ព័ត៍មានទាន់​ហេតុការណ៏
Search

គាស់​ហាង​របស់​ជនជាតិ​ប៉ាគីស្ថាន​លួច​ទ្រព្យសម្បត្តិ​ និង​លុយកាក់ ​គេចខ្លួន​ជិត​១​សប្ដាហ៍​ ត្រូវ​ជាប់​អន្ទាក់​សមត្ថកិច្ច​

ភ្នំពេញ ​៖ ​ជនសង្ស័យ​ក្នុង​ករណី​លួច​មាន​ស្ថាន​ទម្ងន់​ទោស​ប្រើ​អំពើ​ហិង្សា​(​វាយបំបាក់​សោ​ទ្វារផ្ទះ​ចូល​លួច​ទ្រព្យសម្បត្តិ​)​ ត្រូវ​បង្ក្រាប​បាន​ក្រោយពី​ធ្វើ​សកម្មភាព​ខំ​ព្យាយាម​គេចខ្លួន​បាន​ជិត​១​សប្ដាហ៍​ក្រោយមក​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ​ករណី​នេះ​បានកើត​ឡើង​វេលា​ម៉ោង​០២​និង​៤០​នាទី ថ្ងៃ​ទី​២៨ ខែ​តុលា ឆ្នាំ​២០១៨ ស្ថិតនៅ​ចំណុច​ក្នុង​ផ្ទះ​លេខ​១១២​សេ ​ផ្លូវ​លេខ​១៣៦​ សង្កាត់​ផ្សារ​កណ្តាល​ទី​២​ ខណ្ឌ​ដូនពេញ​ ដែលមាន​ជនរងគ្រោះ​ឈ្មោះ​ILTAF HUSSAIN ភេទ​ប្រុស​ អាយុ​៤៥​ឆ្នាំ​ ជនជាតិ​ប៉ាគីស្ថាន​បាន​បិទ​ទ្វារផ្ទះ​ចាក់សោ​ត្រឹមត្រូវ ហាង​យីហោ (​ប៉ាន់​យ៉ា​ប៊ី )​ដែលមាន​ទីតាំង​លេខ​១១២​សេ​ ផ្លូវ​១៣៦​សង្កាត់​ផ្សារកណ្តាល​ទី​២​ ខណ្ឌដូនពេញ ហើយ​គាត់​បាន​ទៅ​ដេក​នៅផ្ទះ​ម្ដុំ​ផ្សារ​កណ្តាល លុះ​ព្រឹក​ឡើង​ថ្ងៃទី​២៨ ​ខែ​តុលា ​ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៨​និង​០០​នាទី​ក៏បាន​ត្រឡប់មក​ហាង​វិញ​បានឃើញ​របើក​សោ​ទ្វារផ្ទះ​ និង​ពិនិត្យឃើញ​បាត់​សម្ភារៈ​ក្នុង​ហាង ទើប​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ទី​ស្នាក់ការ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្ដាល​ទី​២​តែម្ដង​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ​បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ផ្សារ​កណ្តាល​ទី​២ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដូនពេញ ​សហការ​ជាមួយ​កម្លាំង​ផ្នែក​យុត្តិធម៌​ធ្វើការ​ស្រាវជ្រាវ​រហូតដល់​វេលា​ម៉ោង​១៨​ល្ងាច ​ថ្ងៃទី​០២ ​ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨ ទើប​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ឈ្មោះ ទេព សា​វី ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ ​ស្នាក់នៅ​ម្ដុំ​រោងកុន​ហែម​ជាតិ ​ផ្លូវ​លេខ​១៣០​ សង្កាត់​ផ្សារ​ចាស់ ​ខណ្ឌដូនពេញ រួមជាមួយ​វត្ថុតាង​ដកហូត​មាន លិខិតឆ្លងដែន​ចំនួន​០១​ក្បាល​លេខ​AU 1773203 អត្តសញ្ញាណប័ណ្ណ សៀវភៅ​ការងារ ប័ណ្ណ​សម្គាល់​យានយន្ត កាត​ធនាគារ​ និង​កាបូប​ស្ពាយ​ពណ៌​ខ្មៅ​មួយ​(​ជា​របស់​ជនរងគ្រោះ​)​នាំមក​ទីស្នាក់ការ​ប៉ុស្តិ៍​ផ្សារកណ្តាល​ទី​២​តែម្ដង​។​

ជនរងគ្រោះ​បញ្ជាក់ថា ​សម្ភារៈ​បាត់បង់​មាន​កុំព្យូទ័រ​ចំនួន​០២​គ្រឿង លុយ​ចំនួន​៣០០០​លុយ​ហុងកុង​.១០០​ដុល្លារ និង​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​៦​ពណ៌​ស​មួយ​គ្រឿង​។​

​ចំពោះមុខ​ សមត្ថកិច្ច​ បាន​និង​កំពុង​ប្រើប្រាស់​វិធានការ​ជំនាញ​សួរចម្លើយ បន្ត​យក​បក្ខពួក​នៅ​សេស​សល់ ​ព្រមទាំង​ប្រវត្តិ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​តាម​ភូមិសាស្ត្រ​បណ្ដា​ខណ្ឌ​ផ្សេងៗ​កន្លងមក និង​ទិស​ដៅ​បន្ត​កសាង​សំណុំរឿង​តាម​នីតិ​វិធី​ ដើម្បី​បញ្ជូន​ជនសង្ស័យ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114