ព័ត៍មានទាន់​ហេតុការណ៏
Search

ព្រឹក​នេះ សម្ដេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ​និយោជិក​ជាង​២​ម៉ឺន​នាក់​ ក្នុង​ខេត្ត​តាកែវ​

តាកែវ​ ៖ នៅ​វេលា​ម៉ោង​៧​ព្រឹក​ ថ្ងៃទី​០៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នេះ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិក​ប្រមាណ​២៣.៤៦៦​នាក់​ទៀត​មកពី​រោងចក្រ សហគ្រាស​ចំនួន​២០ មក​តាម​ស្រុក​នានា​នៅក្នុង​ខេត្ត​តាកែវ។ ពិធី​សំណេះសំណាល​នេះ​នឹង​ធ្វើ​ឡើង​នៅ​ភូមិ​ថ្នល់​ទក្សិណ ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ​។​

រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក អ៊ិត សំហេង បាន​ឲ្យ​ដឹងថា រោងចក្រ សហ​គ្រាស​ទាំង​២០​នេះ មាន​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់​ចំនួន​១៣, ផលិត​ស្បែកជើង​ចំនួន​៦ និង​បោះពុម្ព​លើ​សំលៀកបំពាក់​ចំនួន​១​។ ផលិត​ទាំងអស់​ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ និង​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងប្រទេស​។​

បើតាម​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ បច្ចុប្បន្ន​ខេត្ត​តាកែវ មាន​សហ​គ្រាស គ្រឹះស្ថាន​ចំនួន​១១៤ មាន​កម្មករ និយោជិក​៤៦.៩៩០​នាក់​។ ក្នុងនោះ​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ និង​ផលិត​ស្បែកជើង​មាន​ចំនួន​៣៧ មាន​កម្មករ និយោជិក​ចំនួន​៣៨.១៥៨​នាក់ ដែល​មាន​ប្រាក់​ឈ្នួល​សរុប​ប្រមាណ​ជិត​៩២​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​

លោក អ៊ិត សំហេង បានចាត់ទុក​វត្តមាន​រោងចក្រ សហគ្រាស​នៅក្នុង​ខេត្តតាកែវ គឺជា​ជោគជ័យ ​នៃ​គោលនយោបាយ​ទាក់ទាញ​វិនិយោគ​, ការ​ពង្រាយ​រោងចក្រ​ទៅតាម​បណ្ដា​ខេត្ត​, គោលនយោបាយ​ជាតិ​ស្ដីពី​មុខរបរ និង​ការងារ​, គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម​កម្ពុជា​, គោល​នយោ​បាយ​ស្ដីពី​ការអប់រំ​បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ និង​ក្របខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​។​

សូម​បញ្ជាក់​ថា ដើម្បី​ជំរុញ​វិស័យ​ឧស្សាហកម្ម​ឲ្យ​មាន​សន្ទុះ​ទៅមុខ​កាន់តែ​ខ្លាំងក្លា​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាប់ផ្ដើម​ចុះ​ជួប​សំណេះសំណាល​ដោយ​ផ្ទាល់​ជាមួយ​កម្មករ កម្មការិនី​តាំងពី​ថ្ងៃ​ទី​២០ ខែ​សីហា ឆ្នាំ​២០១៧​។ មកដល់​បច្ចុប្បន្ន​ សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អញ្ជើញ​ជួប​ជាមួយ​កម្មករ និយោជិក​សរុប​ចំនួន​៥៨​លើក ដែល​មាន​អ្នកចូលរួម​សរុប​៨២៤.០៣៤​នាក់​៕