ព័ត៍មានទាន់​ហេតុការណ៏
Search

ឡៅ ​ចន្ទ្រា ជួប​ឡាវ Phusarngyai ខណៈ នូវ ដា​រ៉ូ ជួប​ថៃ Thorng Sor​ នៅ​សង្វៀន​បាយ័ន​ស្ទឹងមាន​ជ័យ​

​ប្រដាល់ ៖ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​ ឡៅ ចន្ទ្រា ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១​ និង​នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ នឹងត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ឡាវ​លើ​សង្វៀន​បាយ័ន​ស្ទឹងមានជ័យ នា​យប់​ថ្ងៃអាទិត្យ​ ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៨​នេះ។ ឡៅ ចន្ទ្រា គេ​ត្រូវ​ប៉ះ​ជាមួយ Phusarngyai Dabrunsarakarm ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម។

Phusarngyai នេះ គេ​ជា​អ្នក​ប្រដាល់​ឡាវ​ចំណូល​ថ្មី មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ម្ដង​ណា​នៅឡើយ ។ យ៉ាងណា Phusarngyai ក៏​ជា​ជើង​ខ្លាំង​មួយរូប​នៅ​ស្រុក​ឡាវ​ដែរ។​ នេះ​បើតាម​ប្រវត្តិ​របស់​គេ។​

ទោះជា​យ៉ាងណា ការប្រកួត​លើក​នេះ ឡៅ ចន្ទ្រា មិនអាច​ធ្វេសប្រហែស​នឹង Phusarngyai បាន​ឡើយ ព្រោះ​អ្នក​ប្រដាល់​ឡាវ​រូប​នេះ មិន​សាមញ្ញ​នោះ​ទេ តាម​អ្នកដឹកនាំ​កីឡាករ​មក​ប្រកួត​ឲ្យ​ដឹង​នោះ។

Phusarngyai នេះ មាន​ប្រវត្តិ​ប្រកួត​តែ​ចំនួន​៦៩​លើក​ប៉ុណ្ណោះ ក្នុង​នោះ​វាយ​ឈ្នះ​៥៧​លើក ចាញ់​១០​លើក និង​ស្មើ​០២​លើក។ ចំណែក ឡៅ ចន្ទ្រា មាន​កំណត់​ត្រា​ប្រកួត​ចំនួន​១១១​លើក ឈ្នះ​១០១​លើក ចាញ់​១០​លើក មិនដែល​ស្មើ។​

យ៉ាងណា​សម្រាប់​ការ​ជួប​គ្នា​រវាង ឡៅ ចន្ទ្រា និង Phusarngyai នេះ គេ​រំពឹង​ថា ឡៅ ចន្ទ្រា នឹង​ឈ្នះ​ការប្រកួត​នេះ។ ដូច្នេះ​ចាំ​មើល តើ​ ឡៅ ចន្ទ្រា អាច​យកឈ្នះ Phusarngyai បាន​មែន​ឬ​អត់​សម្រាប់​ជំនួប​លើកដំបូង​នេះ?

ចំណែក នូវ ដា​រ៉ូ អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ត្រូវ​គេ​ផ្គូផ្គង​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​Thorng Sor.Yingjaruenkarnchharng ដោយ​ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៣,៥០០​គ​.​ក្រ។ ពីរ​នាក់​នេះ ពុំ​ធ្លាប់​ដែល​ប៉ះ​គ្នា​ម្តង​ណា​នៅឡើយ​ទេ​កន្លងមក​។​

នូវ ដា​រ៉ូ ជា​អ្នក​ប្រដាល់​ខ្លាំង​ស្រករ​ក្រោយ​ម្នាក់។ គេ​បាន​ឆ្លងកាត់​ការប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ទើប​តែ​បាន​៥​លើក​ប៉ុណ្ណោះ។ ដូច្នេះ លើក​នេះ​ជា​លើក​ទី​៦ ដែល​គេ​ជួប​ប្រកួត​ជាមួយ​ថៃ​នោះ។ កាលពី​ជួប​ប្រកួត​ជាមួយ​ថៃ​លើកចុងក្រោយ​នោះ (០៦​កក្កដា ២០១៨) គេ​បាន​វាយ​ឈ្នះ​ថៃ Senmuengnoy ក្នុង​ទឹក​ទី​២។​

នូវ ដា​រ៉ូ មាន​ប្រវត្តិ​ប្រកួត​ប្រមាណ​ជា​៥៤​លើក ក្នុង​នោះ​វាយ​ឈ្នះ​៣៨​លើក ចាញ់​១២​លើក និង​ស្មើ ០៤​លើក។ គេ​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​ស្រករ​ក្រោយ​ដោយមាន​ចិត្តធំ កម្លាំង​ខ្លាំង វាយ​មិន​សំចៃ​ដៃ​ឡើយ។ ប៉ុន្តែ​យ៉ាងណា​ការប្រកួត​លើក​នេះ មិនដឹងថា ដា​រ៉ូ​ អាច​យកឈ្នះ Thorng Sor. បាន​ឬក៏​អត់​នោះ​ទេ​?។​

Thorng Sor. ជា​ជើង​ខ្លាំង ដែលមាន​ស្នៀត​ទាត់ និង​កណ្ដាប់ដៃ​ល្អ។ ​ដូច្នេះ នូវ ដា​រ៉ូ ប្រកួត​លើក​នេះ អាច​នឹង​ជួប​ការ​លំបាក​ច្រើន ព្រោះ​អ្នក​ប្រដាល់​ថៃ​រូប​នេះ​មាន​ស្នៀត​ប្រដាល់​ល្អ​ និង​ខ្លាំង។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន​៦៩​លើក ឈ្នះ​៥៨​លើក ចាញ់​១០​លើក និង ស្មើ​០១​លើក។ ចាំ​មើល រវាង ​នូវ ដា​រ៉ូ និង Thorng Sor. តើន​រណា​ជា​អ្នកឈ្នះ​នៅក្នុង​ការ​ជួបគ្នា​នេះ?។​

ដោយឡែក សម្រាប់​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ ណា​ម​ម៉ូ​រ៉ា​ក់ អ្នក​ប្រដាល់​ក្លិប​ពន្លឺ​សាមគ្គី​ខេត្ត​បាត់ដំបង ត្រូវ​ជួប​ជាមួយ​ សំអាត សាវ​ឌី អ្នក​ប្រដាល់​ក្លិប​កុលបុត្រ​គុន​ខ្មែរ ដោយ​ជួប​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។

ណា​ម ម៉ូ​រ៉ា​ក់ ជា​អ្នក​ប្រដាល់​ជើងចាស់ ឯ សំអាត សាវ​ឌី ជា​អ្នក​ប្រដាល់​ស្រករ​ក្រោយ។ ចាំមើល សំអាត សាវ​ឌី អាច​យកឈ្នះ ​ណា​ម ម៉ូ​រ៉ា​ក់ បាន​ឬ​អត់​?​នោះ៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114