ព័ត៍មានទាន់​ហេតុការណ៏
Search

ខំ​ស្កាត់​មកពី​កំពង់សោម​ ជួប​មិត្ត​ចាស់ៗ​នៅ​ភ្នំពេញ​ ពេល​ផឹកស៊ី​ទាស់​ពាក្យសំដី ​ត្រូវ​គេ​កាប់​របួស

ភ្នំពេញ ៖ បុរស​ម្នាក់​ដែល​គេ​ដឹងថា​ខំ​ស្កាត់​មកពី​ក្រុងព្រះសីហនុ​មកលេង​ភ្នំពេញ ហើយ​បា​ន​​បបួល​មិត្តភ័ក្ដិ​ចាស់ៗ​ផឹកស៊ី​ លុះ​ពេល​ស្រវឹង​បែ​រជា​ទាស់​ពាក្យសម្ដី​គ្នា ​ក៏​ត្រូវគេ​ទាញ​កាំបិតបុ័ងតោ​កាប់​ចិញ្ច្រាំ​ស្ទើរ​ស្លាប់ បង្ក​ការភ្ញាក់ផ្អើល​ឡើង​នៅវេលា​ម៉ោង​៨​និង​៣៥​នាទី​យប់ ថ្ងៃទី០​៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៥ នៅ​ចំណុច​បារ​ចតុមុខ ស្ថិតនៅក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។​

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ជនរងគ្រោះ​មកពី​ខេត្ត​ព្រះសីហនុ ហើយ​មកលេង​ភ្នំពេញ ដោយ​ពីមុន​ជនរងគ្រោះ​គាត់​ធ្លាប់​រស់នៅ​ចំណុចកើតហេតុ​ខាងលើ​នេះដែរ ដោយ​បែក​គ្នា​យូរ​មានការ​នឹករលឹក​មិត្តភ័ក្ដិ​ចាស់ៗ ក៏​មក​បបួល​ផឹកស៊ី​ជុំគ្នា​ម្តង​។

​ប្រភព​ព័ត៌មាន​បន្តថា លុះ​ផឹកស៊ី​ស្រវឹង​រៀងៗ​ ខ្លួន​មិនដឹង​ជាមាន​បញ្ហា​អ្វី​ទេ ត្រូវ​មិត្តភ័ក្ដិ​ដែល​ផឹក​ជា​មួយគ្នា​ទាញ​កាំបិតបុ័ងតោ​មក​កាប់​ជាច្រើន​កាំបិត បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ក្បែរ​ខាង និង​សមត្ថកិច្ច​ចេញមក​ជួយ​ធ្វើ​អន្តរាគមន៍​ផងដែរ​។​ ចំណែក​ក្រុម​ជន​ដៃដល់​ក៏បាន​រត់​គេចខ្លួនបាត់​អស់​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ សុភាព ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ស្នាក់នៅ​មិន​ពិត​ប្រាកដ ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើ​កំណត់ហេតុ និង​បាន​ហៅ​រថយន្ត​សង្គ្រោះ​មក​ដឹកយក​ជនរងគ្រោះ​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​ផងដែរ​៕