ព័ត៍មានទាន់​ហេតុការណ៏
Search

ផាន់ គ្រាន់ ជម្រះ​បញ្ជី​ជាមួយ Phlay Noy

អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​កម្ពុជា ​គឺ​ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា ត្រូវគេ​ផ្ដល់​ឱកាស​ឲ្យ​ឡើង​ជម្រះ​បញ្ជី​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​Phlay Noy នៅលើ​សង្វៀន​ប្រដាល់​Boostrong Fighter On Fire របស់​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ នា​ព្រឹក​ថ្ងៃអាទិត្យ​ ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ២០១៨​នេះ។​
​ ​
ផាន់ គ្រាន់ និង Phlay Noy ជួប​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ធ្លាប់​ជួបគ្នា​២​លើក​ហើយ កាលពី​ក្នុង​ឆ្នាំ​២០១៥​កន្លងមក ដោយ​ ផាន់ គ្រាន់​ មិនដែល​បានឈ្នះ​នោះ​ទេ។ ជួប​លើក​ទី​១ (ថ្ងៃ​ទី​០៥​ ខែ​កញ្ញា ឆ្នាំ​២០១៥) ​បាន​ប្រកួត​ស្មើ​ពិន្ទុ​គ្នា និង​លើក​ទី​២(​ថ្ងៃ​ទី​២៤ ខែ​តុលា​ ឆ្នាំ​២០១៥) ផាន់ គ្រាន់ វាយ​ចាញ់។​

Phlay Noy អ្នក​ប្រដាល់​ថៃ​រូបនេះ ធ្លាប់​មក​ប្រកួត​នៅ​សង្វៀន​SEA-TV​នេះ​ពីរលើក​ហើយ ដែល​មក​លើក​ទី​១ វាយ​ស្មើ​ជាមួយ ​ផាន់​គ្រាន់​ នេះ និង​លើក​ទី​២ គេ​បាន​វាយ​ចាញ់​ថៃ​ដដែល​នេះ ក្នុង​ទឹក​ទី​២ ។ អ្នក​ប្រដាល់​ថៃ​រូបនេះ គេ​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​នៅ​កម្ពុជា​ម្ដង​ហើយ។ ដូច្នេះ Phlay Noy គេ​ជា​អ្នក​ប្រដាល់​មិនធម្មតា​នោះឡើយ។

ផាន់ គ្រាន់ គេ​ក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ដែរ។ គេ​ធ្លាប់​ជួប​ប្រកួត​ជាមួយ​ថៃ​ញឹកញាប់​ហើយ។ កាលពី​ចុង​ខែ​កក្កដា​កន្លងមកនេះ ផាន់ គ្រាន់ បាន​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​Sen Khuon ដោយ​ពិន្ទុ។​

សម្រាប់​លើក​នេះ ពុំ​ដឹងថា ​ផាន់ គ្រាន់ អាច​ផ្ដួល ​Phlay Noy បាន​ឬ​អត់​នោះទេ​?។ ផាន់ គ្រាន់ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១២១​លើក ឈ្នះ​៩៨​លើក និង​ចាញ់​១៩​លើក និង​ស្មើ​០៤​លើក ហើយ​ធ្លាប់​ផ្ដួល​គូ​ប្រកួត​ឲ្យ​សន្លប់​លើ​រេញ​ចំនួន​ជាង​៣០​លើក​ផងដែរ។ ចាំមើល តើ​ ផាន់ គ្រាន់ អាច​សងសឹក​យកឈ្នះ​អ្នក​ប្រដាល់​ថៃ Phlay Noy បាន​ឬ​អត់? សម្រាប់​ជំនួប​លើក​ទី​៣​នេះ។​

ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ មាឃ វណ្ណា​រ៉ា អ្នក​ប្រដាល់​ក្លិប​រាជសីហ៍​ខេត្ត​រតនគិរី នឹង​ជួប​ប្រកួត​ជាមួយ ផាន រះ អ្នក​ប្រដាល់​ក្លិប​តា​ព្រហ្ម​មានជ័យ។ ពីរ​នាក់​នេះ ជួបគ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម។​

មាឃ វណ្ណា​រ៉ា ជា​អ្នក​ប្រដាល់​ចាស់​វស្សា ឯ មាឃ វណ្ណា​រ៉ា ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។​ យ៉ាងណា ពីរ​នាក់​នេះ មិនដឹងថា​នរណា​ជា​អ្នក​ទទួលបាន​ជ័យជម្នះ​នោះ​ឡើយ ​នៅ​ក្នុង​ការ​ជួបគ្នា​លើកដំបូង​នេះ​?។ ផាន រះ គេ​ប្រកួត​លើកចុងក្រោយ​នេះ វាយ​ចាញ់ ​ឡុង ឡា អ្នក​ប្រដាល់​ក្លិប​អប់រំ​កាយ​កីឡា​ស្រុក​អន្លង់វែង​ដោយ​ពិន្ទុ ហើយ​ការប្រកួត​ចុងក្រោយ​របស់​ មាឃ វណ្ណា​រ៉ា គេ​ស្មើ​ពិន្ទុ​ជាមួយ ​ពុទ្ធ ម៉ា​ណូយ ក្លិប​ពុទ្ធ​សេរី​វង្ស​កីឡា។​

រីឯ គង់ វិ​រៈ អ្នក​ប្រដាល់​ក្លិប​យុវ​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ ត្រូវគេ​ផ្គូ​ឲ្យ​ជួប​ប្រកួត​ជាមួយ សេក សារ៉ាន់ អ្នក​ប្រដាល់​ក្លិប​អង្គរ​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម។ ហើយ​ ប្រាក់ ឌី​ណា អ្នក​ប្រដាល់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ខេត្ត​ព្រៃវែង នឹង​ជួប​ប្រកួត​ជាមួយ​អេ​លី​ត ប៊ុន​សិទ្ធ ក្នុង​ទម្ងន់​៥៤​គីឡូក្រាម​៕​

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114