ព័ត៍មានទាន់​ហេតុការណ៏
Search

ប្រជាជន​កម្ពុជា នឹង​ទទួលបាន​ការវះកាត់ “​ភ្នែក​ឡើងបាយ​” និង “​ភ្នែក​ស្រលៀង​” ដោយ​ឥតគិតថ្លៃ ពី​ក្រុមគ្រូពេទ្យ​កូរ៉េ នៅ​ដើមខែ​ធ្នូ​នេះ

ភ្នំពេញ​ ៖​ ធនាគារ PPCBank នឹង​សហការ​ជាមួយ​គ្រូពេទ្យ​ជំនាញ ខាង​ផ្នែក​ចក្ខុរោគ (​ជំងឺ​ភ្នែក​) មកពី​ប្រទេស​កូរ៉េខាងត្បូង ដើម្បី​ធ្វើការ​ពិនិត្យ និង​ព្យាបាល​ដោយ​ឥតគិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ដែល​មាន​ជំងឺ​ភ្នែក​ឡើងបាយ និង​ភ្នែក​ស្រលៀង។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ របស់​ធនាគារ PPCBank ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​២ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ កន្លង​ទៅ​នេះ។

គម្រោង​នេះ​ មាន​ឈ្មោះថា “New Vision 2018” ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៦ ខែ​ធ្នូ នៅ​ក្នុង​រាជធានី​ភ្នំពេញ​, ខេត្ត​កណ្ដាល​, ខេត្ត​កំពង់ស្ពឺ និង​ខេត្ត​កំពត។

កម្មវិធី​នេះ នឹង​ត្រូវ​ចាប់ផ្ដើម​ដោយ ការ​ត្រួតពិនិត្យ​ភ្នែក​ជា​មុន​សិន។ បន្ទាប់មក​អ្នកជំងឺ នឹង​ត្រូវ​ឆ្លងកាត់​ការវះកាត់ បក​ភ្នែក “​ឡើងបាយ​” នោះ​ចេញ រួច​ជំនួស​ដោយ​កែវភ្នែក​សិប្បនិម្មិត ដែល​អាច​ប្រើប្រាស់​បាន​មួយ​ជីវិត។ ជាងនេះទៅទៀត កម្មវិធី​នេះ ក៏មាន​ការពិគ្រោះ​យោបល់ និង​វគ្គ​បណ្ដុះបណ្ដាល​ដល់​អ្នក​ជំងឺ ក្នុងអំឡុង​ពេល​ដែល​ភ្នែក​ពួកគាត់ នឹង​ជាសះស្បើយ​ឡើងវិញ និង​ផ្ដល់​ការអប់រំ​ពួកគាត់ អំពី​ការថែទាំ​សុខភាព​ភ្នែក ឲ្យ​បាន​ត្រឹមត្រូវ​ផងដែរ។

គោលបំណង​ចម្បង​នៃ​គម្រោង​នេះ ដែល​ធនាគារ PPCBank រំពឹង​ចង់បាន​នោះ​គឺ ការទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ចក្ខុរោគ ជាពិសេស​គឺ​ជំងឺ​ភ្នែកឡើងបាយ និង​ជំងឺ​ផ្នែក​ស្រលៀង ដែល​អាច​ជួយ​ឲ្យ​ប្រជាជន​កម្ពុជា ដែល​បាន​កើត​ជំងឺ​នេះ ហើយ​ពុំ​មាន​លទ្ធភាព ទទួល​បាន​ការ​ព្យាបាល​ត្រឹមត្រូវ ឲ្យ​មានជីវិត​ល្អ​ប្រសើរ​ឡើងវិញ បន្ទាប់ពី​បានជា​សះស្បើយ។

ឆ្នាំនេះ គឺជា​លើក​ទី​២ ហើយ​ដែល​ធនាគារ PPCBank បាន​អនុវត្ត​គម្រោង​មួយ​នេះ ដើម្បី​ជួយ​កែលំអ​ជីវិត របស់​ប្រជាជន​កម្ពុជា ដែលមាន​ជំងឺ​ភ្នែក។ កាលពី​ឆ្នាំទៅ​មិញ ធនាគារ PPCBank បាន​សហការ​ជាមួយ​អង្គការ Khmer Sight Foundation (KSF) ដើម្បី​ផ្ដល់​ការ​ត្រួតពិនិត្យ​ និង​ព្យាបាល​ភ្នែក ជូន​ដល់​អ្នកជំងឺ​ប្រមាណ​ជា ៨០០​នាក់ ដែល​ក្នុងនោះ​មាន​ប្រមាណ​ជា​២០០​នាក់ បានទទួល​ការវះកាត់ និង​ព្យាបាល​បាន​ដោយ​ជោគជ័យ។

នៅក្នុង​ឱកាស​ដ៏​ពិសេស​នេះ លោក Shin Chang Moo ប្រធាន​ធនាគារ PPCBank បាន​លើកឡើងថា​៖ “​ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង គឺជា​ជំងឺ​ភ្នែក​ធម្មតា ដែល​កើតមានឡើង​ចំពោះ​ប្រជាជន​កម្ពុជា ជាពិសេស​កើតមានឡើង​ចំពោះ ប្រជាជន​ដែលមាន​ជីវភាព​ខ្សត់ខ្សោយ បើទោះបីជា​ការព្យាបាល​ជំងឺ​នេះ មាន​ភាព​ឆាប់រហ័ស និង​មាន​សុវត្ថិភាព​ក៏ដោយ​។ ទោះជា​យ៉ាងណា អ្នកជំងឺ​ទាំងនោះ ភាគច្រើន​ត្រូវបាន​រារាំង ក្នុង​ការទទួល​បានកា​រ​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ និង​ការថែទាំ​សុខភាព ដោយសារតែ​ស្ថានភាព​ជីវភាព មានការ​ខ្វះខាត ដែលជា​ហេតុ​នាំ​ឲ្យ​ធ្លាក់​ទៅក្នុង​ស្ថានភាព កាន់តែ​អាក្រក់ រហូតដល់​បាត់បង់​សមត្ថភាព ក្នុងការ​បំពេញការងា​រ​ប្រចាំថ្ងៃ ឬ​ពិការភ្នែក​តែម្ដង​។​”
“​ដោយ​មើលឃើញ​ពី​ផលវិបាក​នេះ ហេតុ​ដូច្នោះ​ហើយ​បានជា នៅក្នុង​គម្រោង​នេះ ធនាគារ PPCBank សហការ​ជាមួយ​ក្រុមគ្រូពេទ្យ​ជំនាញ មកពី​ប្រទេស​កូរ៉េខាងត្បូង មក​ធ្វើការ​ព្យាបាល ជំងឺភ្នែកឡើងបាយ និង​ភ្នែក​ស្រលៀង ដោយ​មិន​គិតថ្លៃ ជូន​ដល់​ប្រជាជន​កម្ពុជា​ក្រីក្រ ដែល​ជួយ​ឲ្យ​ការមើលឃើញ​របស់គាត់ បានល្អ​ប្រសើរ​ឡើងវិញ និង​ជួយ​កែលម្អ​គុណភាព​ជីវិត របស់​ពួកគាត់​ផងដែរ​” លោក Shin Chang Moo បាន​បន្ថែម ជាមួយ​ទឹកមុខ​សប្បាយរីករាយ ចំពោះ​គម្រោង​នេះ​។​

យោងតាម​របាយការណ៍ របស់​កម្មវិធី​ជាតិ​ថែរក្សា​ភ្នែក និង ការមើលឃើញ ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា ក្នុង​មួយឆ្នាំៗ មាន​ប្រជាជន​កម្ពុជា​ប្រមាណ ២៨.៨០០ នាក់ បាន​ក្លាយ​ទៅជា​មនុស្ស​ពិការ​ភ្នែក ក្នុង​នោះ​មាន ៩០% នៃ​ករណី​ទាំងនេះ គឺ​បណ្ដាលមកពី ការ​មិន​បាន​ទទួល​ការពិនិត្យ​ព្យាបាល និង​ថែទាំ​ឲ្យ​បាន​ត្រឹមត្រូវ​។ ជំងឺ​ភ្នែកឡើងបាយ គឺជា​ជំងឺ​នាំមុខគេ ដែលមាន​ចំនួន ៦៥ ភាគរយ នៃ​ការធ្វើ​ឲ្យ​ពិការភ្នែក ដែល​ស្មើនឹង ១៩.០០០ ករណី​នៅក្នុង​មួយឆ្នាំ​។​

ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន​ជាង ១២ លាន​នាក់ ប្រទេស​កម្ពុជា ប្រឈមមុខ​នឹង​បញ្ហា ដែល​កំពុង​កើតមានឡើង​ជាច្រើន ក្នុងនោះ នៅក្នុង​វិស័យ​សុខាភិបាល បញ្ហា​ចក្ខុរោគ ជា​ផ្នែក​មួយ​ផងដែរ។ ការមិន​បានទទួល​ការថែទាំ សុខភាព​ឲ្យ​បាន​ត្រឹមត្រូវ គឺជា​មូលហេតុ​ចម្បង នៃ​បញ្ហា​សុខភាព​ទូទៅ នៅក្នុង​ប្រទេស​កម្ពុជា ជាពិសេស ប្រជាជន​ដែល​ស្ថិតនៅក្នុង​ស្ថានភាព​ក្រីក្រ និង​ខ្វះខាត​ផ្នែក​ហិរញ្ញវត្ថុ​។​

យើង​សង្ឃឹមថា តាមរយៈ​គំនិត​ផ្ដួចផ្ដើម​របស់​ធនាគារ PPCBank ចក្ខុរោគ នឹងមិន​សូវ​រីក​រាលដាល​នៅក្នុង​ប្រទេស​កម្ពុជា និង​ជួយ​បន្ធូរបន្ថយ​សម្ពោធ​ខាង​ផ្នែក​សេដ្ឋកិច្ច​ជាច្រើន ដល់​អ្នកជំងឺ និង​គ្រួសារ ដែល​ត្រូវ​ប្រឈម​ដោះស្រាយ​នោះ​៕
​  



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114