ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រសួង​ធនធាន​ទឹក ​៖ ភ្លៀង​នឹង​ចាប់​ធ្លាក់​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ក្របខណ្ឌ​ទូទាំង​ប្រទេស​

ភ្នំពេញ​ ៖ ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម បាន​ចេញ​សេចក្ដីប្រកាស​ព័ត៌មាន​ចាប់ពី​ថ្ងៃ​ទី​០៧ ដល់ ១០ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​នៅ​តាម​រាជធានី​-​ខេត្ត​ចំនួន​១២​ ចំណែក​សីតុណ្ហ​ភាព​អប្បបរមា​ក្នុង​រង្វង់​២៣-២៥​អង្សា​សេ ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស។​

​ក្រសួង​បញ្ជាក់​ថា បន្ទាប់ពី​បាន​តាមដាន​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា កម្ពុជា​កំពុង​រង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប​គ្របដណ្ដប់ លើ​តំបន់​ភាគខាងត្បូង និង​តំបន់​មាត់សមុទ្រ ខណៈ​តំបន់​ភាគ​ឦសាន និង​តំបន់​ភាគ​កណ្ដាល​គ្របដណ្ដប់​ដោយ​ជ្រលង​សម្ពាធ​ខ្ពស់​។​

​យោងតាម​ការ​ព្យាករណ៍​លក្ខណៈ​បែបនេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ​នៅ​កម្ពុជា មាន​ស្ថានភាព​ដូចខាង​ក្រោម​ ១.ស្ថានភាព​ភ្លៀង ចាប់ពី​ថ្ងៃទី​០៧-០៨ ខែ​វិច្ឆិកា​ បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ​៖ ខេត្ត​កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និង​ខេត្ត​បន្ទាយមានជ័យ អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។​

ចាប់ពី​ថ្ងៃទី​០៧-១០ ខែ​វិច្ឆិកា បណ្ដា​រាជធានី​-​ខេត្ត​មួយ​ចំនួន​ដូចជា ​៖ រាជធានី​ភ្នំពេញ ខេត្ត​ព្រៃវែង ស្វាយរៀង កំពង់ស្ពឺ កណ្ដាល តាកែវ និង​ខេត្ត​កំពត អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​បង្គួរ​។

​២.ស្ថានភាព​សីតុណ្ហភាព ​៖ ចាប់ពី​ថ្ងៃ​ទី​០៦-១០ ខែ​វិច្ឆិកា ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​ សីតុណ្ហភាព​អប្បបរមា ស្ថិត​ក្នុង​រង្វង់ ២៣-២៥​អង្សាសេ​- សីតុណ្ហភាព​អតិបរមា ស្ថិតក្នុង​រង្វង់ ២៩-៣១​អង្សា​សេ​៕​