ព័ត៍មានទាន់​ហេតុការណ៏
Search

បើក​ម៉ូតូ​លឿន​មិន​ប្រយ័ត្ន​ បុក​ជាមួយ​រថយន្ត​ឡិច​ស៊ី​ស​ដួល​ប្រកាច់​របួសធ្ងន់​

​ភ្នំពេញ ​៖​ បុរស​២​នាក់ បាន​រងរបួស​ធ្ងន់​ដោយសារតែ​បើក​ម៉ូតូ​ធុន​ធំ​ក្នុង​ល្បឿន​លឿន​មិន​ប្រកាន់​ស្ដាំ​ក៏​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត ឡិច​ស៊ី​ស RX300 កាលពី​វេលា​ម៉ោង​១០​និង​៤០​នាទី​យប់ ថ្ងៃទី​០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវ​ប្រសព្វ​លេខ​៨៨ កែង​មហាវិថី​ព្រះស៊ីសុវត្ថិ ស្ថិត​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​សមត្ថកិច្ច​ជំនាញ​ខណ្ឌ​ដូនពេញ​បាន​ឲ្យ​ដឹងថា នៅ​វេលា​កើតហេតុ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង រវាង​រថយន្ត​ម៉ាក LEXUS RX300 ពាក់​ស្លាក​លេខ ព្រះវិហារ 2A-0222 ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង និង​ម៉ូតូ​ម៉ាក DUKE ពាក់​ស្លាក​លេខ ភ្នំពេញ 1FA-2662 ធ្វើដំណើរ​ពី​លិច​ទៅ​កើត បណ្ដាល​ឲ្យ​អ្នក​បើក និង​អ្នក​ជិះ​ម៉ូតូ របួសធ្ងន់​២​នាក់ ភេទ​ប្រុស ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។

ចំណែក​អ្នកបើកបរ​រថយន្ត បាន​ដាក់​មេ​ប្រូច​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែង​កើតហេតុ មុន​ពេល​សមត្ថកិច្ច​ទៅដល់​។​

​សមត្ថកិច្ច​បាន​បន្តទៀតថា ​គ្រោះថ្នាក់​ចរាចរណ៍​នេះ បណ្ដាលមកពី​ភាព​ធ្វេសប្រហែស​របស់​ភាគី​ម៉ូតូ​ធំ ដែល​បើកបរ​ក្នុង​ល្បឿន​លឿន និង​មិន​ប្រកាន់​ស្ដាំ ទើប​ជ្រុល​ទៅបុក​ជាមួយ​រថយន្ត​ចំ​ចំហៀង​រថយន្ត​ផ្នែក​ខាងឆ្វេង​មុខ​។ គ្រោះថ្នាក់​នេះ ក៏​បណ្ដាល​ឲ្យ​ខូចខាត​រថយន្ត និង​ម៉ូតូ​ធ្ងន់​ផងដែរ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន បានប្រគល់​ឲ្យ​នគរបាល​ចរាចរណ៍​ក្រុង ធ្វើការ​វាស់វែង​យក​ម៉ូតូ និង​រថយន្ត ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕