ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​អប់រំ​ គ្រោង​នឹងដាក់​បញ្ចូល​មុខវិជ្ជា​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​ជាតិ​នៅ​ឆ្នាំ​២០១៩​ខាងមុខនេះ

ភ្នំពេញ ​៖ ​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​បាន​ឲ្យ​ដឹងថា ​ក្រសួង​គ្រោង​នឹងដាក់​បញ្ចូល​មុខវិជ្ជា​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​ជាតិ​កម្រិត​បឋមសិក្សា​នា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ចេះ​សន្សំសំចៃ​ប្រាក់ ការចាយវាយ​ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​ក្លាយជា​មនុស្ស​ជោគជ័យ​ទៅ​ថ្ងៃ​អនាគត​។​

លោក កាន់ ពុ​ទ្ធី អនុប្រធាននាយកដ្ឋាន​បឋមសិក្សា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​មានប្រសាសន៍ថា ​ការដាក់បញ្ចូល​មុខវិជ្ជា​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​ជាតិ​នេះ​បន្ទាប់ពី​ក្រសួង​អប់រំ​យុវជន​និង​កីឡា​សហការ​ជាមួយ​ធនាគារជាតិ​នៃ​កម្ពុជា​បានធ្វើការ​បណ្តុះបណ្តាល​ដល់​គ្រូ​និង​ចងក្រង​សៀ វ​ភៅ​គោល​សម្រាប់​សិក្សា​រួចមក​។​

ថ្លែង​ក្រោយពី​ចូលរួម​ពិធី​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៃ​កម្មវិធី​កម្មវិធី “Cashville Kidz”​នៅ​ធនាគារ​មេ​យ​ប៊ែ​ង​លោក កាន់ ពុ​ទ្ធី បាន​បន្តថា ​មុខវិជ្ជា​ផ្នែក​ហិរញ្ញវត្ថុ​នេះ​មាន​ដាក់បញ្ចូល​មេរៀន​ជាច្រើន​ដូចជា​ការ​សន្សំ​ប្រាក់ ការគ្រប់គ្រង​ប្រាក់ចំណូល​និង​ចំណាយ ការធ្វើផែនការ​ថវិកា​និង​មុខរបរ​មួយចំនួនទៀត​ដើម្បី​ឲ្យ​សិស្សានុសិស្ស​ក្លាយជា​សហគ្រិនភាព​ឬ​ជា​អ្នកដឹកនាំ​ទៅ​ថ្ងៃ​អនាគត​។​

លោក​បាន​បន្ថែមថា ​មុខវិជ្ជា​ហិរញ្ញវត្ថុ​នេះ​ក៏​នឹង​បណ្តុះ​គំនិត​ដល់​កុមារ​ពី​តូច​ទៅ​ពាក់ព័ន្ធ​នឹង​មូល​ដ្ឋាន​គ្រឹះ​នៃ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ដើម្បី​ងាយស្រួល​ពេល​ធំ​ឡើង​ឲ្យ​ពួកគេ​ចេះ​គ្រប់គ្រង​និង​ធ្វើ​ផែនការ​ថវិកា​សម្រាប់​ខ្លួនឯង​ផង​និង​គ្រួសារ​ផងដែរ​ ខណៈ​បច្ចុប្បន្ន​មាន​ប្រជាជន​មួយចំនួន​នៅ​មិនទាន់មាន​ការយល់ដឹង​ពី​ផ្នែក​ហិរញ្ញវត្ថុ​នេះ​នៅឡើយ​ទេ​ដោយមាន​អ្នកខ្លះ​បាន​ជំពាក់​បំណុល​ធនាគារ​វ័​កក​។​

ជាមួយគ្នានេះដែរ​លោក​បាន​ជំរុញ​ឲ្យ​ធនាគារ​ឯកជន​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ស្តីពី​ហិរញ្ញវត្ថុ​នេះ​ដល់​សិស្សានុសិស្ស​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​ដើម្បី​ឲ្យ​កម្មវិធីសិក្សា​ផ្នែក​ហិរញ្ញវត្ថុ​នេះ​ទទួលបាន​ជោគ​ជ័យ​។​

លោក SHAHRIL AZUAR JIMIN នាយក​ប្រតិបត្តិ​នៃ​មូលនិធិ ធនាគារ មេ​យ​ប៊ែ​ង បាន​គាំទ្រ​ចំពោះ ការដាក់បញ្ចូល​មុខវិជ្ជា​ផ្នែក​ហិរញ្ញវត្ថុ​ទៅក្នុង​កម្មវិធីសិក្សា​។​

លោក​បាន​សន្យាថា​នៅ​ឆ្នាំ ២០១៩​ខាងមុខ​ធនាគារ​មាន​គម្រោង​ពង្រីក​កម្មវិធី​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​តាមរយៈ​គំនូរជីវចល​ដល់​សិស្ស​តាម​សាលា​បន្ថែមទៀត​ដើម្បី​ឲ្យ​ពួកគេ​មាន​ទម្លាប់​ក្នុង​ការចេះ​ចាយវាយ​ថវិកា​ដោយ​ភាព​វ័យឆ្លាត​។​

លោកស្រី ជា សិរី អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិ​នៃ​កម្ពុជា​បាន​មានប្រសាសន៍ថា​នៅពេល​ទទួល​ដែល​កុមារ​ទទួលបាន​ចំណេះដឹង​គ្រប់គ្រាន់​ផ្នែក​ហិរញ្ញវត្ថុ​នេះ​នឹង​អាចជួយ​ឲ្យ​ពួកគេ​អាច​ចេះ​ការពារ​ខ្លួន​ពី​ការកេងប្រវ័ញ្ច​ឬ​ការបោកប្រាស់​ផ្សេងៗ​ទាក់ទិន​នឹង​ផ្នែក​ហិរញ្ញវត្ថុ​ព្រោះថា​កុមារ​ក៏​ជា​អតិថិជន​សក្តានុពល​ដែរ​ដោយសារតែ​ការ​រីកចម្រើន​នៃ​បច្ចេកវិទ្យា​និង​ការវិវត្ត​ទីផ្សារ​៕



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114