ព័ត៍មានទាន់​ហេតុការណ៏
Search

សូម​សរសើរ ! ខេមរៈ សិរីមន្ត នាំ​ក្រុមការងារ​ដើរ​រើស​សំរាម ​នា​ថ្ងៃ​ខួបកំណើត

ភ្នំពេញ ​៖​ តារា​ចម្រៀង​ប្រុស​លំដាប់​ជួរមុខ​ប្រចាំ​ប្រទេស ​លោក ខេមរៈ សិរីមន្ត នាឱកាស​ថ្ងៃ​ខួប​កំណើត ​បាន​បង្វែរ​ពី​ការ​ជប់លៀង​សប្បាយ​មក​ធ្វើ​សកម្មភាព​ការងារ​សង្គម​តាមរយៈ​ការ​ដើរ​រើស​សំរាម ខណៈដែល​សកម្មភាព​នេះ ​បាន​ធ្វើ​ឲ្យ​មហាជន​ជាច្រើន​បង្ហាញ​ការ​គាំទ្រ ​និង​លើក​សរសើរ​គ្រប់គ្នា។

ជាការ​កត់សម្គាល់​កន្លង​មក​មាន​តារា​ប្រុស​-​ស្រី​របស់​ខ្មែរ​ជាច្រើន​ឲ្យ​តែ​ដល់​ឱកាស​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​ ពួកគេ​តែង​ជ្រើស​យក​កម្មវិធី​ជប់លៀង​អបអរ​បង្ក​ការ​សប្បាយរីករាយ​ទៅតាម​អ្វី​ដែល​ជា​គោលបំណង​របស់ខ្លួន​ដើម្បី​ជាការ​លើករាសី។ ដោយឡែក ​សម្រាប់​តារាចម្រៀង​ហង្ស​មាស​ លោក ខេមរៈ សិរីមន្ត ឯណេះ​វិញ​ បាន​បង្វែរ​ពី​ការ​ជប់លៀង​សប្បាយ ​មកជាការ​ដឹកនាំ​ក្រុមការងារ​ដើរ​រើស​សំរាម​ទៅវិញ​។​



បង្ហោះ​ភ្ជាប់​ជាមួយ​សកម្មភាព​ នៃ​ការ​រើស​សំរាម ​លោក ខេមរៈ សិរីមន្ត បាន​រៀបរាប់ថា រាល់​ការធ្វើ​ទង្វើ​ល្អ​ដល់​សង្គម ចូរ​កុំ​មានការ​ខ្មាសអៀន​ឡើយ​។ ថ្ងៃនេះ​ជា​ថ្ងៃកំណើត​របស់ខ្ញុំ ខ្ញុំ​នឹង​ធ្វើ​ការងារ​បរិស្ថាន​ នឹង​ជួយ​ចែករំលែក​ការងារ​បងៗ​ផ្នែក​អនាម័យ និង​ចង់​ស្វែងយល់​អំពី​ការងារ​របស់​ពួកគាត់​ផង​ដែរ។​

ជាមួយគ្នានេះដែរ​ លោក ខេមរៈ សិរីមន្ត ក៏បាន​បំផុស​មហាជន​ដែរ​ថា​ ចូរ​ទុកដាក់​សំរាម​ឲ្យ​បាន​ត្រឹមត្រូវ ធ្វើឲ្យ​បរិស្ថាន​ស្អាត​ សុខភាព​ល្អ សម្រាប់​សង្គមជាតិ​ទាំងអស់គ្នា។

តាមរយៈ​សកម្មភាព​នេះដែរ ​ភ្លាមៗ​នោះ ​មាន​អ្នកគាំទ្រ​ជាច្រើន​បានលើកឡើង​ស្រដៀង​គ្នា​ថា​ អត់​ដឹង​ថា​ត្រូវ​និយាយថា​ម៉េច​ទេ ព្រោះ​ខ្ញុំ​ពិតជា​រំភើប​ណាស់​ពេល​ឃើញ idol ធ្វើជា​គំរូ​ដ៏​ល្អ​។

​ប្រទេស​យើង​ស្អាត​ក៏ដោយ​សារ​យើង​ម្នាក់ៗ ​អញ្ចឹង​ហើយ​សូម​ជួយ​ថែរក្សា​ និង​សំអាត​បរិស្ថាន​ទាំង​អស់គ្នា​។​

សូមបញ្ជាក់ថា ​លោក ខេមរៈ សិរីមន្ត បច្ចុប្បន្ន​ គឺជា​តារា​ចម្រៀង​ល្បីឈ្មោះ​លំដាប់​ប្រទេស​ ខណៈ​ដែល​កន្លងមក​លោក​ជា​អតីត​តារា​ចម្រៀង​របស់​ផលិតកម្ម​សាន់​ដេ ​ប៉ុន្តែ​ពេលនេះ​តារា​ប្រុស​រូបនេះ​បាន​ផ្លាស់ប្ដូរ​ទ្រនំ​ទៅ​ជ្រក​ក្រោម​ទ្រនំ​ផលិតកម្ម​ហង្ស​មាស​វិញ​៕