ព័ត៍មានទាន់​ហេតុការណ៏
Search

លោក Pompeo ពន្យារពេល​ពិភាក្សា​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង

ក្រសួងការបរទេស​អា​មេ​រិ​កបាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា លោក​រដ្ឋមន្ត្រី Mike Pompeo បាន​លុបចោល​ផែនការ​ទៅ​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​រប​ស់​កូរ៉េខាងជើង​ដែល​រួមមាន​ទាំង​ជំនួយការ​កំពូល​ម្នាក់​របស់​មេដឹកនាំ​គីម​ជុង​អ៊ុន​ផងដែរ​ហើយ​។​

អ្នកនាំពាក្យ​ក្រសួងការបរទេស​លោក​ស្រី Heather Nauert បាន​និយាយថា កិច្ចពិភាក្សា​រវាង​អ្នកការទូត​ជាន់ខ្ពស់​របស់លោក​ប្រធានាធិបតី Donald Trump និង​គណៈប្រតិភូ​កូរ៉េខាងជើង​ដែល​គ្រោង​នឹងធ្វើ​ឡើង​ក្នុង​ទីក្រុង​ញូវយ៉ក​នៅ​ថ្ងៃ​ព្រហស្បតិ៍​គឺ​នឹងត្រូវ​ធ្វើឡើង​នៅ​ថ្ងៃក្រោយ​វិញ​។​

លោកស្រី​បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​យើង​នឹង​ធ្វើការ​សាជាថ្មី​ឡើងវិញ​នៅពេលដែល​កាលវិភាគ​របស់​យើង​អនុញ្ញាត​”​។​

ការប្រកាស​នេះ​បាន​ធ្វើឡើង​ត្រឹមតែ​មួយថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​ក្រុមមន្ត្រី​បាន​និយាយថា លោក Pompeo និង​លោក Kim Yong Chol ដែលជា​ដៃស្ដាំ​របស់​មេដឹកនាំ​កូរ៉េខាងជើង​នឹង​ពិភាក្សា​អំពី​ភាពជឿនលឿន​នៃ​ការសម្រេចបាន​ក្នុង​ដំណើរការ​ឆ្ពោះទៅរក​ការរំសាយ​នុយក្លេអ៊ែរ​ចាប់តាំងពី​កិច្ចប្រជុំ​កំពូល​ជា​ប្រវត្តិសាស្ត្រ​មួយ​កាលពី​រដូវក្តៅ​។​

ថ្វីបើ​លោក Trump មាន​ពាក្យពេចន៍​កក់ក្តៅ​ចាប់តាំងពី​លោក​បាន​ជួប​ជាមួយ​លោក​គីម​ជុង​អ៊ុន​នៅក្នុង​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមិថុនា​ក៏ដោយ​ប៉ុន្តែ​រដ្ឋបាល​របស់លោក​បាន​ធ្វើ​ឲ្យ​ក្រុង​ព្យុងយ៉ាង​ខឹងសម្បា​ដោយ​ការរក្សា​ទណ្ឌកម្ម​លើ​របប​នេះ​។​

ក្រសួងការបរទេស​កូរ៉េខាងជើង​បាន​ព្រមាន​ថា ក្រុង​ព្យុងយ៉ាង​នឹង “​ពិចារណា​យ៉ាង​យកចិត្តទុកដាក់​” លើ​ការសើរើ​ឡើងវិញ​នូវ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​លុះត្រាតែ​ទណ្ឌកម្ម​ត្រូវបាន​ដកចេញ​។​

ក្នុងការ​ប្រកាស​អំពី​ជំនួប​ជាមួយ​លោក Kim Yong Chol, លោក Pompeo បាន​និយាយថា លោក​រំពឹងថា​នឹងមាន “​ការរីកចម្រើន​ជាក់ស្តែង​” មួយចំនួន​រួមទាំង​ការដាក់​មូលដ្ឋានគ្រឹះ​សម្រាប់​កិច្ចប្រជុំ​កំពូល​លើក​ទី​ពីរ​រវាង​លោក Trump និង​លោក​គីម​ជុង​អ៊ុន​ផងដែរ​៕ AFP