ព័ត៍មានទាន់​ហេតុការណ៏
Search

ខ្ចី​ប្លង់ដី​បង​បង្កើត​ទៅ​ដាក់​បញ្ចាំ​ធនាគារ​ជាតិ​មិនបាន សម្រេច​តាម​ប្ដឹង​បងស្រី​ រហូត​ដល់​តុលាការ​កំពូល

រតនគិរី​ ៖​ បែក​ធ្លាយ​រឿង​ទំនាស់​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​រវាង​ប្អូន​រួម​ផ្ទៃ​តែមួយ ដែល​មាន​ចេតនា​ រក​ល្បិចកល បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​បងស្រី​ខ្លួនឯង ដែល​ជា​រឿង​ដ៏​កម្រ​កើតមាន។ នេះ​បើ​តាម​ការ​អះអាង​របស់​ស្ត្រី​ជា បងស្រី​បង្កើត​ម្នាក់។

​លោកស្រី សន សុ​វ៉ៃ អាយុ​៦៣​ឆ្នាំ ជនជាតិ​ឡាវ សញ្ជាតិ​ខ្មែរ មាន​ប្តី​ឈ្មោះ ឌី បូរ៉ា អាយុ​៦៥​ឆ្នាំ និង​មានកូន​ប្រុស ស្រី ក្នុងបន្ទុក​ចំនួន​៧​នាក់ ប្រកបមុខរបរ​កសិករ បច្ចុប្បន្ន ជា​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ជ័យជំនះ សង្កាត់ ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្តរតនគិរី លោកស្រី​មាន​ប្អូនស្រី​អកតញ្ញូ​ម្នាក់ ដែលមាន​ឈ្មោះ សន សុ​ឃីម អាយុ​៥៣​ឆ្នាំ ជនជាតិ ឡាវ សញ្ជាតិ​ខ្មែរ និង​មាន​ប្តី​ឈ្មោះ ឌិ​ញ ឌី អាយុ​៥៣​ឆ្នាំ ជនជាតិ​វៀតណាម សញ្ជាតិ​ខ្មែរ មានមុខ​របរ​ទិញ​ឈើ លក់​ឈើ ទៅ​ប្រទេស​វៀតណាម និង​មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ប៉ក់​ធំ ឃុំ​ប៉ក់​ញ៉ៃ ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ។​

​លោក ស្រី​សន សុ​វ៉ៃ និង​ក្រុមគ្រួសារ កើតទុក្ខ​ពុំ​សុខចិត្ត​របស់​តុលាការ​កំពូល​សំណុំរឿង​សភា​រដ្ឋប្បវេណី​លេខ​៣៤ ចុះ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០១៧ សម្រេច​សាលដីកា​លេខ​២៧២(​ឈ​) ចុះ​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០១៨ ដោយ​សម្រេច​

១. ច្រានចោល​បណ្តឹង​សាទុក្ខ​លេខ​១៥៩ ចុះ​ថ្ងៃទី​២០ ខែមិថុនា ឆ្នាំ​២០១៧ របស់​ចុង​ចម្លើយ សន សុ​វ៉ៃ និង ឌី បូរ៉ា​..​។​

២. តម្កល់​សាលដីកា​រដ្ឋប្បវេណី​លេខ​១៤ (​ក្រ VII​ធ​) ចុះ​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០១៧ របស់​សាលាឧទ្ធរណ៍ ។​

៣. ប្រាក់​ប្រដាប់​ក្តី​ជា​បន្ទុក​របស់​ចុង​ចម្លើយ ។​

​សាលដីកា​នេះ​ធ្វើឡើង និង​បានបញ្ចប់​ការ​ទាញហេតុផល​ដោយផ្ទាល់​មាត់​ជា​សាធារណៈ នៅ​ថ្ងៃទី​០១​ខែតុលា​ឆ្នាំ​២០១៨​និង​ប្រកាស​ជា​សា​ធារ​ណៈ​នៅ​ថ្ងៃទី​២២ ​ខែឧសភា ​ឆ្នាំ​២០១៨ ហើយ​ចុះហត្ថលេខា​ប្រថាប់ត្រា​ដោយ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​( លោក គង់ ស្រ៊ី​ម ) និង (​លោក សុង ម៉ៅ​) ក្រឡាបញ្ជី នៅ​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៨ កន្លងទៅនេះ​។​

​ក្រុមគ្រួសារ លោក ស្រី សន សុ​វ៉ៃ កំពុង​រង​នូវ​ការបាត់បង់​ទាំងស្រុង​ដី​លំនៅឋាន ដ៏​មានតម្លៃ​ស្មើនឹង​អាយុជីវិត ដោយសារ​ស្នាដៃ​ដ៏​កាច​សាហាវព្រៃផ្សៃ​របស់​ប្អូនស្រី​បង្កើត ឈ្មោះ សន សុ​ឃីម តាម​ប្លន់​កម្ចាត់ និង ប្តឹង​ទាមទារ​យក​ដី​ផ្ទះ​(​ពីរ​ទៅ​បី​ដង ប្តឹង​ផ្ទាល់មាត់​) ទាំង​ខ្លួន (​សន សុ​ឃីម​) គ្មាន​ឯកសារ​គ្រប់គ្រាន់ (​ប័ណ្ណ​សម្គាល់​សិទ្ធិ​) អ្វី​ផង​នោះ ដល់​តុលា​កំពូល។​

​លោកស្រី សន សុ​វ៉ៃ ព្រមទាំង​ក្រុមគ្រួសារ​បាន​រៀបរាប់​ទាំង​អួលដើមក និង​ហូរ​ទឹកភ្នែក​កាលពី​ព្រឹក​ថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ ឲ្យ​ដឹងថា ដីឡូត៍​មួយកន្លែង​ទំហំ​រួម ទទឹង​ប្រវែង ២៥,៨​ម៉ែត្រ បណ្តោយ ប្រវែង ៣៧​ម៉ែត្រ នៅត្រង់ចំណុច​ខាងលិច​ផ្សារ​បាន​លុង ស្ថិត​ក្នុងភូមិ ជ័យជំនះ សង្កាត់ ឡា​បាន​សៀក​ក្រុង​បាន​លុង ខេត្តរតនគិរី ។​

​សូមបញ្ជាក់ថា ដីឡូត៍ លោកស្រី មាន​ប័ណ្ណ​សម្គាល់​សិទ្ធិ​(​ស្លាបមាន់​) គ្រប់គ្រង​អចលនវត្ថុ AA1471 កាន់កាប់​ប្រើប្រាស់​ដីធ្លី ដែល​ចេញ​ដោយ​ការិយាល័យ​សុរិយោដី​ខេត្ត ចុះហត្ថលេខា ដោយ​លោក​ប្រធាន មាស សម័យ កាលពី​ថ្ងៃទី ០៤ ខែមករា ឆ្នាំ​១៩៩៤ តាំងពី​ជំនាន់រដ្ឋ​កម្ពុជា​មកម្ល៉េះ បើ​គិត​មកទល់​ពេល​បច្ចុប្បន្ន​នេះ ការ​អាស្រ័យ​ផល​នៅលើ​ដី​នេះ គឺមាន​រយៈកាល ២៤​ឆ្នាំ​កន្លងមកហើយ ។ មានន័យថា លោកស្រី និង​ក្រុមគ្រួសារ​មាន​សិទ្ធិ​គ្រប់គ្រាន់ លើសពី​ដែន​កំណត់​នៃ​ច្បាប់​ភូមិបាល​ពី​ពីរ​ទៅ​បី​ដង​ឯណោះ ។​

​តាម​ប្រវត្តិ​ដើម​ទំហំ​ដី​នេះ គឺមាន​ទាំង​របាយការណ៍​របស់​អនុគណៈកម្មការ​អង្កេត​សិក្សា​វាស់វែង​ដី​ត្រឹមត្រូវ​ច្បាស់លាស់ ពី​អាជ្ញាធរ​ក្រុង ខេត្ត​ថែម​ទៀតផង ហើយ​គណៈកម្មការ ដែល​ចុះ​វាស់វែង​នាពេលនោះ រួមមាន​:

​ទី​១. យោបល់​របស់​គណៈកម្មកា​រ​ប្រ​/​ជ ស្រុក​.​ខ័​ណ្ឌ ប្រថាប់ត្រា​ដោយ​លោក ឡត វណ្ណ សៅ នៅ​ថ្ងៃទី (០៤ ខែមករា​ឆ្នាំ​១៩៩៤)

​ទី​២.​យោបល់​ឯកភាព របស់​ការិយាល័យ​ភូមិបាល​ស្រុក​.​ខណ្ឌ ចុះហត្ថលេខា​ដោយ​លោក កែវ មួង​នៅ​ថ្ងៃទី (០៤ ខែមករា ឆ្នាំ​១៩៩៤) ។​

​ទី​៣.​យោបល់​របស់​ការិយាល័យ​សុរិយោដី​ខេត្ត​.​ក្រុង និង​ចុះហត្ថលេខា​ដោយ​លោក មាស សម័យ នៅ​ថ្ងៃទី​០៤​ខែមករា​ឆ្នាំ​១៩៩៤ និង ទី​៤. សេចក្តីសម្រេច​របស់​គណៈកម្មាធិការ​ប្រជាជន​ខេត្ត​.​ក្រុង ប្រថាប់ត្រា​ដោយ លោក ណាប់ ប៊ុនហេង នៅ​ថ្ងៃទី​០២ ខែមីនា (៣) ឆ្នាំ​១៩៩៤ ។​

​តែ​ផ្ទុយទៅវិញ ប័ណ្ណ​សម្គាល់​សិទ្ធិ​ស្លាបមាន់​របស់ លោកស្រី សន សុ​វ៉ៃ គ្រប់លក្ខណៈ​ខំ​ថែរក្សា​ទុក​រហូតមក​ជិត​សាមសិប​ឆ្នាំ បែរជា​តុលាការ​កំពូល បដិសេធ ច្រានចោល​មិន​ទទួលស្គាល់ ហើយ​ថែមទាំង​ចោទប្រកាន់​ទាំងស្រុង​ថា (​ប្លង់​ក្លែងក្លាយ​) ទៅវិញ​?

ចុងក្រោយ លោក ស្រី ព្រមទាំង​ក្រុមគ្រួសារ បាន​លើក​ម្រាមដៃ​ដប់​ក្រាប​សំពះ​ដល់​ថ្នាក់​ដឹកនាំ​មេត្តាជួយ​វិនិច្ឆ័យ និង​រក​ដំណោះស្រាយ វែកញែក​ឲ្យ​ដឹង​ខុសត្រូវ​ប្រកបដោយ​គតិយុត្តិ​ធម៌​ក្នុង​រឿងនេះ​ផង​។ ជាពិសេស​លោក ប្រធាន​តុលាការ​កំពូល តែម្តង​មេត្តា​បើក​ការស៊ើបអង្កេត​ជាថ្មី​ឡើងវិញ​ដោយ​ភាពយុត្តិធម៌​ផង​។​

​ទាក់ទិន​នឹង​បញ្ហា​ខាងលើនេះ លោកស្រី សន សុ​ឃីម កម្ពុ​ជាថ្មី មិនអាច​ស្វែងរក​ការបំភ្លឺ បានឡើយ នៅ​ល្ងាច​ថ្ងៃទី​០៥ ខែវិច្ឆិកា ឆ្នាំ​២០១៨ ហាក់ដូចជា​ដឹង​តម្រុយ​មុន ដោយ​ទូរស័ព្ទ​ចុច​ពុំ​ចូល លេខ​ទូរស័ព្ទ សន សុ​ឃីម tell : (097 39 39 685)​។ បើតាម​សាក្សី​ជាច្រើន ដែល​រស់នៅ​ក្បែរ​ដី​កំពុងមាន​បញ្ហា​ខាងលើនេះ បាន​ឲ្យ​ដឹង​ស្រដៀងៗ​គ្នា​ថា ឈ្មោះ សន សុ​ឃីម នេះ​មាន​ដី​មួយ​ឡូត៍ នឹង​គេ​ដែរ​នៅ​ចំណុច​នោះ ដោយមាន​ទំហំ ទទឹង ៨.៨​ម៉ែត្រ បណ្តោយ ៣៧​ម៉ែត្រ ក្នុង​ឆ្នាំ​១៩៩៥ ដែល​គេ​បាន​ទិញ​ពី​ម្ចាស់​ដើម​ឈ្មោះ ជៀម សាក់ តម្លៃ ស្មើ ២​តម្លឹង​ប្រាំ​ជី ហើយ​ឈ្មោះ សន សុ​ឃីម​នេះ មាន​មាស​តែ​៥​ជី បាន​បងស្រី​ឈ្មោះ សន សុ​វ៉ៃ ឲ្យ​ខ្ចី​បង្គ្រប់ ២​តម្លឹង​មាស។​

​ប្រភព​ដដែល​បន្តថា ចំណែក​ដី​មួយ​ឡូត៍​នោះ សន សុ​ឃីម ក៏បាន​ដូរ​ជាមួយ​ដី បងស្រី សន សុ​វ៉ៃ ដែលមាន​ទីតាំងនៅ​ខាងកើត​ផ្សារ​បាន​លុង ដែលមាន​ក្បាលដី​ទទឹង ២៤​ម៉ែត្រ ជម្រៅ ៩៥​ម៉ែត្រ ហើយ​ការដោះដូរ​នេះ​ធ្វើឡើង​ក្នុងអំឡុង​ឆ្នាំ​១៩៩៨ រួចហើយ​គេ (​សន សុ​ឃីម​) ក៏បាន​លក់​ដី​ទាំងអស់នោះ ហើយ​យកលុយ​ផ្លាស់​ទីលំនៅ​ទៅ​រស់នៅ ស្រុក​អូរ​យ៉ា​ដាវ រហូតមកទល់​ពេលបច្ចុប្បន្ន​នេះ​៕

 



ប្រសិនបើ លោក លោកស្រីចង់ចែករំលែកនូវព័ត៌មានទាន់ហេតុការណ៍ផ្សេងៗ សូមផ្ញើ អ៊ីម៉ែលមកកាន់អាសយដ្ឋានដូចដែលបានបង្ហាញខាងក្រោម។ សម្រាប់ការផ្សាយពាណិជ្ជកម្មលើគេហទំព័រនេះ សូមទំនាក់ទំនងតាមលេខទូរស័ព្ទៈ 012 454 575 និង 012 499 114