ព័ត៍មានទាន់​ហេតុការណ៏
Search

ខឹង​គូទំនាស់​ជេរ​ម្រា​យ​គ្មាន​មូលហេតុ វាយ​ក្បាល​នឹង​ត្បូងចប​បែក​ឈាម​របួសធ្ងន់​

ភ្នំពេញ​ ៖ ​ដោយសារ​ខឹង​គូ​ទំនាស់​ជេរ​ម្រាយ​ខ្លួន​អត់​ដឹង​មូលហេតុ​ គាប់​ជួន​ខ្លួន​មាន​កាន់​ចប​នឹង​ដៃ​ផង​នោះ​ ក៏​ស្ទុះ​ទៅ​វាយ​នឹង​ត្បូងចប​បែក​ក្បាល​ហូរ​ឈាម​ស្រោច​ខ្លួន​របួសធ្ងន់​ ហើយ​ជន​ដៃ​ដល់​រត់​ចូល​ទៅ​ពួន​សម្ងំ​ក្នុង​ផ្ទះ​បិទទ្វារ​ជិត ​លុះ​ព្រឹក​ឡើង​ទើប​សមត្ថកិច្ច​ចុះទៅ​ឃាត់ខ្លួន​ កាលពី​វេលា​ម៉ោង​០៥​ព្រឹក​ នា​ថ្ងៃ​ទី​០៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅចំណុច​ផ្ទះ​ជួល​លេខ​៥៣A ​ផ្លូវលំ​ ក្រុម​ទី​៣​ ភូមិ​ដំណាក់​ត្រយឹង​(​បុរី​សន្តិភាព​២) សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនដៃដល់​មាន​ឈ្មោះ វ៉ា​ត់ លី​ណា ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ មាន​ទីលំនៅ​ផ្ទះ​ជួល​លេខ 53 A ក្រុម​ទី៣ ភូមិ​ដំណាក់​ត្រ​យឹ​ង​បុរី​សន្តិភាព២ សង្កាត់​ចោមចៅ​ទី២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

ចំណែក​ជនរងគ្រោះ​មានឈ្មោះ មី ស៊ី វ៉ាន់ ភេទ​ប្រុស​ អាយុ​៤៨​ឆ្នាំ ​មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​លេខ 535E ភូមិ​ដំណាក់​ត្រ​យឹ​ង​(​បុរី​សន្តិភាព២)​ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ មាន​ស្នាមរបួស​បែក​ចិញ្ចើម​ខាងស្ដាំ​រង​របួស​ធ្ងន់​ បន្សល់ទុក​ចបកាប់​ចំនួន​មួយ​នៅនឹងកន្លែង​កើតហេតុ​។​

សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ល្ងាច​ថ្ងៃ​ទី​០៦ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ មុនពេល​កើតហេតុ​ជនសង្ស័យ​បាន​ត្រឡប់​មកពី​រកត្រី​វិញ​ លុះ​ពេល​មកដល់​ផ្ទះ​ជួល​ភ្លាម ​ពេលនោះ​ជនសង្ស័យ​ឃើញ​ជនរងគ្រោះ​ស្រវឹងស្រា​ ហើយ​ឈរ​ស្រែកជេរ​ឪពុកម្ដាយ​របស់ខ្លួន​ ក៏​ខឹង​ពេក​មិនដឹង​ធ្វើ​ម៉េច ដោយមាន​ចបកាប់​នៅ​នឹង​ដៃ​ស្រាប់​ផង​នោះ បាន​ទាញយក​ចបកាប់​ចូលទៅ​វាយ​លើ​ជនរងគ្រោះ​បណ្ដាល​ឲ្យ​បែក​ក្បាល​របួស​បែក​ឈាម​ស្រោច​ខ្លួន ពេល​វាយ​គេ​រួច ជនសង្ស័យ​រត់​ចូលទៅ​ក្នុងផ្ទះ​ចាក់សោ​ជាប់ ​រហូតដល់​វេលា​ម៉ោង០៥ព្រឹក ​ថ្ងៃទី​០៧ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ទើប​ឪពុក​ជនរងគ្រោះ​បើកទ្វារ​ផ្ទះ​ហៅ​ជនសង្ស័យ​ចេញពីផ្ទះ​ប្រគល់​ខ្លួន​ជូន​សមត្ថ​កិច្ចចាត់ការ​តាមច្បាប់​តែម្ដង​។​

បច្ចុប្បន្ន​ ជនសង្ស័យ​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោមចៅ​ទី២​ឃាត់ខ្លួន ​រួមទាំង​វត្ថុតាង​យកមក​សួរនាំ​នៅ​ប៉ុស្តិ៍​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅកាន់​ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌ ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី។