ព័ត៍មានទាន់​ហេតុការណ៏
Search

កម្ពុជា​ នឹង​ប្រារព្ធ​ពិធី​បំបែក​កំណត់ត្រា ទូក ង វែង​ជាងគេ​នៅលើ​ពិភពលោក ​នៅ​ដើម​សប្ដាហ៍​ក្រោយ​នេះ

ភ្នំពេញ ​៖​ លោក ស សុខា អនុប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​សស​យក​) និង​ជា​ប្រធាន​គណៈកម្មការ​ផលិត​ទូក ង វែង​ជាងគេ​លើ​ពិភពលោក​បានឲ្យ​ដឹង​ថា ​កម្ពុជា​នឹង​ប្រារព្ធ​ពិធី​បំបែក​កំណត់​ត្រា​ទូកង​វែង​ជាងគេ​នៅ​លើ​ពិភពលោក​ នា​ថ្ងៃទី​១២​ ខែវិច្ឆិកា ​ឆ្នាំ​២០១៨ ​ដើម​សប្ដាហ៍​ក្រោយ​នេះ​ នៅ​តំបន់​ត្រើយ​ខាងកើត​អ្នក​លឿង​ ក្រោម​អធិបតីភាព​សម្ដេច​ក្រឡា​ហោម ស ខេង ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ លោក ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា តំណាង Guinness World Records និង​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​សិស្ស និស្សិត​ ព្រមទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត។​
​ ​
ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ពិធី​បំបែក​កំណត់ត្រា​ទូកង​វែង​ជាងគេ​នៅ​លើ​ពិភពលោក​
​កាលពី​ព្រឹក​ថ្ងៃទី​០៧​ ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨ ​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​លោក ស សុខា​បាន​ឲ្យ​ដឹង​ថា សន្និសីទ​សារព័ត៌មាន​នា​ពេល​នេះ​ធ្វើឡើង​ក្នុង​គោលបំណង ដើម្បី​បង្ហាញ​ពី​ការផលិត ទូក ង​ និង​ត្រៀមខ្លួន​រៀបចំ​ពិធី​បង្ហាញ​វត្តមាន ទូក ង វែង​ជាងគេ​នៅ​លើ​ពិភពលោក ដើម្បី​បំបែក​កំណត់ត្រា​ពិភព​លោក Guiness World records នៅ​ថ្ងៃទី​១២​វិច្ឆិកា​ខាងមុខនេះ​។

នេះ​គឺជា​លើក​ទី​៤​ហើយ​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​បានរៀបចំ​បំបែក​កំណត់ត្រា​ពិភព​លោក​ បន្ទាប់ពី​លើក​ទី​១​-បាន​បំបែក​ការ​ធ្វើ​នំអន្សម​យក្ស​ដែល​ធំ​ជា​គេ​លើ​លោក។ ទី​២-ការ​រាំ​ចង្វាក់​ម៉ា​ឌី​ហ្សូ​ន ដែល​មាន​មនុស្ស​រាំ​រហូតដល់​២០១៧​នាក់​ និង​ទី​៣​-ការ​ត្បាញ​ក្រមា​ដែល​វែង​ជា​គេ​នៅលើ​ពិភពលោក​។​

​លោក​បាន​បន្តថា​ ការធ្វើ​ទូកង​វែង​ជាងគេ​ដើម្បី​បំបែក​កំណត់ត្រា​ទូក​មួយ​ដែល​វែង​ជាងគេ​នៅ​លើ​ពិភពលោក​នេះ​ គឺ​ចង់​បង្ហាញ​ដល់​ពិភពលោក​ថា​ កូន​ខ្មែរ​ពិតជា​រួបរួមសាមគ្គី​គ្នា​ នឹង​អាចធ្វើ​បាន ​និង​បង្ហាញ​អំពី​សក្ដានុពល​ទេសចរណ៍​ជាច្រើន​ផ្សេងទៀត​របស់​កម្ពុជា​នៅលើ​ពិភពលោក​ផងដែរ​។​

លោក ស សុខា បាន​បញ្ជាក់ថា គិត​ចាប់តាំងពី​ដំណើរ​ធ្វើ​រហូតមកដល់​លេចចេញ​ជា​រូបរាង​ទូក​ជា​ស្ថាពរ​នេះ គឺមាន​រយៈពេល​ជិត​៧​ខែ​មកហើយ ពោល​គឺមាន​ចំនួន​១៩២​ថ្ងៃ​។​

​លោក​បាន​បន្តថា​ បន្ទាប់ពី​ពិធី​បំបែក​កំណត់ត្រា​នៅ​ថ្ងៃទី​១២​វិច្ឆិកា​រួច ទូក ង វែង​ជាងគេ​លើ​ពិភព​លោក នឹង​បន្ត​ធ្វើ​ដំណើរ​មកកាន់​រាជធានី​ភ្នំពេញ​ ដើម្បី​បង្ហាញខ្លួន​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ដើម្បី​ដាក់តាំង​បង្ហាញ​ដល់​សាធារណជន បាន​ទស្សនា និង​ថតរូប​ទុកជា​អនុស្សាវរីយ៍ នៅ​វាល​ព្រះមេរុ រយៈ​៧​ថ្ងៃ​ ទៅ​១០​ថ្ងៃ​។

លោក​បាន​បន្ថែមថា ​បន្ទាប់​ពី​បង្ហាញខ្លួន​នៅក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​រួច​ហើយ ទូក ង វែង​ជាងគេ នឹង​ត្រូវ​យកទៅ​ទុក​នៅ​ខេត្ត​ព្រៃវែង​វិញ ហើយ​នឹង​សាងសង់​សារមន្ទីរ​នៅ​ក្នុង​ខេត្ត ដើម្បី​តម្កល់ទុក​ទូក ង វែង​ជាងគេ​នេះ​ផងដែរ​។​

គួរ​បញ្ជាក់ថា ទូក ង ដែល​កម្ពុជា​ធ្វើ ដើម្បី​បំបែក​ឯកទគ្គកម្ម​ពិភពលោក មាន​បណ្ដោយ​ប្រវែង​៨៧,៣ ម៉ែត្រ និង​ទទឹង​១,៩៤​ម៉ែត្រ ជម្រៅ​០,៨​ម៉ែត្រ ផ្ទុក​ចំណុះ​ទូក​ចំនួន​១៧៩​នាក់ ព្រមទាំង​ក្បូរ​ក្បាច់រចនា​ដ៏ ប្រណិត​របស់​ខ្មែរ​សម័យអង្គរ ដោយ​ប្រើប្រាស់​ពេលវេលា​ធ្វើ​រយៈពេល​១៩២​ថ្ងៃ​។​

ទូក ង​ វែង​ជាងគេ​លើ​ពិភពលោក​នេះ ក៏​ត្រូវ​បាន​ប្រសិទ្ធិនាម​ថា “​កម្ពោជិក​បុត្តា​ខេមរា​តរី​” ដែល​មាន​ន័យ​ថា “​ទូកង​របស់​កូន​ខ្មែរ​រស់នៅ ក្នុង​ដែនដី កម្ពុជា​”​។ ទូក ង នេះ​ដែរ មានការ​ចូលរួម​ឈូសឆាយ ចាំង​ឈើ និង​គាំទ្រ ពី​សំណាក់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្ស និស្សិត ស​.​ស​.​យ​.​ក ព្រមទាំង​ប្រជា​ពល​រដ្ឋ​ប្រមាណ​ជាង​១៤.០០០​នាក់ ទូទាំង​ប្រទេស​កម្ពុជា​៕​