ព័ត៍មានទាន់​ហេតុការណ៏
Search

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ អនុញ្ញាត​ឲ្យ​ក្រុមហ៊ុន​ថ្មី​ចំនួន​៧​ដំណើរការ​ដែល​មាន​ទុន​វិនិយោគ​សរុប​ជាង​៨០​លាន​ដុល្លារ

​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ដែល​ហៅ​កាត់​ថា​CDC​ បានសម្រេច​ចេញ​វិញ្ញាបនបត្រ ចុះបញ្ជី​ជា​ស្ថាពរ ជូន​ដល់​ក្រុមហ៊ុន​ចំនួន​៧ ដើម្បី​វិនិយោគ​លើ​គម្រោង​បើក​រោងចក្រ សណ្ឋាគារ និង​កសិដ្ឋាន​ចំនួន​៧​គម្រោង​ដែល​សរុប​ទុន​វិនិយោគ​មាន​ជាង​៨០​លាន​ដុល្លារ​អាមេរិក​ ដោយ​បង្កើត​ការងារ​ថ្មី​ជូន​ប្រជាជន​ជាង​២​ពាន់​កន្លែង​។​
​ ​
យោងតាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​ឲ្យ​ដឹងថា ​ក្រុមហ៊ុន​ថ្មី​ចំនួន​៧​ដែល​ទទួល​បាន​ការអនុញ្ញាត​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​នោះ​រួមមាន ​១-ក្រុមហ៊ុន KAUSU EAH LEO BM JOINT STOCK CO.,LTD ៖ គម្រោង​បង្កើត​កសិដ្ឋាន​ដាំ​ដំណាំ​ក​សិ​-​ឧស្សាហកម្ម (​ដាំ​កៅស៊ូ​) និង​រោងចក្រ​កែច្នៃ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ឃុំ​សេ​ដា ស្រុក​លំផាត់ ខេត្ត​រតនគិរី មាន​ទុនវិនិយោគ​ប្រមាណ​៤៣.៦៤​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១,១៤០​កន្លែង​។​ ២-ក្រុមហ៊ុន TJN PROPERTIES CO.,LTD: គម្រោង​សាងសង់ និង​អាជីវកម្ម​សណ្ឋាគារ​ថ្នាក់​ផ្កាយ​៥ ចំនួន​២៣០​បន្ទប់ និង​រី​សត ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន​១៥​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៣១៥​កន្លែង​។ ៣-ក្រុមហ៊ុន ASIAN DI YI DIAN LAN CO.,LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែ​អគ្គិសនី​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​រកា ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​២.០៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១៣៣​កន្លែង​។ ៤-ក្រុមហ៊ុន GRAND PRODUCTION CO., LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿង​សង្ហារិម​គ្រប់​ប្រភេទ ដែល​មាន​ទីតាំង​វិនិយោគ ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៤ ភូមិ​ស្វាយជ្រំ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល មាន​ទុន​វិនិយោគ​ប្រមាណ​៣.៤២​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​២៤៩​កន្លែង​។ ៥-ក្រុមហ៊ុន CREDSTAR WASHING & PROCESSING CO.,LTD: គម្រោង​បង្កើត​រោងចក្រ​បោក​គក់ និង​ជ្រលក់​ពណ៌ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ផ្លូវជាតិ​លេខ​៣ ភូមិ​ក្រាំង​ទ្រា ឃុំ​ព្រះនិព្វាន ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ទុន​វិនិយោគ​ប្រមាណ​២.១០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​១៨៤​កន្លែង​។ ៦-ក្រុមហ៊ុន PCAM BEVERAGE CO.,LTD: គម្រោង​វិនិយោគ​បង្កើត​រោងចក្រ​ផលិត​ភេសជ្ជៈ និង​ទឹកបរិសុទ្ធ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ពោធិ៍​សែន​ជ័យ (​អតីត​ខណ្ឌ​ព្រែក​ព្នៅ​) រាជធានី​ភ្នំពេញ មាន​ទុន​វិនិយោគ​ប្រមាណ​១១.៦០​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៤២០​កន្លែង​ និង​៧-ក្រុមហ៊ុន Y SENG CO.,LTD: គម្រោង​បង្កើត​រោងចក្រ​ផលិត​បារី ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​អូរ​តាសេក ឃុំ​អូរ​ឧកញ៉ា​ហេង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ មាន​ទុន​វិនិយោគ​ប្រមាណ​២.២៨​លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​៣១២​កន្លែង (​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បានសម្រេច​ឯកភាព​ឲ្យ​ធ្វើ​ការ​វិនិយោគ តែ​ពុំ​មាន​ការ​លើកទឹកចិត្ត​)៕​