដែល​ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ។​

មន្ត្រី​នគរបាល​ដែល​រងគ្រោះ​នោះ ឈ្មោះ ប៉ុក ធា អាយុ​៥១​ឆ្នាំ ឋានន្តរសក្ដិ អនុ​សេនីយ៍​ឯក (​សក្ដិ​៣) ជា​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ផ្សារ​ថ្មី​១ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ។​

​ប្រភពពី​មន្ត្រីនគរបាល ប៉ុស្តិ៍​ផ្សារ​ថ្មី​១​ដែល​បាន​ប្រាប់​ឲ្យដឹង​ថា ​ដំបូង​ឡើយ នគរបាល​រងគ្រោះ បាន​ត្អូញត្អែរ​ប្រាប់​មន្ត្រី​នគរបាល​វេន​ល្បាត​ជាមួយគ្នា​ថា រូបគាត់​មិនសូវ​ស្រួលខ្លួន​ទេ ដោយ​មិនសូវ​បាន​សម្រាក​ ព្រោះ​ជាប់​បំពេញការងារ ទាំង​យប់​ទាំង​ថ្ងៃ ជាប់ៗ​គ្នា ហើយ​ថែមទាំង​ព្រលឹម​ឡើង ត្រូវ​ចុះ​ការពារ​(P)​ទៀត តែ​ទោះបីជា​យ៉ាងនេះ​ក៏ដោយ ក៏​នគរបាល​រងគ្រោះ​បាន​ខិតខំ​តស៊ូ​បំពេញភារកិច្ច តាម​តួនាទី​របស់​ខ្លួន​ក្នុងនាម​ជា​កងកម្លាំង ដោយ​បន្តធ្វើ​ការចេញ​ល្បាត ការពារ​សុវត្ថិភាព ជូន ប្រជា​ពលរដ្ឋ​ក្នុង​មូលដ្ឋាន​របស់ខ្លួន ហើយ​ខណៈពេល​កំពុង​ជិះ​ម៉ូតូ​ល្បាត​តាម​ភូមិសាស្ត្រ មកដល់​ម្ដុំ​ផ្សារ​រាត្រី ផ្លូវ​ព្រះ​ស៊ីសុវត្ថិ កែង​ផ្លូវ​១០៨ ស្ថិតក្នុង​សង្កាត់​វត្តភ្នំ ស្រាប់តែ​មន្ត្រីនគរបាល​ខាងលើ ខ្យល់គរ​ធ្លាក់​ពីលើ​ម៉ូតូ សន្លប់​បាត់បង់​ស្មារតី​តែម្ដង បង្ក​ការភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​នៅ​ជិត​កន្លែង​កើតហេតុ និង​សមត្ថកិច្ច​ដែល​ល្បាត​ជាមួយគ្នា​ជួយសង្គ្រោះ​បឋម រួច​ទាក់ទង​រថយន្ត​សាមុយ​ឲ្យ​មក ដឹក​បញ្ជូន​ទៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ភ្លាមៗ​ ដើម្បី​សង្គ្រោះ​បន្ទាន់​។​

​ក្រោយពី​ទទួលបាន​ដំណឹង​ខាងលើ នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ លោក​ ទៀង ច័ន្ទ​សារ អធិការ​នគរបាល​ខណ្ឌ​ដូនពេញ និង​លោក កុល ខាន់​ណា​រ៉ា ដែល​តំណាង​ឲ្យ​ប៉ុស្តិ៍​ទាំង​១១​ នៃ​អធិការ​នគរបាល​ខណ្ឌ​ដូនពេញ​បាន​ដឹក​កម្លាំង​មន្ត្រី​នគរបាល​ក្រោម​ឱវាទ ចុះ​សួរ​សុខទុក្ខ​ដល់​គេហដ្ឋាន​របស់​មន្ត្រី​នគរបាល​ដែល​ខ្យល់គរ​ធ្លាក់​ពីលើ​ម៉ូតូ​សន្លប់​បាត់បង់​ស្មារតី​ខាងលើនេះ ដោយ​បាន​ឧបត្ថម្ភ​ជា​ថវិកា​ចំនួន​១​លាន​រៀល រួម​នឹង​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួនទៀត​ផងដែ​រ​។​

ក្នុងនោះដែរ​ លោក​ ទៀង ច័ន្ទ​សារ បាន​ពាំនាំ​នូវ​ការសាកសួរ​សុខទុក្ខ និង​យកចិត្តទុកដាក់​ពី​សំណាក់​ឯកឧត្ដម​សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ ហើយ​បាន​សួរ​សុខ​ទុក្ខ និង​ជម្រាប​ទៅ​សាមីខ្លួន ដូចជា​ក្រុមគ្រួសារ គឺធ្វើឡើង​តាម​ការ ណែនាំ​ដូចជា​តាម​ប្រសាសន៍​ដឹកនាំ​របស់ ឯកឧត្ដម ឧត្ដមសេនីយ៍​ឯក ស ថេត អគ្គ​ស្នងការ​រង និង​ជា​ស្នងការ​រាជធានី​ភ្នំពេញ​។​

​ជា​ចុងក្រោយ លោក​អនុ​សេនីយ៍​ឯក ប៉ុក ធា មន្ត្រី​នគរបាល ប៉ុស្តិ៍​ផ្សារ​ថ្មី​១ ដែល​មាន​បញ្ហា​សុខភាព​នោះ ព្រមទាំង​ក្រុម​គ្រួសារ​ទាំងមូល បាន​ថ្លែង​អំណរគុណ​នៅ​អារម្មណ៍​ពិត ចេញពី​បេះដូង ដោយ​មាន​ភាព រំភើប​រីករាយ ក្រៃ​លេង រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន ដោយមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ផ្តល់​កម្លាំងចិត្ត ចំពោះ​កូនចៅ ក្រោម​ឱវាទ ក៏ដូចជា​ក្រុម​គ្រួសារ​ទាំងមូល​ផងដែរ​៕​



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114