ព័ត៍មានទាន់​ហេតុការណ៏
Search

ចាន់ ប៊ុន​លាភ និង ចាន់​ចំរើន ចាញ់​ថៃ​មុន​ទឹក​៥​ដូចគ្នា​

អ្នក​ប្រដាល់​ជើងចាស់​ថ្មី​របស់​កម្ពុជា​២​រូប គឺ​ចាន់ ប៊ុន​លាភ និង ចាន់ ចំរើន ដែល​ឡើង​ប្រកួត​ជា​អ្នក​ប្រដាល់​ថៃ នា​យប់​ថ្ងៃ​សៅរ៍​ ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅលើ​សង្វៀន​បាយ័ន​ស្ទឹងមាន​ជ័យ គឺ​វាយ​ចាញ់​ថៃ​មុន​ទឹក​៥​ដូចគ្នា។​

ចាន់ ប៊ុន​លាភ ក្លិប​និរោធ​មានជ័យ ដែល​ត្រូវគេ​ផ្តល់​ឱកាស​ឲ្យ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​ឃុ​ម​ផេ​ត វ៉​.​ស៊ូ​ដ​នឺ​ន (Khumphetch vor. Suodneun) ក្នុង​ទម្ងន់​៦៧​គីឡូក្រាម​នោះ បាន​ត្រូវ​ថៃ​វាយ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។

ប៊ុន​លាភ ត្រូវ​ឃុ​ម​ផេ​ត ដាល់​ចំ​មុខ​ និង​ទាត់​ឲ្យ​ខូច​ជើង​ខាងឆ្វេង ដែល​ធ្វើឲ្យ ​ប៊ុន​លាភ​ មិនអាច​ក្រោក​បន្ត​ការប្រកួត​ទៀត​បាន ហើយ​បោះបង់​ការប្រកួត​តែម្ដង។

ឃុ​ម​ ផេ​ត ដែលមាន​ប្រវត្តិ​ប្រកួត​ត្រឹមតែ​ចំនួន​៧១​លើក អាច​ផ្ដួល ​ចាន់ ប៊ុន​លាភ ដែល​មាន​ប្រវត្តិ​ប្រកួត​មិនតិច​ក្រោម​១០០​លើក​នោះ បាន​ដោយ​ងាយស្រួល​បំផុត។ ឃុ​ម​ផេ​ត គេ​ល្អ​ និង​វាយ​ខ្លាំង ហើយក៏​ជា​ម្ចាស់​ខ្សែក្រវាត់​ទៀតផង​។

ចំពោះ អ្នក​ប្រដាល់​ចាន់ ចំរើន ក្លិប​និរោធ​មានជ័យ ត្រូវ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ ឆា​មួក​ផេ​ត ប្រាន​២៦(Chamuakpetch Phran26) ដែលជា​ជើង​ខ្លាំង​នៅ​ស្រុកថៃ វាយ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​២ ក្នុង​ការ​ជួប​ប្រកួត​គ្នា ទម្ងន់​៥៧​គីឡូក្រាម។​

ចាន់ ចំរើន ត្រូវ​មួក​ផេ​ត ប្រាន​២៦ វាយ​កែង​បត់​ឆ្វេង​ចំ​កណ្ដាល​មុខ បណ្តាលឲ្យ ​ចំរើន ​ដួល​លែង​ក្រោក​តែម្ដង ទោះបី​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​ហើយ​ក្តី។

​កាលពី​វាយ​ក្នុង​ទឹក​ទី​១ ចំរើន​ នៅ​វាយ​ប្រដំប្រសង​ជាមួយ មួក​ផេ​ត ប៉ុណ្ណោះ តែ​ចូលដល់​ទឹក​ទី​២ ពេល​ដែល​គេ​ចូល​វាយ​ប្ដូរ​កែង​នោះ ក៏​ចាញ់​កែង ​មួក​ផេ​ត ប្រាន​២៦ ដែល​វាយ​ចេញ​រហ័ស​ជាង បណ្ដាល​ឲ្យ​ចំ​មុខ​សន្លប់​តែម្ដង។ មួក​ផេ​ត ប្រាន​២៦ ជា​អ្នក​ប្រដាល់​ចំណូល​ថ្មី មាន​ស្នៀត​កណ្ដាប់ដៃ កែង ល្អ និង​រហ័ស។ គេ​មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ​កន្លងមក តែ​គេ​មាន​ប្រវត្តិ​ប្រកួត​ច្រើនជាង​ចាន់ ចំរើន​១០​ដង គឺ​គេ​មាន​កំណត់​ត្រា​ប្រកួត​ចំនួន​៦៩​លើក ឯ ចាន់ ចំរើន មាន​ចំនួន​៥៩​លើក​នោះ ។​

ចំពោះ​ការប្រកួត​រវាង​ខ្មែរ ​និង​ខ្មែរ​វិញ ធិ​ន សុវណ្ណ អ្នក​ប្រដាល់​ក្លិប​កងពលតូច​លេខ​៧០ ដែល​បាត់​មុខ​ពី​សង្វៀន​ប្រដាល់​យូរ​មកហើយ​នោះ ត្រូវ អូន ចាន់​ឡឹង អ្នក​ប្រដាល់​ក្លិប​កុសល​កីឡា វាយ​ឲ្យ​បោះបង់ចោល​ការប្រកួត​ក្នុង​ទឹក​ទី​១​ប៉ុណ្ណោះ។

ធិ​ន សុវណ្ណ ត្រូវ ចាន់​ឡឹង វាយ​កែង​បែក​ថ្ងាស​ហូរឈាម​កក្លាក់ គួបផ្សំ​នឹង​រាង​វង្វេងស្មារតី​ផង ធិ​ន សុវណ្ណ ក៏​បោះបង់​ការប្រកួត ក្រោយពី​អាជ្ញាកណ្ដាល​រាប់​ដល់​ដប់​នោះ។ អ្នក​ប្រដាល់​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦៩​គីឡូក្រាម។​

ចំណែក​ ម៉ិ​ល សារុន អ្នក​ប្រដាល់​ក្លិប​អាណាចក្រ​គុន​ខ្មែរ ក៏បាន​ផ្ដួល សាត ស៊ី​ណង អ្នក​ប្រដាល់​ក្លិប​កងពលតូច​ទ័ព​ឆ័​ត្រ​យោង​៩១១ ឲ្យ​បោះបង់​ការប្រកួត​ក្នុង​ទឹក​ទី​១​ដែរ បន្ទាប់ពី​អាជ្ញាកណ្ដាល​រាប់​សាត ស៊ី​ណង ៨ ពីរដង និង​ដួល​ម្ដង​ទៀត ក៏​បញ្ឈប់​ ស៊ី​ណង លែង​ឲ្យ​ប្រកួត។ ពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114