ព័ត៍មានទាន់​ហេតុការណ៏
Search

សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់ ចេញ​សេចក្តីប្រកាស​រួម​ក្រុងភ្នំពេញ ស្តីពី​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ

​ភ្នំពេញ ​៖ ​ប្រទេស​តំបន់​ទន្លេមេគង្គ​ទាំង ៦ បាន​ទទួល​ស្គាល់​ថា ការ​ចរាចរណ៍​ឱសថ​ក្លែងក្លាយ និង អន់​គុណភាព​និង​គ្មាន​ច្បាប់​អនុញ្ញាត​បាន​រីករាលដាល​ពេញ​ពិភពលោក ហើយ​បានប្រកាស​ថា នឹង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ឱសថ​ខុសច្បាប់​ទាំងនេះ​។ នេះ​បើ​តាម​សេចក្ដីប្រកាស​រួម​ក្រុងភ្នំពេញ ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​៥ ៦ ខែវិច្ឆិកា នេះ​។

សេចក្ដីប្រកាស​រួម​ក្រុងភ្នំពេញ​នេះ ប្រទេស​ទាំង​៦ បានចាត់ទុក​ការរីក​រាលដាល​នៃ​ឱសថ​ក្លែងក្លាយ​គុណភាព​អន់​និង​គ្មាន​ច្បាប់​អនុញ្ញាត​គឺជា​ហានិភ័យ​ដល់​សុខភាព​ដែល​មិនអាច​មើលរំលង​បានឡើយ។ ប្រទេស​ទាំង​៦ រួមមាន កម្ពុជា ថៃ ឡាវ វៀតណាម មី​យ៉ាន​ម៉ា និង​ចិន និង​រួមគ្នា​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ​និង អន់​គុណភាព​ទាំងនេះ​។

​សេចក្ដីប្រកាស​រួម​ក្រុងភ្នំពេញ​បាន​បញ្ជាក់​ថា​ « យើង​បាន​សង្កត់ធ្ងន់​អំពី​តថភាព​មួយ​ដែល​មិនអាច​ប្រ​កែ​ត​បាន​គឺ​ការផលិត​និង​លក់ដូរ​ផលិតផល​សុខាភិបាល​ក្លែងក្លាយ អន់​គុណភាព និង​គ្មាន​ច្បាប់​អនុញ្ញាត​ពិតជា​បាន​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ​ប៉ះពាល់​សេដ្ឋកិច្ច​និង​ការកសាង​នីតិរដ្ឋ​»​។

សេចក្ដីប្រកាស​រួម​គូសបញ្ជាក់ថា បញ្ហា​ឱសថ​ក្លែងក្លាយ​នេះ​ទាមទារ​វិធាន​ការ​ជា​ប​ន្ទា​ន់​ដើម្បី​ប្រយុទ្ធប្រឆាំង​ការជួញដូរ​ផលិតផល​នេះ​តាមរយៈ​ការផ្លាស់ប្ដូរ​ព័ត៌មាន ការសម្របសម្រួល​ពីរ​ដ្ឋ​មួយ​ទៅ​រដ្ឋ​មួយ ក៏ដូចជា​តំបន់​ទាំងមូល​ស្របតាម​ស្មារតី​នៃ​កិច្ចព្រមព្រៀង​ស្ដីពី​បទល្មើស​សុខាភិបាល​។

ប្រទេស​ទាំង​៦​បានប្រកាស​រួមគ្នា​ថា នឹង​បង្កើន​ការ​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​នៃ​ឱសថ​ក្លែងក្លាយ កសាង និង​ពង្រឹង​ការអនុវត្ត​ច្បាប់​ពាក់ព័ន្ធ​បង្កើន​ប្រសិទ្ធភាព​ត្រួតពិនិត្យ​តាម​ច្រកព្រំដែន និង​ពង្រឹង​កិច្ចសហការ​ក្នុង​តំបន់​ជាដើម​។

កិច្ចប្រជុំ​ដ៏​ធំ​មួយ​នេះ​នឹងត្រូវ​ប្រជុំ​សាជាថ្មី​ម្ដងទៀត​នៅ​ឆ្នាំក្រោយ​ដើម្បី​តាមដាន​ការវិវឌ្ឍលទ្ធផល​សម្រេច​បាន​ពាន់​ព័ន្ធ​នឹង​ការ​ប្រយុទ្ធប្រឆាំង​ផលិតផល​ឱសថ​ក្លែងក្លាយ ។​

សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​នៅក្នុង​ពិធី​បើក​សន្និសីទ​អន្តរជាតិ​ថ្នាក់​តំបន់​ស្តីពី «​ការ​ប្រយុទ្ធប្រឆាំង​សថ​ក្លែងក្លាយ​និង​អន់​គុណភាព​» នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភូ​គី​ត្រា​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា​នេះ​ថា បញ្ហា​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព កំពុង​រីក​រាលដាល​និង​ធ្វើ​អាជីវកម្ម​តាម​អនឡាញ​យ៉ាងច្រើន ដែល​គួរ​ឲ្យ​ព្រួយបារម្ភ​ធ្វើ​ឲ្យ​សមត្ថកិច្ច​មានការ​លំបាក​ក្នុង​ការធ្វើការងារ។ ដោយ​សម្ដេច ហ៊ុន សែន លើក​ឡើង​ថា ឱសថ​ក្លែងក្លាយ​និង​ឱសថ​ពិត​ប្រាក​ដ៏ វា​មាន​ភិនភាគ​ស្រដៀង​គ្នា។

សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ថា «​ការរីក​រាលដាល​ជំនួញ​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នេះ អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​រួមមាន តម្លៃ​ឱសថ​ពិតប្រាកដ​និង​ត្រឹមត្រូវ​មានតម្លៃ​ខ្ពស់ យន្តការ​និង​ការគ្រប់គ្រង​ឱសថ​ក្នុង​ពេល​ផលិត និង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​មិនមាន​ប្រសិទ្ធភាព និង​ការបណ្ដុះបណ្ដាល មន្ត្រី​សុខាភិបាល​ស្តីពី​ជំនាញ​ត្រួតពិនិត្យ​គុណភាព​ឱសថ ព្រមទាំង​ការផ្សព្វផ្សាយ​ដល់​ប្រជាជន​ឲ្យ​បាន​យល់ដឹង​ពី​ឱសថ​ក្លែងក្លាយ និង​ការ​ត្រួតពិនិត្យ​ឱសថ​ដោយ​សមត្ថកិច្ច​នៅមានកម្រិត ។ កត្តា​ទាំងអស់​នេះ បា ន​ផ្ដល់ឱកាស​ឲ្យ​ឧក្រិដ្ឋជន អាច​កេង​យក​ប្រយោជន៍​សង្គមជាតិ ហើយ​បាន​គំរាម​កាន់តែ​ធ្ងន់ធ្ងរ​ដល់​សុខមាលភាព និង​អាយុជីវិត​របស់​ប្រជាជន​»​។

​ដើម្បី​ដោះស្រាយ​បញ្ហា​ឱសថ​ក្លែងក្លាយ​នេះ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ស្នើ​បណ្ដា​ប្រទេស​ទាំងអស់​ជួយ​រៀបចំ​និង​ចាត់វិធានការ​កែទម្រង់​ច្បាប់​និង​បទដ្ឋាន​គតិយុត្តិ​នានា​តាម​ការចាំបាច់​របស់​ប្រ ទេស​រៀងៗ​ខ្លួន ដើម្បី​ធានា​ឲ្យ​បាន​នូវ​ក្របខ័ណ្ឌ​ច្បាប់​ដែល​អនុលោម​យន្តការ​អន្តរជាតិ ។ ជាពិសេស​អនុវត្ត​វិធានការ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​ឱសថ​ក្លែងក្លាយ​និង​អន់​គុណភាព ដោយ​ត្រូវ​ផ្ដន្ទាទោស​យ៉ាង​តឹងរ៉ឹង​ចំពោះ​ជនល្មើស និង​ជន​ទាំងឡាយណា​ដែលមាន​ការពាក់ព័ន្ធ​៕