ព័ត៍មានទាន់​ហេតុការណ៏
Search

មនុស្ស​ប្រាំមួយ​នាក់ ​ត្រូវ​ចាប់ខ្លួន ​បន្ទាប់ពី​ដុត​រូបតំណាង​ចំអក​ឲ្យ​គ្រោះមហន្តរាយ​អគ្គិភ័យ​ទីក្រុង​ឡុង​ដ៍

ប៉ូលិស​អង់គ្លេស​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បុរស​ចំនួន​៦​នាក់​ ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​វីដេអូ​មួយ​ដែល​បង្ហាញ​ពី​ក្រុមមនុស្ស​នាំគ្នា​សើច​ ខណៈ​ដុត​គំរូ​នៃ​អគារ Grenfell Tower ។​

ប្លុក​ផ្ទះល្វែង​នៅ​ទីក្រុង​ឡុង​ដ៍​បាន​ឆាបឆេះ​កាលពី​ខែមិថុនា​ឆ្នាំមុន​ដោយ​ឆក់យក​ជីវិត​មនុស្ស​ចំនួន​៧១​នាក់​។ វា​ជា​អគ្គិភ័យ​ឆេះ​លំនៅដ្ឋាន​ដ៏​អាក្រក់​បំផុត​របស់​ប្រទេស​អង់គ្លេស​ចាប់តាំងពី​សង្គ្រាម​លោក​លើក​ទី​២​មក​។​

វីដេអូ​ឃ្លី​ប​ដែល​បង្ហោះ​តាម​អន​ឡាញ​មួយ​នេះ​បានបង្ហាញ​ពី​រូបតំណាង​ដ៏​ធំ​មួយ​ដោយមាន​សរសេរ​ឈ្មោះថា “Grenfell Tower” ដែលមាន​រូប​មនុស្ស​ក្រដាស​នៅតាម​បង្អួច​ហើយ​ត្រូវបាន​គេ​ដាក់​ដុត​នៅលើ​រងើកភ្លើង​។ សំឡេង​សើច​សប្បាយ​ត្រូវបាន​គេ​ឮ​។​

ប៉ូលិស​ក្រុង​ឡុង​ដ៍​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​មនុស្ស​ទី​៦​ត្រូវបាន​ចាប់ខ្លួន​ដោយសារតែ​សង្ស័យ​ពីបទ​ល្មើស​សណ្តាប់ធ្នាប់​សាធារណៈ​ជាប់ទាក់ទង​ជាមួយ​ការស៊ើបអង្កេត​មួយ​ចូលទៅក្នុង​វីដេអូ​ដែល​បង្ហោះ​តាម​អ៊ីនធឺណិត​ដែល​បង្ហាញ​ពី​គំរូ​នៃ​អគារ Grenfell Tower កំពុង​ឆាបឆេះ​”​។​

បុរស​ទាំងអស់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ពួកគេ​បានប្រគល់​ខ្លួន​នៅ​ភាគខាងត្បូង​ទីក្រុង​ឡុង​ដ៍​កាលពី​ថ្ងៃ​ចន្ទ​និង​ថ្ងៃ​អង្គារ​។​

នៅក្នុង​វីដេអូ​នេះ អ្នក​ឈរ​មើល​អាច​ត្រូវបាន​គេ​ឮ​និយាយថា “​ជួយ​ខ្ញុំ​ផង​! ជួយ​ខ្ញុំ​ផង​!”, “​លោត​ចេញពី​បង្អួច​ទៅ​!” និង “​នោះ​ហើយ​ជា​អ្វីដែល​កើតឡើង​នៅពេល​ពួកគេ​មិន​បង់ថ្លៃ​ឈ្នួល​”​។​

អង្គការ Grenfell United សម្រាប់​អ្នក​រស់រានមានជីវិត​និង​អ្នក​ដែល​ត្រូវ​គ្រួសារ​ស្លាប់ចោល​បាន​បង្ហោះ Twitter ថា “​វា​គឺជា​វីដេអូ​ដ៏​គួរ​ឲ្យ​ខ្ពើមរអើម​។ វា​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​អ្នក​រស់រានមានជីវិត​និង​អ្នក​ដែល​បាត់បង់​គ្រួសារ​មានការ​អាក់អន់ចិត្ត​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​វា​ថែមទាំង​ជាការ​ស្អប់ខ្ពើម​និង​ប្រមាថ​ដល់​មនុស្ស​គ្រប់គ្នា​ដែល​រង​ផលប៉ះពាល់​ផងដែរ​”​។​

រងើកភ្លើង​មាន​លក្ខណៈ​ប្រពៃណី​ក្នុង​ចក្រភព​អង់គ្លេស​នៅ​ថ្ងៃទី​៥​ខែវិច្ឆិកា​ដែលជា​ការ​រំលឹក​ដល់​ផែនការ​មួយ​ដើម្បី​បំផ្ទុះ​សភា​ក្នុង​ឆ្នាំ​១៦០៥​ប៉ុន្តែ​ផែនការ​នោះ​ត្រូវ​បរាជ័យ​។ រូបតំណាង​របស់​អ្នក​រៀប​គម្រោង​ឈ្មោះ Guy Fawkes ត្រូវបាន​គេ​ដុត​៕ AFP