ព័ត៍មានទាន់​ហេតុការណ៏
Search

សហរដ្ឋអាមេរិក​ប្តេជ្ញា​ដាក់ទណ្ឌកម្ម “​មិន​បង្អង់​ដៃ​” ខណៈ​អ៊ីរ៉ង់​នៅតែ​ផ្គើន​

សហរដ្ឋអាមេរិក​បាន​ប្តេជ្ញា​កាលពី​ថ្ងៃ​ចន្ទ​ថា នឹងមិន​បង្អង់​ដៃ​ទេ​ក្នុងការ​ប្រឆាំងនឹង​ប្រទេស​អ៊ីរ៉ង់​នៅពេលដែល​ការដាក់ទណ្ឌកម្ម​បាន​ចូល​ជា​ធរមាន​ ប៉ុន្តែ​សាធារណរដ្ឋ​ឥស្លាម​មួយ​នេះ​បាន​សន្យា​យ៉ាង​មុតមាំ​ថា​ នឹង​ក្រោកឈរ​ឡើង​ប្រឆាំងនឹង​ការ​គំរាមកំហែង​របស់​ទីក្រុង​វ៉ាស៊ីនតោន​។​

ទោះបីជា​យ៉ាងណាក៏ដោយ រដ្ឋបាល​របស់លោក​ប្រធានាធិបតី Donald Trump បានចេញ​ការលើកលែង​ចំនួន​ប្រាំបី​ពី​តម្រូវការ​របស់ខ្លួន​លើ​ប្រទេស​ទាំងអស់​ឲ្យ​បញ្ឈប់​ការទិញ​ប្រេង​របស់​អ៊ីរ៉ង់​ចំពេល​មានការ​ប្រឆាំង​ជំទាស់​ជា​សកល​ចំពោះ​ទណ្ឌកម្ម​ឯកតោភាគី​របស់​អាមេរិក​។​

រយៈពេល​ប្រាំ​មួយខែ​ក្រោយពី​លោក Trump បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្ដរជាតិ​ស្ដីពី​ការបញ្ចប់​កម្មវិធី​នុយក្លេអ៊ែរ​របស់​ទីក្រុង​តេ​រ៉ង់​, រដ្ឋមន្ត្រី​ក្រសួងការបរទេស​លោក Mike Pompeo បាន​និយាយថា គោលដៅ​របស់​អាមេរិក​ចុងក្រោយ​គឺ​ឲ្យ​អ៊ីរ៉ង់ “​ផ្លាស់ប្តូរ​១៨០​ដឺ​ក្រេ​” ហើយ​បោះបង់ “​កម្មវិធី​បដិវត្តន៍​ប​ច្ចុ​ប្បន្ន​” របស់ខ្លួន​។​

លោក​បាន​អះអាង​ជាថ្មី​ម្តងទៀត​នូវ​ការទាមទារ​របស់លោក​ឲ្យ​ប្រទេស​អ៊ីរ៉ង់​បញ្ចប់​គោលនយោបាយ​ដែល​បាន​ចាក់ឫស​ក្នុង​បដិវត្តន៍​ឥស្លាម​ឆ្នាំ​១៩៧៩​រួមទាំង​ការគាំទ្រ​ក្នុង​តំបន់​ដូចជា​ដល់​ក្រុម​សកម្មប្រយុទ្ធ Hezbollah របស់​ប្រទេស​លី​បង់​និង​ការអភិវឌ្ឍន៍​មី​ស៊ី​ល​របស់ខ្លួន​ផងដែរ​។​

លោក Pompeo បាន​ថ្លែងថា “​យើង​សង្ឃឹមថា កិច្ចព្រមព្រៀង​ថ្មី​ជាមួយ​អ៊ីរ៉ង់​គឺអាច​ធ្វើទៅបាន​ប៉ុន្តែ​រហូតដល់​អ៊ីរ៉ង់​ធ្វើការ​ផ្លាស់ប្តូរ​តាម​វិធី​ចំនួន​១២​ដែល​ខ្ញុំ​បាន​ចុះបញ្ជី​កាលពី​ខែឧសភា យើង​នឹងមិន​បង្អង់​ដៃ​ក្នុង​ការដាក់​សម្ពាធ​លើ​របប​នេះ​ទេ​”​។​

លោក​បាន​បន្តទៀតថា ការដាក់ទណ្ឌកម្ម​នេះ​គឺ​ដើម្បី​បំបាត់​មូលនិធិ​របស់​របប​អ៊ីរ៉ង់​ដែល​ខ្លួន​ប្រើប្រាស់​ដើម្បី​ផ្តល់​ដល់​សកម្មភាព​អំពើហិង្សា​នៅ​ទូទាំង​ម​ជ្ឈឹ​ម​បូព៌ា​និង​នៅ​ជុំវិញ​ពិភពលោក​។​

យ៉ាងណាក្តី ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​និយាយ​ក្នុង​សុន្ទរកថា​តាម​ទូរទស្សន៍​នៅពេល​ការដាក់ទណ្ឌកម្ម​បាន​ចូល​ជា​ធរមាន​ថា “​ខ្ញុំ​សូម​ប្រកាសថា យើង​នឹង​ចៀសវាង​ដោយ​មោទនភាព​ចំពោះ​ទណ្ឌកម្ម​អយុត្តិធម៌​និង​ខុសច្បាប់​របស់​អ្នក​ពីព្រោះ​វា​ប្រឆាំងនឹង​បទបញ្ជា​អន្តរជាតិ​”៕ AFP