ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្តេច​តេ​ជោ​អញ្ជើញ​បើក​សន្និសីទ​អន្តជាតិ​ថ្នាក់​តំបន់​ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព

ភ្នំពេញ ​៖ ​នៅវេលា​ម៉ោង​៨​និង​៣០​ព្រឹក​ថ្ងៃទី ៥ ខែ តុលា​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​អញ្ជើញ​ជា​អធិបតី​បើក​សន្និសីទ​អន្តរជាតិ ថ្នាក់​តំបន់​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព​» នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​។​

​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ជា​លើកដំបូង​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» ​ត្រូវបាន​បង្កើតឡើង​បន្ទាប់ពី​មានការ​ផ្តួច​ផ្តើមគំនិត រវាង​សម្តេច​តេ​ជោ ហ៊ុន សែន និង លោក ហ្ស​ង់ ឡឺ​វីត ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​ស្រាវជ្រាវ​ប្រឆាំង​ឱសថ​ក្លែងក្លាយ​របស់​ប្រទេស​បារាំង​កាលពី ឆ្នាំ​២០១៦​កន្លងទៅនេះ ។ សន្និសីទ​នេះ នឹង​ធ្វើឡើង​រយៈពេល​ពី​រ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​០៥-០៦ ខែវិច្ឆិកា ។​

​សន្និសីទ​នេះ​ផ្តោតលើ​កិច្ចពិភាក្សា​អំពី​ការទប់ស្កាត់​និង​លុបបំបាត់​នូវ​ឱសថ​ក្លែងក្លាយ និង គុណភាព​ដោយ​បង្កើត​ឲ្យ​មាន​យុទ្ធសាស្ត្រ​យ៉ាង​ត្រឹមត្រូវ​ក្នុងការ បង្កើត​ទំនាក់ទំនង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់ និង ពិភាក្សា​អំពី​ការធ្វើ​វិសោធនកម្ម​ច្បាប់ ដើម្បី​បន្ថែម​ទោស​ឲ្យ​បាន​ធ្ងន់ ចំពោះ​អ្នក​ផលិត អ្នក​នាំចូល និង អ្នក​ចរាចរណ៍​ឱសថ​ក្លែងក្លាយ ដើម្បី​ស្របតាម​សន្ធិសញ្ញា PALEMO ដែល​ព្រះរាជាណាចក្រ​កម្ពុជា និង បណ្តា​ប្រទេសជិតខាង បានធ្វើ​សច្ចាប័ន​រួច ហើយ​និង​បង្កើត​វគ្គ​ហ្វឹកហ្វឺន​រួមគ្នា ដល់​មន្ត្រី​អនុវត្ត​ច្បាប់ ដើម្បី​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក​ឲ្យ​ក្លាយទៅជា​មន្ត្រី​ជំនាញ​អាចបំពេញ​ការងារ​យ៉ាង​មាន​ប្រសិទ្ធភាព​បំផុត ។

​សន្និសីទ​នេះ​ធ្វើឡើង​ដើម្បី​រិះរក​នូវ​យន្តការ​ផ្សេងៗ ដើម្បី​រួមចំណែក​ក្នុងការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​ចំពោះ​ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ​និង អន់​គុណ ភាព ដែលជា​បញ្ហា​ដ៏​បារម្ភ​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​ប្រទេស​ក្នុង​តំបន់​ទន្លេ​មេគង្គ​ដទៃទៀត​។​

​សន្និសីទ​នេះ​មាន​អ្នកចូលរួម​ប្រមាណ ៤៥០ នាក់ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ពាក់ព័ន្ធ​ថ្នាក់ជាតិ និង​មន្ត្រី​បរទេស​រួមមាន​ប្រទេស​បារាំង​ប្រទេស តំបន់​ទន្លេមេគង្គ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម រួម​និង​ចិន​ព្រមទាំង​អង្គការ​អន្តរជាតិ​ចំនួន​២០​ផ្សេងទៀត ៕​
​